ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះគ្មានមនុស្សបើកអាមេរិកវាយប្រហារសម្លាប់ក្រុមឧទ្ទាមលីបង់១៥នាក់ក្នុងទឹកដីអាហ្វហ្គានីស្ថាន

ចែករំលែក៖

មន្ត្រីស៊ើបការណ៍សម្ងាត់បាននិយាយថា យន្តហោះគ្មានមនុស្សបើកបរអាមេរិកបានបើកការវាយប្រហារសម្លាប់ក្រុមឧទ្ទាមលីបង់ប៉ាគីស្ថានយ៉ាងតិច១៥នាក់ ស្ថិតនៅក្នុងស្រុក Gomal ក្នុងទឹកដីអាហ្វហ្គានីស្ថានកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ ។ នេះជាយុទ្ធការតាមដែនអាកាសក្នុងការប្រឆាំងទៅលើក្រុមឧទ្ទាមលីបង់ប៉ាគីស្ថាន ស្ថិតនៅក្នុងទឹកដីអាហ្វហ្គានីស្ថាន ។

មន្ត្រីស៊ើបការណ៍សម្ងាត់ប៉ាគីស្ថានបានអះអាងអំពីការវាយប្រហារនេះកើតឡើងកាលពីថ្ងៃពុធ ស្ថិតនៅបន្ទាត់ព្រំដែនជិត ខាងខេត្ត South Waziristan ប៉ាគីស្ថាន ។ មន្ត្រីម្នាក់បាននិយាយថា ក្រុមឧទ្ទាម១៥នាក់ត្រូវបានសម្លាប់ ហើយត្រូវ បញ្ជូនភ្លាមៗទៅកាន់តំបន់ Dera Ismail Khan ។ មន្ត្រីនេះបានស្ថិតនៅភាគពាយព្យប៉ាគីស្ថាន ។

ប្រភពបន្តថា ក្រុមឧទ្ទាមលីបង់១៥នាក់ត្រូវបានសម្លាប់ ។ ក្រុមនេះ ជាសមាជិកស្ថិតនៅក្នុងក្រុម Gandapur មានមូលដ្ឋាននៅក្នុងទឹកដីប៉ាគីស្ថាន និងស្ថិតក្រោមការដឹកនាំរបស់ Mullah Fazlullah ដែលជាអ្នកទទួលខុសត្រូវការវាយប្រហារសម្លាប់រង្គាលសិស្សសាលា១៣០នាក់នៅសាលារៀនយោធាមួយស្ថិតនៅភាគពាយព្យទីក្រុងប៉េសាវ៉ា កាលពីខែធ្នូ ឆ្នាំ២០១៤កន្លងទៅនោះ ។

ការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើកទៅលើគោលដៅក្រុមឧទ្ទាមលីបង់ក្នុងទឹកដីអាហ្វហ្គានីស្ថាន ដែលភាគច្រើនធ្វើឡើងនៅតំបន់ដាច់ស្រយាល់ និងគ្មានការបញ្ចេញព័ត៌មាននោះ បានផ្អាក់ ក៏ដូចជាពន្យារសកម្មភាពរបស់ខ្លួនកាលពីពេលកន្លងមក ។ ប៉ុន្តែមេបញ្ជាការក្រុមឧទ្ទាមនិយាយថា ការវាយប្រហារតាមដែនអាកាសដោយយន្តហោះគ្មានមនុស្សបើកនេះ មានការកើនឡើងស្ថិតនៅអំឡុងឆ្នាំចុងក្រោយ ។

ការវាយប្រហារខាងលើបានកើតឡើងក្រោយមិនដល់មួយសប្តាហ៍ផងដែលរដ្ឋាភិបាលប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបានព្រមព្រៀងបញ្ឈប់ការរិះគន់បរិហារគ្នាទាក់ទងការវាយប្រហាររបស់ក្រុមឧទ្ទាមនោះ ។ ការណ៍នេះធ្វើឡើងដើម្បីផ្តល់ទំនាក់ចិត្ត ការទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ។

ជាប្រពៃណីទៅហើយ ប្រទេសទាំងពីរដែលមានជាប់ព្រំដែនជាមួយគ្នានេះបានបន្ទោសគ្នាទៅវិញទៅមកថា ធ្វើសកម្មភាពតិចតួចនៅក្នុងសកម្មភាពការពារក្រុមឧទ្ទាមលីបង់ ក៏ដូចក្រុមឧទ្ទាមអិស្លាមជាច្រើនផ្សេងទៀត ទើបបានជាផ្តល់ឱកាសដល់ក្រុមនោះធ្វើសកម្មភាពក្នុងបូរណភាពរបស់រៀងៗខ្លួន ។

ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានរិតចំណងជិតស្និទ្ធជាមួយប៉ាគីស្ថានជាអាទិភាព នៅពេលដែលលោកបានឡើងកាន់អំណាចភា្លមៗកាលពីឆ្នាំមុន ដោយក្តីសង្ឃឹមថា ទីក្រុងអិស្លាម៉ាបាដ នឹងជួយជំរុញឲ្យមេដឹកនាំលីបង់ប៉ាគីស្ថានងាក់មកចូលក្នុងតុចរចាពិភាក្សាគ្នាដើម្បីបញ្ចប់សង្គ្រាមរយៈពេលវែងរបស់អាហ្វហ្គានីស្ថាន ។

ទំនាក់ទំនងនោះបានដុះចេញជាផ្លែផ្កាផងដែរកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយមន្ត្រីបានយល់ព្រមចូលរួមកិច្ចពិភាក្សាសន្តិភាពជាមួយក្រុមឧទ្ទាម ។
ប៉ុន្តែនៅក្រោយពីការបញ្ជាក់ព័ត៌មានថា មេដឹកនាំរបស់ក្រុមឧទ្ទាមលីបង់ Mullah Mohammad Omar បាត់បង់ជីវិតនោះ ដំណើរការចរចាសន្តិភាពបានផ្អាកទៅវិញ ហើយក្រុមឧទ្ទាមលីបង់បានធ្វើសកម្មភាពវាយប្រហារជាបន្តបន្ទាប់នៅក្នុងទីក្រុងកាប៊ូល សម្លាប់មនុស្សជាង៥០នាក់ ព្រមទាំងធ្វើឲ្យទំនាក់ទំនងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានមានការរកាំរកូសឡើងវិញ ។

ប្រធានគោលនយោបាយកិច្ចការបរទេសប៉ាគីស្ថានកាលពីសប្តាហ៍មុននេះបានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកាប៊ូល អាហ្វហ្គានីស្ថានដើម្បីចូលរួមសន្និសិទ្ធសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយអំឡុងពេលនោះ ក៏មានការចូលរួមប្រធានាធិបតី រដ្ឋមន្ត្រីការបរទេស និងទីប្រឹក្សាសន្តិសុខជាតិផងដែរ ។ មន្ត្រីប្រទេសទាំងពីរអះអាងថា អំឡុងជួបគ្នានេះគ្មាននិយាយដល់ការចរចាសន្តិភាពជាមួយក្រុមឧទ្ទាមលីបង់នោះឡើយ ៕

afghanistan_car_bomb_160513

bbbb


ចែករំលែក៖