ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពល​ព្យុះ​ប្រមោយដំរី​ធ្វើ​ឱ្យ​កម្ពុជា​រង​សម្ពាធ​ភ្លៀង​ជន់​លិច​ស្ទើរ​គ្រប់កន្លែង​

ចែករំលែក៖

​ខេត្ដកំពត​ ៖​ លោក​ ស៊ឹ​ម​ វុ​ទ្ធា​ នាយក​ ខុទ្ទកាល័យ​ខេត្ដកំពត​បានឱ្យ​ដឹង​ថា​ កាល​ ពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ទឹកជំនន់​និង​ទឹកភ្លៀង​បាន​ជន់​លិច​នៅ​ ផ្នែក​ខ្លះៗ​នៃ​ក្រុង​កំពត​ម្ដុំ​សួនច្បារ​និង​ ក្បាលស្ពាន​ថ្មី​ហើយនឹង​ឃុំ​ចំនួន​៣​ក្នុង​ ស្រុក​ទឹកឈូ​ ។​ ខណៈ​នេះ​ទឹកបាន​ស្រក​ពី​ ផ្នែក​ខ្លះ​នៃ​ស្រុក​ទឹកឈូ​ និង​ក្រុង​កំពត​ដែរ​ ដោយសារ​តែ​អាកាសធាតុ​ភ្លៀង​បាន​រាំង​ ជាង​កន្លះ​ម៉ោង​គិត​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ហើយ​ទឹក​ក៏​បាន​ស្រក​ហូរ​ ចូល​ទៅ​ដៃ​ព្រែក​និង​សមុទ្រ​ផង​ដែរ​ ប៉ុន្ដែ​ ក្នុង​ល្បឿន​យឺត​ប៉ុណ្ណោះ​ ។​

​ពលរដ្ឋ​ជិត​២​ពាន់​គ្រួសារ​និង​ដីស្រែ​ ៥០០​ហិ​កតា​ក្នុង​ឃុំ​ចំនួន​៣​នៅ​ស្រុក​ទឹកឈូ​ ខេត្ដកំពត​ កំពុង​រង​ផល​ប៉ះពាល់​ ដោយសារ​ជំនន់​ទឹកភ្លៀង​ ។​ ជំនន់​ទឹកភ្លៀង​ ដែល​មិនមែន​កើតឡើង​តែ​ក្នុង​ខេត្ដ​ កំពត​នោះ​ទេ​ ប៉ុន្ដែ​បណ្ដា​ខេត្ដ​ផ្សេងៗ​ទៀត​ នៅ​ជិត​មាត់សមុទ្រ​ និង​តំបន់​ភ្នំ​ក៏​កំពុង​ កើត​មាន​ផង​ដែរ​ ។​ យ៉ាងណា​ក៏​ដោយ​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ដាក់​ក្ដី​កង្វល់​ខ្លាំង​ជាងគេ​ទៅ​លើ​ខេត្ដកំពត​ ។​

​ដូច​ការ​ព្យា​ការណ៍​របស់​ក្រសួង​ធន​ ធាន​ទឹក​និង​ឧតុនិយម​នៅ​ក្នុង​រយៈពេល​ ប៉ុន្មាន​ថ្ងៃនេះ​ភ្លៀង​បាន​ធ្លាក់​ខ្លាំង​ស្ទើរ​រាល់​ ថ្ងៃ​នៅ​តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន​ក្នុង​ ប្រទេស​កម្ពុជា​ ។​ ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បាន​ បណ្ដាល​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង​និង​ធ្វើ​ឱ្យ​ ប៉ះពាល់​ដល់​ខេត្ដ​មួយ​ចំនួន​ដែល​នៅ​ជិត​មាត់សមុទ្រ​និង​តំបន់​ជួរ​ភ្នំ​ ។​

