ព័ត៌មានទាន់ហេតុការណ៍៖

វិចារណកថា​៖​ ពេល​ដែល​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​គាំទ្រ​នយោបាយ​សម្តេច​តេ​ជោ​

ចែករំលែក៖

​តើ​យ៉ាងណា​ទៅ​សម្រាប់​គណបក្សប្រឆាំង​ដែល​ធ្លាប់​ប្រកាស​ថា​ ទី​អាង​ឬ​ក្តី​រំពឹង​របស់​ខ្លួន​គឺ​សហរដ្ឋអាមេរិក​នោះ​ ។​ ឥឡូវនេះ​ សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​ លោក​ ឌុន​ ប៊ិ​ន​តុ​ន​ បាន​បង្ហាញ​ជំហរ​គាំទ្រ​គោលនយោបាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ដែល​ទ​ង្វើ​របស់​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ បាន​ព្រ​លែង​ឲ្យ​គណបក្សប្រឆាំង​ និយាយ​ឲ្យ​ចំ​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ស្ថិត​ក្នុង​សភាព​ឯកា​ ។​

​សមាជិក​ស​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ លោក​ ឌុន​ ប៊ិ​ន​តុ​ន​ បាន​ផ្ញើ​លិខិត​សរសើរ​មួយ​ច្បាប់​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចំពោះ​ការ​ដឹកនាំ​រក្សា​សន្តិសុខ​ និង​អធិបតេយ្យភាព​កម្ពុជា​ដែល​គួរ​យក​ធ្វើ​ជា​គំរូ​ ។​ លោក​អះអាង​ថា​ លោក​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ការ​វាយប្រហារ​ដោយ​គ្មាន​មូលដ្ឋាន​ចំពោះ​រាជរដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​អំពី​បញ្ហា​ខ្សែបន្ទាត់​ព្រំដែន​ជាតិ​ ជាមួយ​ប្រទេស​វៀតណាម​ ។​ លោក​បាន​បន្ត​ថា​ បើ​ទោះបី​រាជរដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើប​ដូច​ជា​ GSP​ យ៉ាងណា​ក៏​ដោយ​ ក៏​នៅ​តែ​មានការ​វាយប្រហារ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រការ​នេះ​ ជា​រឿង​អក​សុល​បំផុត​ សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ ។​

​លិខិត​របស់​ព្រឹទ្ធ​សមាជិក​សភា​សហរដ្ឋអាមេរិក​សរសើរ​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៥​ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​ «​តាម​រយៈ​សកម្មភាព​នានា​ដែល​ខ្ញុំ​បាន​អាន​,​ រាជរដ្ឋាភិបាល​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ដោះស្រាយ​បញ្ហា​យ៉ាង​សកម្ម​បំផុត​ រួម​ទាំង​ការ​ចរចា​ទល់មុខ​គ្នា​រវាង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ កាលពី​ខែកក្កដា​ កន្លង​ទៅ​ ។​ តាម​ខ្ញុំ​ដឹង​ ការ​ចរចា​នេះ​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​ ។​ ប៉ុន្តែ​ការងារ​របស់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​-​វៀតណាម​ត្រូវ​បន្ត​ទៀត​ ។​ ការ​ចរចា​ទ្វេភាគី​មាន​សារសំខាន់​ សម្រាប់​ថែរក្សា​ និង​បង្កើន​សន្តិភាព​ និង​វិបុលភាព​ដែល​កម្ពុជា​ទទួល​បាន​តាំងពី​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣»​ ។​

​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​បាន​និយាយ​ថា​ ការ​ការពារ​បូរណភាព​ទឹកដី​ ជា​កាតព្វកិច្ច​ដ៏​សំខាន់​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ជាតិ​ត្រូវ​អនុវត្ត​ ។​ ការ​ការពារ​ព្រំដែន​ប្រទេស​ជាតិ​ជា​មូលដ្ឋាន​នៃ​ប្រព័ន្ធ​អន្តរជាតិ​សម័យ​ទំនើប​ទាំងមូល​ ។​ បើសិនជា​គ្មាន​ការ​កំណត់ព្រំដែន​ប្រទេស​ជាតិ​ឲ្យ​បាន​ច្បាស់លាស់​ទេ​នោះ​ គឺ​គ្មាន​ប្រទេស​ណាមួយ​អាច​ការពារ​ផលប្រយោជន៍​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​គេ​បាន​ឡើយ​ «​ខ្ញុំ​រំពឹង​ថា​ នៅ​ពេល​នេះ​បណ្តា​ប្រទេស​ដែល​បាន​រៀបរាប់​ខាងលើ​ បាន​ផលិត​ឯកសារ​ប្រភព​ដើម​ ដែល​គាំទ្រ​ដល់​គោលនយោបាយ​បោះបង្គោល​ព្រំដែន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។​ អរិយធម៌​ខ្មែរ​បុរាណ​ នឹង​អាច​វិល​ត្រឡប់​ទៅ​ផ្តោត​លើ​ការ​យកចិត្តទុកដាក់​ អំពី​ការ​ផ្សះផ្សារ​,​ ការ​ធ្វើ​ប្រជាធិបតេយ្យ​នី​យ​កម្ម​ និង​ពាណិជ្ជកម្ម​អន្តរជាតិ​ ដែល​នឹង​បង្កើន​គុណភាព​ ជីវភាព​ប្រជាជន​កម្ពុជា​»​ ។​

