ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​តាក់ស៊ី​ម៉ែត្រ​ម៉ាក​ KIA​ បើក​ទៅ​បុក​​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​១​ផ្ទាំង​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​បើករថយន្ត​តាក់ស៊ី​ម៉ែត្រ​ម៉ាក​KIA​ បើក​ទៅ​បុក​និង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​១​ផ្ទាំង​ បណ្តាល​អោយ​ក្រឡាប់​ផ្ងារជើង​នៅ​ត្រង់​ចំណុច​ភ្លើងស្តុប​វត្ត​(​មហាមន្ត្រី​)​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​ហ​នុ​ ស្ថិត​ក្នុង​សង្កាត់​ អូរ​ឡាំ​ពិ​ក​ ខ​ណ្ឌ័​ចំការមន​ រាជធានី​ភ្នំពេញ​​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​00និង​៣០​នាទី​យប់​រំលង​អធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​

​បើ​តាម​សាក្សី​ដែល​បានឃើញ​ហេតុ​ការ​ណ៍បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ ​គេ​បានឃើញ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ម៉ាក ​KIA​ ពណ៌​ស​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 2I-0506​ មួយ​គ្រឿង​ បើក​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​ហ​នុ​ក្នុង​ទឹ​ស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​ ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​រថយន្ត​បង្ក​បាន​ឆ្លង​ផុត​ភ្លើងស្តុប​វត្ត​មហាមន្ត្រី​ហើយ​ក៏​ស្រាប់តែ​រថយន្ត​រ៉េ​ចង្កូត​ទាញ​ទៅ​ឆ្វេង​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​១​ផ្ទាំង​ ។​

ប្រ​ព​ភព​បន្ត​បាន​បន្ត​ទៀត​ថា​ ក្រោយ​ពេល​បុក​ភ្លាមៗ​អ្នកបើកបរ​បាន​ជាប់​នៅ​ក្នុង​រថយន្ត​ចេញ​មិន​រួច​ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ចោមរោម​មើល​បាន​​វាយ​បំបែក​កញ្ចក់​ចំហៀង​ ទើប​អាច​រំដោះ​អ្នកបើកបរ​ចេញពី​ក្នុង​រថយន្ត​បាន​ ពេល​ដែល​បាន​ជួយ​បាន​ហើយ​ក៏​បាន​សួរនាំ​អ្នក​បើករថយន្ត​បង្កហេតុ​អ្វី​បានជា​បើក​ បុក​ក្បាល​នាគ​អ​ញ្ចឹ​ង​?​ អ្នកបើកបរ​បាន​ប្រាប់​វិញ​ថា​ ក្នុង​ពេល​កំពុង​តែ​បើក​ឆ្លង​ផុត​ស្តុ​ប​វត្ត​មហាមន្ត្រី​នោះ​ រូប​គាត់​បានឃើញ​ ស្រមោល​ម្យ៉ាង​រត់​កាត់មុខ​រថយន្ត​របស់​គាត់​ធ្វើ​អោយ​គាត់​ស្លន់​ជាន់​ហ្វ្រាំង​មិន​ទាន់​ ក៏​បាន​បណ្តាល​ឱ្យ​រថយន្ត​រ៉េ​ចង្កូត​ទាញ​ទៅ​ឆ្វេង​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​១​ផ្ទាំង​ ។​

​ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​បាន​ទៅ​ព្យាបាល​របួស​ដោយ​ខ្លួនឯង​ ចំណែកឯ​រថយន្ត​វិញ​ ត្រូវ​បាន​ខាង​កំលាំង​ជំនាញ​បាន​ធ្វើការ​វាស់វែង​និង​ស្ទួ​ច​រថយន្ត​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវ​ គោក​រាជធានី​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕​ ស​ រស្មី​

 

image2 image1


ចែករំលែក៖