​លោ​កែវ​ វី​ មន្ដ្រីជាន់ខ្ពស់​គណៈ​ក​ម្មា​ ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​បានឱ្យ​ដឹង​ថា​ ទឹកជំនន់​នៅ​ខេត្ដកំពត​បាន​បង្ក​ ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ប្រមាណ​១.៧៦០​ គ្រួសារ​ក្នុង​ឃុំ​ចំនួន​៣​របស់​ស្រុក​ទឹកឈូ​។​ មក​ដល់​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ អាជ្ញាធរ​បាន​ ព្យាយាម​ជម្លៀស​ប្រជាពលរដ្ឋ​មក​រក​ ទីទួល​មាន​សុវត្ថិភាព​ ។​ ជំនន់​ទឹកភ្លៀង​ ដែល​បាន​វាយលុក​លើ​ខេត្ដកំពត​តាំងពី​ ថ្ងៃ​ទី​១៤​ ខែកញ្ញា​មក​បាន​ធ្វើ​ឱ្យ​លិចលង់​ ដីស្រែ​ប្រមាណ​៥០០​ហិ​កតា​ ។​

​លោក​ ខូ​យ​ ឃុន​ហួរ​ អភិបាលខេត្ដ​ កំពត​មាន​ប្រសាសន៍​ថា​ ដោយសារ​ ភ្លៀង​ធ្លាក់​ខ្លាំង​រហូត​បណ្ដាល​ឱ្យ​ពេញ​ ព្រៀប​ទំនប់​វា​រី​អគ្គិសនី​កំចាយ​អាជ្ញាធរ​ ខេត្ដ​បាន​សម្រេចចិត្ដ​បើកទ្វារ​បញ្ចេញ​ ទឹក​ខ្លះ​ចេញ​មក​ក្រៅ​ ។​ ការ​បញ្ចេញ​ទឹក​ ក៏​បាន​ធ្វើ​ឱ្យ​លិច​ផ្ទះ​ប្រជាជន​នៅ​តំបន់​ជុំ​ វិញ​នោះ​មួយ​ចំនួន​ផង​ដែរ​។​ តាម​លោក​ អភិបាល​ខេត្ដកំពត​ជំនន់​ទឹកភ្លៀង​ក្នុង​ឆ្នាំ​ នេះ​មិនសូវ​ខ្លាំងក្លា​ដូច​កាលពី​ឆ្នាំ​២០០៩​នោះ​ទេ​ ។​

​សូម​បញ្ជាក់​ថា​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​កាលពី​សបា្ដហ៍​មុន​បាន​ ចេញ​សេចក្ដីជូនដំណឹង​បញ្ជាក់​ថា​ ចាប់​ ពី​ថ្ងៃ​ទី​១៥​ ដល់​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ តាម​ រាជធានី​ខេត្ដ​មួយ​ចំនួន​អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ ។​ រលក​សមុទ្រ​អាច​មាន​ កម្ពស់​ពី​១​ទៅ​២​ម៉ែត្រ​កន្លះ​ ។​ ក្រសួង​ធន​ ធាន​ទឹកបាន​ស្នើ​ឱ្យ​ប្រជា​នេសាទ​និង​អ្នក​ ធ្វើ​ដំណើរ​ទេសចរណ៍​តាម​សមុទ្រ​គួរ​ ផ្អាក​សកម្មភាព​ក្នុង​ចន្លោះ​ពេល​នេះ​ ។​

​ខេត្ដរតនគិរី​ ៖​ បើ​យោង​តាម​សេចក្ដី​ ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ឧតុនិយម​បានឱ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្ដ​មួយ​ចំនួន​ ប្រុង​ប្រយ័ត្ន​ ព្រោះ​វា​នឹង​អាច​មានការ​រង​ សម្ពាធ​ឬ​ចំហាយ​ឥទ្ធិពល​ខ្យល់ព្យុះ​មក​ពី​សមុទ្រ​ចិន​ ហើយ​ជាក់ស្ដែង​នៅ​ខេត្ដ​ រតនគិរី​រយៈពេល​ជាង​មួយ​អាទិត្យ​មក​ ហើយ​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ផ្ទៃ​ មេឃ​គ្របដណ្ដប់​ដោយ​ពពក​ខ្មៅ​អាប់អួ​មាន​ភ្លៀង​ធ្លាក់​ ខ្យល់​កន្ដ្រាក់​ ផ្គរ​ រន្ទះ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ ចំនួន​មិន​អាច​ចេញ​ទៅ​ប្រក​របរ​រកស៊ី​ ឬ​ធ្វើស្រែ​ចម្ការ​នៅ​ឆ្ងាយ​ពី​ផ្ទះ​បាន​ឡើយ​។​

