ព័ត៌មានទាន់ហេតុការណ៍៖

ខ្សិបដាក់ត្រចៀក៖ ប្រធានមន្ទីរសាធារណការខេត្តកំពង់ឆ្នាំងធុំក្លិនមិនស្រួល

ចែករំលែក៖

គេខ្សិបប្រាប់ថា លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងដូចជាកំពុងធុំក្លិនមិនស្រួល ។ មិនស្រួលក៏ព្រោះតែមានរឿងពុករលួយក្នុងទឹកប្រាក់រាប់សែនដុល្លារ និងការតែងតាំងកូនឲ្យមានតួនាទីនៅក្នុងមន្ទីរដែលតាមច្បាប់ត្រូវហាមឃាត់ ។

ប្រភពបានខ្សិបខ្សៀវថា លោកកៅ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានសម្រេចតែងតាំងកូនស្រីឈ្មោះ កែវ ដាលីន ឲ្យមានតួនាទីជាអនុប្រធានការិយាល័យគណនេយ្យរបស់មន្ទីរ និងកូនប្រុសម្នាក់ទៀត ឈ្មោះ ឡេង រដ្ឋា ដែលទើបតែចូលបម្រើការងារជាប្រធានការិយាល័យសាធារណការ នៅគ្រាដែលមន្ត្រីចាស់ៗក្នុងអង្គភាពនេះ ខ្លះធ្វើការសឹងមួយជីវិត មិនបានតួនាទី និងបុណ្យសក្តិអ្វីឡើយ ។ ករណីនេះ បើតាមមន្ត្រីនៅក្នុងអង្គភាពខាងលើនេះនិយាយថា ប្រសិនបើប្រធានអង្គភាពជាឪពុកនោះ កូនមិនអាចត្រូវបានតែងតាំងជាប្រធានការិយាល័យអ្វីឡើយ ។ ប៉ុន្តែករណីលោកកែវ ពៅ ទំនងជាត្រូវបានលើកលែង ។

ប្រភពបានបង្ហើបឲ្យដឹងទៀតថា បញ្ហាពុករលួយ គឺពាក់ព័ន្ធនឹងការផ្តល់ប័ណ្ណបើកបរដ៏ច្រើនសន្ធឹកសន្ធាប់ ។ ប័ណ្ណបើកបរនៅខេត្តកំពង់ឆ្នាំងត្រូវគេរាយការណ៍ថា អាចនឹងរកទិញបានដូចផ្សារត្រី ។ នៅក្នុងឆ្នាំ២០១៤ ប័ណ្ណបើកបរ៣៤៥៣សន្លឹក ត្រូវបានលក់ ដែលក្នុងមួយសន្លឹកត្រូវផ្តល់សូយសាអាករជូនលោកប្រធានមន្ទីរ៣០ដុល្លារ ។ សាកគណនាតាមគណិតវិទ្យាថា តើប័ណ្ណបើកបរ៣៤៥៣សន្លឹកត្រូវជាប៉ុន្មានលុយដុល្លារ? នៅមានរឿងពុករលួយជាច្រើនទៀត ដែលក្រុមមន្ត្រីនៅទីនោះបង្ហើបឲ្យដឹងពាក់ព័ន្ធនឹងបញ្ហាស៊ីគម្រោងជួសជុល និងថែទាំផ្លូវ ៕


ចែករំលែក៖