​តាម​ការ​លើក​ឡើង​របស់​សមាជិក​ព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក​រូប​នេះ​ គឺ​គេ​បាន​យល់​ច្បាស់​អំពី​អ្វី​ដែល​ជា​ពលី​កម្ម​ដ៏​ធំធេង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​បុព្វហេតុ​បូរណភាព​ទឹកដី​ និង​ប្រជាជន​ ។​ ប៉ុន្តែ​គឺ​គណបក្សប្រឆាំង​ឯណោះ​ទៅ​វិញ​ទេ​ ដែល​នៅ​បន្ត​ធ្វើ​ជា​ងងឹត​ក្នុង​បុព្វហេតុ​ផលប្រយោជន៍​នៃ​ការ​កេង​ចំណេញ​នយោបាយ​ ។​ ពួក​គេ​នៅ​តែ​បន្ត​ខ្សិ​ប​ខ្សៀវ​លើក​ឡើង​អំពី​បញ្ហា​ផែនទី​បន្ត​ដល់​ផែនដី​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ការ​បោះបង្គោល​ព្រំដែន​ ។​ យ៉ាង​ហោច​ណាស់​២​ដង​រួច​មក​ហើយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទៅ​ពិនិត្យ​ផ្ទាល់​ផែនទី​ដែល​ផ្តល់​ដោយ​អង្គការសហប្រជាជាតិ​ និង​សាធារណរដ្ឋ​បារាំង​ ។​ ផុត​ជើង​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចូលរួម​ត្រួតពិនិត្យ​ផែនទី​នៅ​តែ​បង្ហាញ​មន្ទិល​ ឬ​មិន​អស់​មិន​ហើយ​អំពី​បញ្ហា​ផែនទី​នេះ​ដដែល​ ។​

​លើស​ពី​នេះ​ទៅ​ទៀត​ ប្រជាពលរដ្ឋ​ខ្មែរ​ធ្លាប់​ឮ​ហើយ​ថា​ មេដឹកនាំ​គណបក្សប្រឆាំង​ ទាំង​លោក​សម​ រ​ង្ស៊ី​ ក៏​ដូច​ជា​លោក​កឹ​ម​ សុខា​ ធ្លាប់​បាន​បង្ហាញ​ក្តី​រំពឹង​ និង​ទំនុកចិត្ត​ចំពោះ​សហរដ្ឋអាមេរិក​ថា​ជា​ខ្នងបង្អែក​ដ៏​មាំទាំ​របស់​ខ្លួន​ ។​ ជា​ការ​ពិត​ វា​មិន​ដូច​អ្វី​ដែល​មេដឹកនាំ​គណបក្សប្រឆាំង​បាន​ធ្វើ​នយោបាយ​ប្រជាភិថុតិ​នោះ​ឡើយ​ ។​ វា​មាន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មែន​ ប៉ុន្តែ​ក៏​មាន​អ្នកគាំទ្រ​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែរ​ ។​ រដ្ឋាភិបាល​ប្រទេស​មួយ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​មួយទៀត​ មិនមែន​ធ្វើការ​ជាមួយ​គណបក្ស​នយោបាយ​ណា​នោះ​ឡើយ​ ។​

​សារ​របស់​សមាជិក​ព្រឹទ្ធសភា​ ឌុន​ ប៊ិ​ន​តុ​ន​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មិនមែន​ស្ថាប័ន​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​គាំទ្រ​គណបក្សប្រឆាំង​នោះ​ទេ​ ។​ ឥឡូវនេះ​គឹ​ជា​ផ្លូវការ​ដែល​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ម្នាក់​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គោលនយោបាយ​បញ្ហា​ព្រំដែន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។​ ការ​គាំទ្រ​នេះ​ជា​ព្រនង់​មួយ​សំពង​លើ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឯង​ ៕​ នួន​ ន​រិ​ន្ទ្រ​ន៍​


ចែករំលែក៖