ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌពោធិសែនជ័យ នឹងចាត់វិធានការ ក្រុមអ្នកទារលុយខុសច្បាប់នៅមុខរោងចក្រដេរស្បែកជើងសាន់វែល

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋនូវទង្វើមិនសមហេតុផលរបស់បុគ្គលិកសហជីព៣នាក់ដើរទារលុយថ្លៃតូបពីអាជីវករលក់ដូរនៅមុខរោងចក្រដេរស្បែកជើងសាន់វែលចំនួន៦០ដុល្លារមួយខែតាមបញ្ជាប្រធានរោងចក្រនោះ បានធ្វើឲ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ មានប្រតិកម្មយ៉ាងខ្លាំងដោយសន្យាថានឹងចាត់វិធានការរឿងនេះ។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ បានប្រាប់ ឱ្យដឹងថា លោកមិនបានដឹងរឿងនេះទេតែប្រសិនជា ប្រធានរោងចក្រដេរស្បែកជើងសាន់វែលបញ្ជា ឱ្យបុគ្គលិកសហជីពរបស់ខ្លួន៣នាក់ដើរទារលុយពីក្រុមអាជីវករដែលលក់ នៅមុខរោងចក្រក្នុងមួយតូបចំនួន៦០ដុល្លារនោះមែនលោកគិតថាអ្នកលក់លើចិញ្ចើមផ្លូវនោះ ក៏ខុសច្បាប់ អ្នកដើរទារលុយនោះ ក៏ខុសច្បាប់ដែរ ដូច្នេះ លោកនឹងចាត់ការរឿងនេះក្នុងពេលឆាប់ៗនេះហើយ។

ប្រភពព័ត៌មានពីអាជីវករលក់ដូរនៅមុខរោងចក្រដេរស្បែកជើងសាន់វែលបានឲ្យដឹងថា កាលពី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ នៅតាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានប្រធានរដ្ឋបាលរោងចក្រមយយនេះ បានបញ្ជាឱ្យបុគ្គលិកសហជីព៣នាក់ ដើរទារលុយពីអ្នកលក់ ខោអាវ ស្បែកជើង នៅមុខរោងចក្រក្នុង១តូបតម្លៃ៦០ដុល្លារ ដែលទាំងអស់មាន១០តូប ហើយបើអ្នកលក់ណាមិនព្រមបង់លុយតាមចំនួនកំណត់ទេ ប្រធានរដ្ឋបាលនឹងបញ្ជាឱ្យសន្តិសុខដេញចេញ មិនឱ្យលក់តទៅទៀតទេ។ក្រុមអាជីវករបានបន្តថា ការពិតពួកគាត់មិនបានលក់ដូរក្នុងដីរោងចក្រទេ គឺលក់លើចិញ្ចើមផ្លូវរឿងអីបង់ថ្លៃតូបឲ្យរោងចក្រ? ជារៀងរាល់ខែ ឲ្យតែមកដល់ថ្ងៃទី២០ ពួកគាត់ត្រូវបង់លុយឱ្យទៅឲ្យបុគ្គលិកសហជីពក្នុងរោងចក្រ ឈ្មោះ ចិត្រ ឈ្មោះ វឿន និងម្នាក់ទៀត មិនស្គាល់ឈ្មោះទេ។ ចំណែកប្រធានរដ្ឋបាលមាន ឈ្មោះ អាម៉ី ហៅស្រីស្រស់ ជាអ្នកទទួលយកលុយនេះ។

ទាក់ទិនរឿងរ៉ាវខាងលើនេះនគរវត្តមិនអាចទាក់ទងទៅតំណាងរោងចក្រខាងលើដើម្បីសុំការបំភ្លឺ បានទេ ពីព្រោះគេមិនអនុញ្ញាតឲ្យចូលសួរនាំនិងមិនផ្តល់លេខទូរស័ព្ទ៕ ប្រាថ្នា

sencheay


ចែករំលែក៖