ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសន្តិភាពលីប៊ីនៅសប្តាហ៍ក្រោយ

ចែករំលែក៖

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ អង្គការសហប្រជាជាតិបានប្រកាសថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំស្វែងរកសន្តិភាពនៅលីប៊ី ដែលកម្មវិធីនេះគ្រោងធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។ ការឈានដល់ចុះកិច្ចព្រមព្រៀងសន្តិភាពពិតជាមានការចាំបាច់ខ្លាំងណាស់ ។

ការប្រកាសខាងលើនេះបានធ្វើឡើងបន្ទាប់ពីមានការពិភាក្សារយៈពេលពីរថ្ងៃស្ថិតនៅតំបន់ Skhirat ជិតរដ្ឋធានីប្រទេសម៉ារ៉ុក ក្នុងគោលបំណងពិនិត្យបញ្ចប់លើកិច្ចព្រមព្រៀង ក៏ដូចជារៀបចំរបៀបវារៈក្នុងកិច្ចពិភាក្សាសន្តិភាព ។ ប្រទេសលីប៊ីមានរដ្ឋាភិបាល និងរដ្ឋសភា២ប្រឆាំងគ្នា ។ ប្រទេសនេះមានការបែងចែកទឹកដីគ្នា ក្រោយពីសហគមន៍អន្តរជាតិបានជួយដល់ការផ្តួលរលំរបបផ្តាច់ការ Moamer Gadhafi ក្នុងឆ្នាំ២០១១ ។

តំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសន្តិភាពប្រទេសលីប៊ី លោក Bernardino Leon បានថ្លែងថា លោកមានការសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលគាំទ្រដោយក្រុមអិស្លាមនិយម មានមូលដ្ឋាននៅក្នុងទីក្រុងទ្រីប៉ូលីនោះ នឹងចូលរួមកិច្ចពិភាក្សាសន្តិភាពដែលគ្រោងធ្វើឡើងនៅទីក្រុងហ្សឺណែវ សប្តាហ៍ខាងមុខនេះ បន្ទាប់ពីក្រុមនេះបានបដិសេធចូលរួមពិភាក្សាកាលពីលើកមុនៗធ្វើឡើងនៅតំបន់ Skhirat នោះ ។

ហេតុដូច្នេះហើយ បានជាអង្គការសហប្រជាជាតិបញ្ជាក់ថា កិច្ចប្រជុំដែលគ្រោងធ្វើឡើងនៅថ្ងៃខាងមុខនេះ គឺជាកិច្ចប្រជុំពិភាក្សាស្វែងរកសន្តិភាពមួយដែលធ្វើឡើងក្នុងបរិយាកាសវិជ្ជមាន និងប្រកបដោយការស្ថាបនា ហើយអ្នកដែលចូលរួមក្នុងកិច្ចពិភាក្សាសន្តិភាពនេះមានការយោគយល់គ្នា និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាសម្រេចចុងក្រោយតែម្តង ។

សេចក្តីថ្លែងការណ៍អង្គការសហប្រជាជាតិបញ្ជាក់ថា យើងបានដឹងយ៉ាងច្បាប់ពីកិច្ចការរបស់ពួកគេ គឺខិតខំប្រឹងប្រែងដើម្បីសន្តិភាព បញ្ចៀសជម្លោះយោធា និងកម្លាំងប្រដាប់អាវុធ នៅក្នុងប្រទេសលីប៊ី និងរួបរួមគ្នា ។ អ្នកចូលរួមចរចាសន្តិភាពសុទ្ធតែបានយល់យ៉ាងច្បាស់អំពីកិច្ចការនេះ។ កិច្ចពិភាក្សាផ្តោតទៅលើការជំរុញឲ្យមានការព្រមព្រៀងខាងផ្លូវនយោបាយបញ្ចប់ជម្លោះក្នុងប្រទេសលីប៊ីនាប៉ុន្មានថ្ងៃខាងមុខ ៕

295778_58814800

r344


ចែករំលែក៖