ព័ត៌មានទាន់ហេតុការណ៍៖

ខឹងកូនលួចលុយ ស្ត្រីម្នាក់ដាច់ចិត្តយកសំបកកន្ទួតបុកលាយជាមួយទឹកផឹកសម្លាប់ខ្លួន សំណាងពេទ្យជួយទាន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ: ស្ត្រីម្នាក់ត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកយកមកសង្គ្រោះជីវិតភ្លាមៗ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខណះដែលខឹងកូនប្រុសលួចលុយដែលសន្សំទុកយូរមកហើយ ទុកគ្រាន់ធ្វើបុណ្យនោះបានដាច់ចិត្តយកសំបកកន្ទួតបុកផឹកក្នុងបំណងសម្លាប់ខ្លួន ។ ប៉ុន្តែសំណាង ត្រូវក្រុមគ្រូពេទ្យជួយទាន់ពេលវេលា ។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង១០នឹង២៥នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិព្រៃក្រចាប់ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សាច់ញាតិបាននិយាយប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះភួង ផល អាយុ៥៦ឆ្នាំមុខរបរធ្វើស្រែរស់នៅ ភូមិព្រៃក្រចាប់ ឃុំសំបូរស្រុកសំរោងទង ខេត្តកំពង់ស្ពឺក្រោយពីពុល ហើយត្រូវបានកូនស្រីដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។

បើតាមសម្តីរបស់ស្ត្រីវ័យចំណាស់បានរៀបរាប់ទាំងទឹកភ្នែកប្រាប់អ្នកគ្រូពេទ្យឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យរូបគាត់ ដាច់ចិត្ត ស្ទុះសំបកកន្ទួតយកមកបុកលាយជាមួយទឹក ដើម្បីផឹកសម្លាប់ខ្លួននេះ ដោយសារតែរូបគាត់តូចចិត្តនឹងកូនប្រុសអកត្តញ្ញូរបស់គាត់ម្នាក់បានលួចលុយដែលគាត់ខំប្រឹងដើស៊ីឈ្នួលដកស្ទូងគេជារៀងរាល់ថ្ងៃសន្សំគ្រាន់បានទៅធ្វើបុណ្យទាននឹងគេយកទៅបាត់អស់ ហើយជិតដល់រដូវភ្ជុំផងនោះ ។

ប្រភពបន្តថា សំណាងល្អកុំបានកូនស្រីគាត់ម្នាក់បានឃើញក៏បានប្រញាប់បញ្ជូនមកមន្ទីរពេទ្យឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេល ។ នេះជាមេរៀនមួយសម្រាប់កូនអកត្តញូណាដែលធ្វើបាបម្តាយជាអ្នកមានគុណ ៕ សេនា សក្តិ

DSC02624


ចែករំលែក៖