​ប្រជាពលរដ្ឋ​នៅ​ខេត្ដរតនគិរី​ប្រកប​ របរ​ធ្វើស្រែ​ចម្ការ​និង​ដាំ​ដំណាំ​កសិកម្ម​ ផ្សេងៗ​បាន​ត្អូញត្អែរ​ថា​ភ្លៀង​ធ្លាក់​ជាង​មួយ​ អាទិត្យ​មក​ហើយ​នេះ​បាន​ធ្វើ​ឱ្យ​ពួក​គាត់​ ដែល​ប្រក​របរ​ធ្វើស្រែ​ចម្ការ​មិន​បាន​ ចេញ​ទៅ​មើលថែ​ទាំ​ទេ​ ព្រោះ​វា​លំបាក​ ផ្លូវ​ធ្វើ​ដំណើរ​ផ្លូវ​ខ្លះ​ឡើង​ ផ្លូវ​ខ្លះ​ចុះ​ភ្នំ​ ដែល​ជា​ហេតុ​ ។​

​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​បន្ដ​ទៀត​ថា​ ភ្លៀង​បាន​ជួយ​ឱ្យ​កសិករ​មិន​ខ្វះ​ទឹក​ ធ្វើស្រែ​ចម្ការ​ហើយ​ ជា​ពិសេស​នោះ​បាន​ ធ្វើ​ឱ្យ​ដំណាំ​កសិកម្ម​ពួក​គាត់​ដូច​ជា​ដំណាំ​ដំឡូង​មី​ ដំណាំ​សណ្ដែកដី​ ដំណាំ​សណ្ដែក​ សៀង​ល្អ​មាន​ពណ៌​បៃតង​ខៀវស្រងាត់​លែង​ក្រៀម​ស្វិត​ស្រពោន​ដូច​មុន​ទៀត​ហើយ​។​

​ទាក់ទង​ទៅ​នឹង​អាកាសធាតុ​និង​ភ្លៀង​ធ្លាក់​ជា​ច្រើន​ថ្ងៃ​មកនេះ​លោក​ប្រធាន​ មន្ទីរ​ឧតុនិយម​ខេត្ដរតនគិរី​បាន​បញ្ជាក់​ថា​ ភ្លៀង​នឹង​អាច​បន្ដ​ដល់​ថ្ងៃ​ទី​១៨​ ខែ​ កញ្ញា​ ឆ្នាំ​២០១៥​ ទើប​អាកាសធាតុ​វិល​ មក​រក​ប្រក្រតី​ឡើង​វិញ​ ។​

​ពលរដ្ឋ​ប្រមាណ​៥០​គ្រួសារ​ក្នុង​ សង្កាត់​ប៉ោយ​ប៉ែ​ត​ក្រុង​ប៉ោយ​ប៉ែ​តរង​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​

​ក្រុង​ប៉ោយ​ប៉ែ​ត​ ៖​ ផ្លូវលំ​ផ្លូវ​បេតុង​ និង​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ គ្រួសារ​ដែល​មាន​កម្ពស់​ទាប​ជាង​ផ្លូវ​ កណ្ដាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​រង​ការ​ជន់​ លិច​បន្ទាប់​ពី​ភ្លៀង​ជាប់​គ្នា​ប៉ុន្មាន​ថ្ងៃ​ដែល​ ធ្វើ​ឱ្យ​ពួក​គាត់​ពិបាក​រស់នៅ​យ៉ាង​ខ្លាំ​ ។​

