ព័ត៌មានទាន់ហេតុការណ៍៖

លោក នង ម៉េងហ៊ាង ចុះផ្សព្វផ្សាយប្រកាសរបស់ក្រសួងក្នុងការកំណត់តំបន់ផ្ទុះជំងឺជ្រូកត្រចៀកខៀវនៅស្រុកជើងព្រៃ

ចែករំលែក៖

ខេត្តកំពង់ចាម; នៅថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០១៥ មន្ត្រីជំនាញរបស់មន្ទីរកសិកម្មខេត្តកំពង់ចាម ដឹកនាំដោយ លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានចុះផ្សព្វផ្សាយប្រកាសរបស់ក្រសួងក្នុងការកំណត់តំបន់ផ្ទុះជំងឺជ្រូកត្រចៀកខៀវ ហើយចែកនិងបាញ់ថ្នាំសំលាប់មេរោគនៅស្រុកជើងព្រៃ។

លោក នង ម៉េងហ៊ាង បានឲ្យដឹងថា ចំពោះប្រកាសរបស់ក្រសួងក្នុងខេត្តកំពង់ចាមត្រូវបានកំណត់តំបន់ជំងឺជ្រូកត្រចៀកខៀវ(PRRS)ពីកន្លែងគឺទី១ស្ថិតនៅភូមិប្របឹង ឃុំស្តើងជ័យ ស្រុកជើងព្រៃ និង ទី២ក្នុងភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃដូចគ្នា ហើយមន្ត្រីជំនាញបានចុះទៅផ្សព្វផ្សាយនិងចាត់វិធានការជីវសុវត្ថិភាពនៅតាមកសិដ្ឋាន កន្លែងចញ្ចឹមជ្រូកក្នុងតំបន់ផ្ទុះជំងឺទាំងនោះ និងផ្អាកបណ្តោះអាសន្ន ការទិញការលក់រឺការដឹកជញ្ជូនជ្រូករស់ ចូលចេញ រឺឆ្លងកាត់ក្នុងរង្វង់កាំប្រវែងមួយគីឡូម៉ែត្រពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ ។ លោកបន្តថាចំណែកតំបន់ត្រូវការពារ តាមដានសិក្សាស្រាវជ្រាវក្នុងរយះពេល៣០ថ្ងៃនិងត្រូវត្រួតពិនិត្យឃ្លាំមើលចលនាជ្រូករស់ជាប្រចាំក្នុងរង្វង់កាំដប់គីឡូម៉ែត្រពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ ។

លោកក៏បានបញ្ជាក់ដែរថា ក្នុងករណីម្ចាស់កសិដ្ឋានរឺប្រជាពលរដ្ឋចង់ចញ្ចឹមជ្រូកសាច់រឺជ្រូកពូជនៅក្នុងតំបន់ផ្ទុះជំងឺជ្រូកត្រចៀកខៀវត្រូវរាយការណ៍មកបសុពេទ្យ ដើម្បីចាត់វិធានការជីវសុវត្ថិភាពនិងសំលាប់មេរោគស្របតាមវិធានការបច្ចេកទេសជាមុនសិន រហូតដល់តំបន់នេះត្រូវបានប្រកាសរំសាយជំងឺជ្រូកត្រចៀកខៀវដោយប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទជាថ្មី ៕ វណ្ណះ

photo 4

photo 3

photo 2

photo 1

photo 5


ចែករំលែក៖