ស្វាយរៀង៖ លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង រួមទាំងព្រះរាជអាជ្ញារងដោយប្រើកម្លាំងកងរាជអាវុធហត្ថខេត្តប្រមាណ២០នាក់ចុះឆែកឆេរ និងបង្ក្រាបទីតាំងមេកន្ទុយលេខដ៏ធំៗចំនួន៣កន្លែងផ្សេងគ្នាកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថា ផ្ទះដែលចុះបង្ត្រាបទី១ មានឈ្មោះផ្ទះសំណាក់អរុណរស្មីហង្សមាស និងទី២ ផ្ទះលក់ចាប់ហួយដែលជាមេកន្ទុយលេខដែលស្ថិតក្នុងភូមិវាលយន្ត សង្កាត់ ក្រុងស្វាយរៀង និងទី៣ នៅផ្ទះលក់បាយដែលលួចចាក់កន្ទុយលេខដែលស្ថិតក្នុងភូមិស្រះវង្ស សង្កាត់ ក្រុងស្វាយរៀង ។
ប្រភពបន្តថា ក្នុងការប្រតិបត្តិការនេះចាប់ផ្ដើមវេលាម៉ោង៣និង៣០នាទីរសៀល រហូតដល់ម៉ោង៥និង៣០នាទីល្ងាច ដោយជាលទ្ធផលបណ្ដោះអាសន្នឃាត់ខ្លួនម្ចាស់ផ្ទះ និងប្រមូលបានឯកសារកន្ទុយលេខមួយចំនួនផងដែរ ។
ប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀងបានសម្ដែងការអបអរសាទយ៉ាងខ្លាំងចំពោះចំណាត់ការរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដែលបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តចុះបង្ក្រាបផ្ទះមេកន្ទុយលេខជាច្រើនឆ្នាំកន្លងមកហើយបានជោគជ័យ ៕ យឹម សុថាន