​ពលរដ្ឋ​ទាំងនោះ​បានឱ្យ​ដឹង​ថា​ ឱ្យ​តែ​ ដល់​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ម្ដង​បើ​មិន​លិច​ផ្ទះ​គឺ​លិច​ផ្លូវ​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ មានការ​លំបាក​ក្នុង​កា​រស់នៅ​មិន​អាច​ ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​និង​ពិបាកធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ទៀត​ផង​ ។​ ជាក់​ ស្ដែង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ទាំងថ្ងៃទាំងយប់​ធ្វើ​ឱ្យ​លិច​ផ្លូវ​បេតុង​ជា​ច្រើន​ខ្សែ​ដូច​ជា​ផ្លូវបំបែក​ពី​ផ្លូវជាតិ​លេខ​៥​ឆ្ពោះទៅ​សាលាសង្កាត់​ ប៉ោយ​ប៉ែ​ត​និង​ផ្លូវបំបែក​ចំណុច​ចំណត​ រថយន្ដ​ជាដើម​ ។​

​លោក​ អាំង​ គី​ហេង​ ជំទប់​ទី​១​សង្កាត់​ ប៉ោយ​ប៉ែ​ត​ដែល​នឹង​ត្រូវ​ឡើង​កាន់​តំណែង​ ជា​ចៅសង្កាត់​ប៉ោយ​ប៉ោយ​ប៉ែ​ត​ឆាប់ៗ​ នេះ​បានឱ្យ​ដឹង​ថា​ មាន​ប្រជាពលរដ្ឋ​ ប្រមាណ​ជាង​៥០​គ្រួសារ​រស់នៅ​ក្នុងភូមិ​ចំនួន​២​ គឺ​ភូមិ​បា​លិ​លេ​យ្យ​១​ និង​ភូមិ​ បា​លិ​លេ​យ្យ​២​ទទួល​រង​នូវ​ការ​លិចលង់​ ដោយ​ជំនន់​ទឹកភ្លៀង​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ​។​

​លោក​បាន​សង្កត់ធ្ងន់​ថា​ ការ​លិចលង់​ នេះ​បណ្ដាល​មក​ពី​ផ្លូវ​មួយ​ចំនួន​មិន​មាន​ប្រព័ន្ធ​លូ​រំដោះ​ទឹក​នោះ​ទេ​។​ ដូច្នេះ​ដើម្បី​ កាត់​បន្ថយ​ការ​លិចលង់​នេះ​អាជ្ញាធរ​ សង្កាត់​នឹង​សហការ​ជាមួយ​ភូមិ​ដោយ​ យក​គ្រឿងចក្រ​មក​កាយ​បើកមុខ​ទឹក​ឱ្យ​ ទឹក​ហូរ​ចូល​ទៅ​ក្នុង​ស្រះ​ បឹងបួ​ដើម្បី​ បញ្ចៀស​ការ​លិចលង់​លំនៅ​ឋាន​ប្រជា​ ពលរដ្ឋ​ ។​

​លោក​ចៅសង្កាត់​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ទឹកជំនន់​នេះ​មិន​បណ្ដាល​មក​ពី​ជំនន់​ នៅ​ប្រទេស​ថៃ​ដែល​ហូរ​ចូល​នោះ​ទេ​ ហើយ​បច្ចុប្បន្ន​លោក​ក៏​បាន​និង​កំពុង​រៀបចំ​ឱ្យ​ក្រុមការងារ​របស់​សង្កាត់​ចុះ​សិក្សា​ ដើម្បី​រៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​លូ​ត្រឹមត្រូវ​ ដែល​អាច​បញ្ចៀស​ទឹកជំនន់​ទឹកភ្លៀង​បាន​ទាន់​ពេលវេលា​ ។​

