ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចខណ្ឌបង្ក្រាបករណីល្បែងស៊ីសងកន្ទុយលេខនៅសង្កាត់ពងទឹក

ចែករំលែក៖

​ភ្នំពេញ៖ អ្នកកត់ល្បែងស៊ីសងកន្ទុយលេខម្នាក់ ត្រូវនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ឃាត់ខ្លួនកាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ចំណុចក្នុង​ភូមិឃ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ យួន ម៉ៅ ភេទស្រី អាយុ​​៤៩ឆ្នាំ មុខរបរកសិករ មានទីលំនៅ​ភូ​មិ​ឃ្លះ​សណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជ​ធា​នី​​ភ្នំពេញ វត្ថុតាងរួមមាន ក្រដាសកត់កន្ទុយលេខ ១ដុំ ក្រដាសចេញលទ្ធផលកន្ទុយ​លេខ ២សន្លឹក សន្លឹកបៀរលីឡុងចំនួន ៣៧សន្លឹក កំរាលក្រណាត់ចំនួន ២ ម៉ាស៊ីនគិតលេខ ចំនួន ១ លុយខ្មែរ៣៦០០០រៀល និងទូរស័ព្ទដៃ ១គ្រឿង ។

​សមត្ថកិច្ចប្រាប់ឲ្យដឹងថា មុនពេលឃាត់ជនសង្ស័យ គឺសមត្ថកិច្ចបានទទួលដំណឹងថា នៅក្នុងភូមិឃ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ មានករណីលេងល្បែងបៀរស៊ីសង​ខុស​ច្បាប់ ទើបសមត្ថ​កិច្ចចុះទៅតំបន់នោះ ដើម្បីបង្ក្រាបករណីល្បែងលេងបៀរ ប៉ុន្តែស្រប​ពេល​នោះ ជន​សង្ស័យ​ឈ្មោះ យួន ម៉ៅ ក៏បានកំពុងនៅក្បែរវង់បៀរនោះដែរ រង់​ចាំ​ភ្ញៀវ​មក​ចាក់​កន្ទុយ​​លេខ ក៏ត្រូវសមត្ថកិច្ចក្រសោបបានទាំងអ្នកលេងបៀរ ចំនួន ៤នាក់ផងដែរ រួមទាំង​វត្ថុ​តាង​មួយចំនួន នាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការសួរនាំ។

​សមត្ថកិច្ចប្រាប់បន្តឲ្យដឹងថា ក្រោយពីសួរនាំ និងធ្វើកិច្ចសន្យា អ្នក​បៀរ​ទាំង​៤នាក់នោះ ត្រូវបានអនុញ្ញាត្តឲ្យវិលត្រឡប់ទៅផ្ទះវិញ គឺឃាត់តែអ្នកកត់កន្ទុយលេខម្នាក់​ប៉ុណ្ណោះ ។ ជនសង្ស័យឈ្មោះ យួន ម៉ៅ នៅចំពោះមុខសមត្ថកិច្ចបានឆ្លើយ​សារ​ភាពថា រូប​គាត់​មានមុខរបរជាកសិករ ប៉ុន្តែនៅពេលទំនេរ គឺរូបគាត់ជិះកង់តាមភូមិរកភ្ញៀវ ដើម្បី​កត់​កន្ទុយ​លេខ ដោយមួយថ្ងៃៗកត់បានលុយពី១០ម៉ឺនរៀល ទៅ១៥ម៉ឺនរៀល យកបន្តទៅឲ្យ​មេ​នៅ​​ម្តុំ បុរី សន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្នុង​ចំនួន​លុយ ១០ម៉ឺនរៀល ទទួលបាន​កំរ៉ៃ​ជើងសារ (ទឹក) ចំនួន ៥ពាន់រៀល។ នាល្ងាចថ្ងៃទី ១៥ ខែ​កញ្ញា ឆ្នាំ២០១៥ ខណៈរូបគាត់កំពុងអង្គុយនៅក្បែរវង់បៀរ ដើម្បីរង់​ចាំអ្នកមក​កត់​កន្ទុយ​លេខ ក៏​ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

​សមត្ថកិច្ចប្រាប់បញ្ជាក់ឲ្យដឹងថា ជនសង្ស័យបច្ចុប្បន្នកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាម​ច្បាប់ ចំណែកមេកន្ទុយលេខ ដែលនៅម្តុំ បុរី សន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌ​ពោធិសែនជ័យនោះ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវតាមឃាត់ខ្លួន ៕ ភារ៉ា ដង្កោ

PAREADAkor (2)

PAREADAkor (1)


ចែករំលែក៖