ព័ត៌មានទាន់ហេតុការណ៍៖

កំណាត់ផ្លូវជាតិលេខ១១០ ខូចជង្ហក់ជ្រៅៗ យូរហើយគ្មានការជួសជុលទេ

ចែករំលែក៖

ខេត្តកណ្តាល: កំណាត់ផ្លូវជាតិលេខ១១០ ចម្ងាយប្រហែល២គីឡូម៉ែត្រ ស្ថិតក្នុងភូមិពោធិ៍កណ្តាល និងភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ពេលនេះបានខូចយ៉ាងធ្ងន់ធ្ងរ ជង្ហក់ធំៗពិបាកធ្វើដំណើរខ្លាំងណាស់ មកដល់ពេលនេះ មិនមានការជួសជុលឡើងវិញទេ ។

ប្រជាពលរដ្ឋដែលរស់នៅឃុំត្រើយស្លា ស្រុកស្អាងបានប្រាប់ឲ្យដឹងថា ផ្លូវជាតិលេខ១១០ នៅភូមិពោធិ៍កណ្តាល និងភូមិពោធិ៍លើក្រោមមកដល់សព្វថ្ងៃនេះ បានខូចខាតទាំងស្រុង ជង្ហក់ជ្រៅៗខ្លាំងណាស់ និងធំៗពេលមានភ្លៀងធ្លាក់មកមើលបណ្តោយផ្លូវ ទឹកដក់ដូចកូនបឹង ។ ផ្លូវចំណុចភូមិពីរខាងលើនេះ បានខូចយូរហើយ តាំងពីខូចតិចតួច រហូតដល់ខូចខ្លាំង មិនមានអាជ្ញាធរ និងខាងមន្ទីរជំនាញមកជួសជុលឡើយ ។

ប្រជាពលរដ្ឋរស់នៅទីនោះនិយាយថា មកដល់រដូវវស្សានេះ ទឹកដក់ក្នុងជង្ហក់ជ្រៅៗ មិនរីងស្ងួតថ្ងៃណាឡើយ អ្នកធ្វើដំណើរតាមផ្លូវនេះ មកដល់កន្លែងផ្លូវខូចនេះ តែងតែរអ៊ូរទាំគ្រប់ៗគ្នាថា វេទនាខ្លាំងណាស់ ឬពិបាកធ្វើដំណើរណាស់ ដូចជិះម៉ូតូ ឡានកាត់បឹងអញ្ចឹង ជួនកាលមានរថយន្តជាប់ផុងនៅក្នុងជង្ហុកនោះ ទៅមុខលែងរួច ។ ចំណែកអ្នកធ្វើដំណើរស្លៀកពាក់សម្លៀកបំពាក់ថ្មី ស្អាត ទៅដល់កន្លែងផ្លូវខូចនេះ គឺពិតជាប្រឡាក់ភក់ជ្រាំអស់មិនខាន ។

ប្រជាពលរដ្ឋរស់នៅទីនោះបានស្នើរសុំដល់អាជ្ញាធរ រឺមន្ទីរសាធារណៈការ និងដឹកជញ្ជូនមេត្តាឆាប់ជួសជល់ដល់ផ្លូវដែលរងការខូចខាតខ្លាំងនេះ បើបណ្តែតបណ្តោយមិនជួសជុល់ទេ មិនយូរប៉ុន្មាន នឹងធ្វើដំណើរលែងកើតហើយ ។

អ្នកមានរថយន្តដឹកទំនិញតាមផ្លូវជាតិលេខ១១០ និយាយថា កាលពីមុនផ្លូវជាតិលេខ១១០ បានខាតខ្លាំងចាប់ទីព្រំប្រទល់ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកដល់ឃុំត្រើយស្លា ស្រុកស្អាង ចម្ងាយប្រហែល១០គីឡូម៉ែត្រ ។ តែជាង២ខែ មុននេះ ខាងមន្ទីរសាធារណៈការ ខេត្តបានទៅឈូសកិនបង្រាបឡើងវិញ បានងាយស្រួលធ្វើដំណើរមួយរយៈ ។ ប៉ុន្តែមិនដឹងមូលហេតុអ្វីនៅចន្លោះតែពីរភូមិ គឺភូមិពោធិ៍កណ្តាល និងភូមិក្រោមមិនបានឈូសកិនពង្រាបទេ ទុកឲ្យខូចតាំងពីតិចតួច រហូតដល់ខូចខ្លាំង ជង្ហក់ធំជ្រៅៗ ច្រើនកន្លែង ចម្ងាយប្រហែល២គីឡូម៉ែត្រ ពិបាកធ្វើដំណើរ និងបើកបររថយន្តម៉ូតូខ្លាំងណាស់ ។ បើមានភ្លៀងធ្លាក់វិញ មើលបណ្តោយផ្លូវទៅ គឺឃើញសុទ្ធតែទឹក មិនរីស្ងួតឡើយ មើលទៅហាក់ដូចជាកូនបឹងអញ្ចឹង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មកដល់ពេលនេះ មានអ្នកធ្វើដំណើរខ្លះបានចំណាយលុយ និងពេលវេលា សុខចិត្តធ្វើដំណើរដោយឆ្លងទូកដើម្បីវាងផ្លូវខូចខ្លាំងនេះ ។

ផ្លូវជាតិលេខ១១០ ជាផ្លូវដ៏សំខាន់មួយ សម្រាប់ដឹកជញ្ជូនទំនិញផ្សេងៗ និងកសិផលនៅត្រើយខាងកើតទន្លេបាសាក់ ជាប់ពីព្រំប្រទល់ខណ្ឌច្បារអំពៅ ទៅដល់ព្រំប្រទល់ប្រទេសវៀតណាម ក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ។

គេដឹងថា ផ្លូវជាតិលេខ១១០នេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល មានភារកិច្ចស្ថាបនា និងជួសជុល ប៉ុន្តែមួយរយៈនេះ មិនមានការជួសជល់ទេ ទុកឲ្យខូចយ៉ាងខ្លាំងបែបនេះ ។

ទាក់ទិននឹងផ្លូវខូចនេះ លោក ម៉ឹង យូរឡេង ប្រធានមន្ទីរសាធារណៈការខេត្តកណ្តាល អ្នកយកព័ត៌មានមិនអាចសុំការពន្យល់បានឡើយ តាមរយៈទូរស័ព្ទរបស់លោក អ្នកយកព័ត៌មានហៅចូលតែមិនមានអ្នកលើកទទួល ៕

kands

kands (2)

kands (1)


ចែករំលែក៖