​ទោះជា​យ៉ាងនេះ​ក្ដី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​សំណូម​ ពរ​ឱ្យ​អាជ្ញាធរ​ក្រុង​និង​សង្កាត់​សូម​ជួយ​ មើល​ផ្លូវលំ​មួយ​ចំនួន​ក្នុង​ក្រុង​និង​ផ្លូវ​ចូល​ ទៅ​តាម​ភូមិ​ដែល​ស្ថិត​នៅ​ដាច់​ស្រយាល​ កំពុង​តែ​ជួប​ប្រទះ​ការ​លំបាក​ធ្វើ​ដំណើរ​ ចេញចូល​ ។​ ពួក​គាត់​ក៏​បាន​លើក​ឡើង​ពី​ កា​រខក​ខានមិនបាន​ទៅ​រៀន​របស់​កូនៗ​ពួក​ គាត់​ដោយសារ​តែ​ផ្លូវលំ​បាក់​ដី​ខ្លាំង​ដែរ​។​

​ព្យុះ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​១៣​ខ្នង​ នៅ​ស្រុក​មណ្ឌល​សីមា​ខេត្ដកោះកុង​

​ខេត្ដកោះកុង​ ៖​ ខ្យល់ព្យុះ​បាន​វាយ​ ប្រហារ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៣​ខ្នង​នៅ​ តំបន់​មាត់​ព្រែក​ក្នុងស្រុក​មណ្ឌល​សីមា​ ខេត្ដកោះកុង​កាលពី​យប់​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ប៉ុន្ដែ​ពុំ​បង្ក​គ្រោះថ្នាក់​ដល់​ ជីវិត​មនុស្ស​និង​សត្វពាហនៈ​នោះ​ទេ​ ។​

​អភិបាលស្រុក​មណ្ឌល​សីមា​លោក​ ហាក់​ ឡេ​ង​ បាន​និយាយ​ថា​ ផ្ទះ​ប្រជា​ ពលរដ្ឋ​ដែល​ត្រូវ​ខូចខាត​មាន​ចំនួន​១៣​ ខ្នង​ ក្នុង​នោះ​ខូច​ទាំងស្រុង​១​ខ្នង​ មធ្យម​ ចំនួន​២​ខ្នង​ និង​១០​ខ្នង​ទៀត​គ្រាន់តែ​ របើក​ដំបូល​ខូចខាត​បន្ដិចបន្ដួច​ប៉ុណ្ណោះ​។​

​លោក​អភិបាលស្រុក​បាន​បន្ដ​ថា​ ក្រោយ​មាន​ហេតុការណ៍​គ្រោះ​ធម្មជាតិ​ ខ្យល់ព្យុះ​កន្ដ្រាក់​កើតឡើង​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​ដល់​កន្លែង​កើត​ ហេតុ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ទុក្ខ​ លំបាក​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាង​ លើ​នេះ​ ។​

​លោក​បាន​បន្ថែម​ថា​ លំនៅ​ឋាន​ ប្រជាពលរដ្ឋ​ដែល​ត្រូវ​ខ្យល់ព្យុះ​កន្ដ្រាក់​ បោកបក់​បំផ្លាញ​នេះ​មាន​ចំនួន​៣​ឃុំ​ គឺ​ឃុំ​ទួល​គគីរ​,​ ពាម​ក្រសោប​ និង​ឃុំ​ បាក់​ខ្ល​ង​ ខេត្ដកោះកុង​ ។​

​គួរ​បញ្ជាក់​ថា​ នៅ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​ គ្នា​កន្លង​មកនេះ​មាន​ភ្លៀង​ខ្យល់​បាន​ធ្លាក់​និង​ប៉ះ​ទៅ​លើ​ខេត្ដ​-​ក្រុង​មួយ​ចំនួន​បង្ក​ ឱ្យ​មានទឹក​ជន់​លិច​លំនៅ​ឋាន​ ហើយ​នៅ​ ខេត្ដ​ដែល​រងទឹក​ភ្លៀង​ជន់​លិច​ធ្ងន់ធ្ងរ​ជាងគេ​នោះ​គឺ​ខេត្ដកំពត​,​ បាត់ដំបង​ និង​តាម​ ផ្លូវជាតិ​លេខ​៤​ ក្នុង​ខេត្ដ​ព្រះ​សីហ​នុ​កំពុង​ គំរាមកំហែង​ដោយ​ទឹកជំនន់​ទឹកភ្លៀង​ទៅ​លើ​ផ្លូវជាតិ​លេខ​៤​ដែល​អាច​នឹង​កាត់​ ផ្ដាច់​ការ​ធ្វើ​ចរាចរណ៍​ប្រសិនបើ​មេឃ​ នៅ​បន្ដ​ភ្លៀង​ធ្លាក់​មិន​ឈប់​ ។​

