ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​បើក​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​បែន​ដឹក​ថ្ម​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​

ចែករំលែក៖

​ខេត្តកណ្តាលៈ​ បុរស​ម្នាក់​បើក​ម៉ូតូ​បោះពួយ​យ៉ាង​លឿន​ក្នុង​ស្ថា​ភាព​ស្រវឹង​ បណ្តាល​ឲ្យ​បាត់បង់​ម្ចាស់​ការ​ជ្រុល​ទៅ​បុក​រថយន្ត​បែន​ដឹក​ថ្ម​ឈប់​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ពេញ​មួយ​ទំហឹង​ រង​របួស​យ៉ាងធ្ងន់ធ្ងរ​រហូត​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ត្រង់​ចំណុច​ចន្លោះ​ស្ពាន​លេខ​២៣-២៤​ ស្ថិត​ក្នុងភូមិ​ក្រង​ស្វាយ​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ ។​

​រថយន្ត​បែន​ដឹក​ថ្ម​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-7752​ បើកបរ​ដោយ​ឈ្មោះ​ យ៉ា​ន់​ សុជាតា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ច្រក​កូវ​ ឃុំ​ពាម​ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្ត​កំពង់​ឆ្នាំ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​បន្ទាប់​ពី​កើតហេតុ​ ។​ ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ​ ជា​ សាវ៉ា​ត​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០០៨​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1W-7997​ ក្នុង​ស្ថានភាព​ស្រវឹង​ ។​

​សាក្សី​និយាយ​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បាល​ឃើញ​រថយន្ត​បែន​ដឹក​ថ្ម​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​បើក​ដល់​ចំណុច​កើតហេតុ​អ្នកបើកបរ​បាន​បើករថយន្ត​អែប​កៀន​ឈប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ចុះ​យក​កៅស៊ូ​តង់​ចង​គ្រប​ពីលើ​ថ្ម​ ។​ នៅ​គ្រានោះ​ស្រាប់តែ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ទៅ​បុក​ចំ​ពីក្រោយ​រថយន្ត​ពេញ​មួយ​ទំហឹង​ បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ។​ ភ្លាមៗ​នោះ​ដែរ​រថយន្ត​សា​មុ​យ​បាន​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ តែ​ជា​អកុសល​មិន​ទាន់​ទៅ​ដល់​ពេទ្យ​ផង​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយដោយ​សារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក​ ។​

​បច្ចុប្បន្ន​អ្នកបើកបរ​ និង​ រថយន្ត​ ព្រមទាំង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​ ដោយឡែក​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ ស្អាង​ជ័យ​

kandsl (1)

kandsl

kandsl (2)


ចែករំលែក៖