​អាជ្ញាធរ​ស្រុក​ប​វេ​ល​ត្រៀម​ជម្លៀស​ ប្រជាជន​ជាង​២០០​គ្រួសារ​ដែល​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​

​ខេត្ដបាត់ដំបង​ ៖​ ប្រជាពលរដ្ឋ​ចំនួន​ ៥​ភូមិ​ក្នុង​ ឃុំ​បឹង​៥​ ស្រុក​ប​វេ​ល​ ខេត្ដ​ បាត់ដំបង​ជាង​១​ពាន់​គ្រួសារ​កំពុង​តែ​ ប្រឈម​ការ​លិចលង់​លំនៅ​ឋាន​ដោយ​ ជំនន់​ទឹកភ្លៀង​ ។​ ក្នុង​នោះ​មាន​ប្រជា​ពល​ រដ្ឋ​ជាង​២០០​គ្រួសារ​ត្រូវ​គេ​រាយការណ៍​ឱ្យ​ដឹង​ថា​ អាជ្ញាធរ​ស្រុក​និង​ឃុំ​រួម​នឹង​ សមត្ថកិច្ច​កំពុង​ជួយ​អន្ដរាគមន៍​ជម្លៀស​ ពួក​គាត់​មក​រស់នៅ​លើ​ទីទួល​សុវត្ថិភាព​ជា​បណ្ដោះអាសន្ន​ ខណៈ​ដែល​ទឹកភ្លៀង​ កំពុង​តែ​ធ្លាក់​មក​ជា​បន្ដបន្ទាប់​រយៈពេល​៣​ថ្ងៃនេះ​ ។​

​ទឹកជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​លំនៅ​ឋាន​ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹង​៥​ត្រូវ​បាន​ លោក​មេឃុំ​ប្រាប់​ឱ្យ​ដឹង​ថា​ ចាប់ផ្ដើម​តាំង​ ពី​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ហើយ​មក​ដល់​ថ្ងៃ​ទី​ ១៧​ ឆ្នាំ​២០១៥​ ជំនន់​ទឹកភ្លៀង​កាន់តែ​ កើនឡើង​ខ្លាំង​បន្ថែម​ទៀត​ ។​ ការ​ជន់​ លិច​ប៉ះពាល់​ទៅ​លើ​លំនៅ​ឋាន​ប្រជា​ ពលរដ្ឋ​ក្នុង​ឃុំ​បឹង​ប្រាំ​ គ្រា​ដែល​ប្រទេស​ កម្ពុជា​យើង​បាន​ទទួល​រង​សម្ពាធ​ទាប​ពី​ ខ្យល់ព្យុះ​ឈ្មោះ​ថា​ វ៉ា​ម​កូ​ឆ្លងកាត់​ភាគ​ កណ្ដាល​ប្រទេស​វៀតណាម​បង្ក​ជា​ទឹកជំនន់​ លិចលង់​នៅ​ប្រទេស​វៀតណាម​ ហើយ​ ឥទ្ធិពល​ខ្យល់ព្យុះ​វ៉ា​ម​កូប​ង្ក​ជា​ភ្លៀង​ធ្វើ​ប៉ះពាល់​ដល់​ខេត្ដ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ ។​

​លោក​ ឈា​ នី​ ប្រធាន​ឃុំ​បឹង​ប្រាំ​បាន​ ប្រាប់​ឱ្យ​ដឹង​ថា​ ភូមិ​ចំនួន​៥​បាន​លិចលង់​ ក្នុង​នោះ​មាន​ភូមិ​កំពុង​តែ​លិចលង់​ខ្លាំង​ ជាងគេ​គឺ​ភូមិ​បឹង​ក្រឡ​ និង​ភូមិ​សំណាង​ ព្រះ​ស្រី​ហើយ​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​នេះ​មាន​ជាង​២០០​គ្រួសារ​ត្រៀម​ជម្លៀស​ ទៅ​រក​ទីទួល​សុវត្ថិភាព​បណ្ដើរ​នោះ​ហើយ​។​ លោក​បាន​បន្ដ​ឱ្យ​ដឹង​ទៀត​ថា​ ជំនន់​ទឹក​ ភ្លៀង​នេះ​ក៏​បាន​ហូរ​ផ្ដាច់​ផ្លូវលំ​មួយ​កន្លែង​ ក្នុង​ឃុំ​ប្រវែង​ជាង​១០០​ម៉ែត្រ​។​ឃុំ​បឹង​ ប្រាំ​ទទួល​រង​គ្រោះ​ទឹកជំនន់​ធ្លាក់​ពី​ភ្នំ​ប្រាំពីរ​ អូរ​ត្រាវ​ជូ​ និង​អូរ​បែក​កាំភ្លើង​ ។​

​លោក​មេឃុំ​បឹង​ប្រាំ​ឱ្យ​ដឹង​ទៀត​ថា​ ជំនន់​ទឹកភ្លៀង​បើសិន​មេឃ​នៅ​តែ​បន្ដ​ ធ្លាក់​ជា​បន្ដបន្ទាប់​ទៀត​ គឺ​ឃុំ​បឹង​ប្រាំ​នឹង​ រង​គ្រោះ​កាន់តែ​ខ្លាំង​ឡើង​ដែល​អាច​បង្ក​ឱ្យ​លិចលង់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​រហូត​ជាង​១​ពាន់​គ្រួសារ​ ។​ ទឹកជំនន់​រយៈពេល​ ២​ថ្ងៃ​ចុង​ក្រោយ​នេះ​ដំណាំ​ស្រូវ​វិញ​មិន​រង​ផល​ប៉ះពាល់​អ្វី​នោះ​ទេ​និង​ប្រជាពលរដ្ឋ​ពុំ​មាន​គ្រោះថ្នាក់​អ្វី​នោះ​ដែរ​ ។​ គ្រាន់តែ​ មាន​សត្វ​គោ​ប្រជាពលរដ្ឋ​១​ក្បាល​នៅ​ ភូមិ​អូរ​ឫស្សី​លង់ទឹក​ងាប់​ និង​សត្វ​មាន់​ ទា​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ផង​ដែរ​ ។​

​សូម​បញ្ជាក់​ថា​ នៅ​ខេត្ដបាត់ដំបង​ ភ្លៀង​ធ្លាក់​ចំនួន​៣​ថ្ងៃ​ជាប់ៗ​គ្នា​គេ​សង្កេត​ឃើញ​ទឹកអូរ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុង​ ស្រុក​ភ្នំព្រឹក​ និង​ស្រុក​សំពៅ​លូន​កំពុង​ តែ​កើនឡើង​ពេញព្រៀប​ ។​ ប៉ុន្ដែ​នៅ​ស្រុក​ ចំនួន​២​នេះ​ពុំ​ទាន់​មាន​សេចក្ដីរាយការណ៍​ ពី​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅឡើយ​នោះ​ទេ​ ។​ ចំណែក​ដងស្ទឹង​សង្កែ​វិញ​គេ​ មើលឃើញ​ថា​ ទឹក​មិន​ទាន់​ឡើង​ខ្លាំង​គួរ​ ឱ្យ​កត់សម្គាល់​នៅឡើយ​នោះ​ដែរ​ ៕​ វិច្ឆិកា​

Keb_1


ចែករំលែក៖