ព័ត៌មានទាន់ហេតុការណ៍៖

ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ​ទប់ស្កាត់​ជ្រូក​ជំងឺ​ត្រចៀក​ខៀវ​១១​ក្បាល​ដែល​ឈ្មួញ​ដឹក​តាម​រថយន្ត​ពី​ខេត្ត​សៀ​មរាប​បម្រុង​យក​ទៅ​ខេត្តបាត់ដំបង​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ ជ្រូក​ចំនួន​១១​ដែល​គេ​រក​ឃើញ​ជា​ជ្រូក​ផ្ទុកមេរោគ​ជម្ងឺ​ត្រចៀក​ខៀវ ​ហើយ​ឈ្មួញ​ដឹក​តាម​រថយន្ត​១​គ្រឿង​ចេញពី​ខេត្តសៀមរាប ​បម្រុង​យក​ទៅ​ខេត្តបាត់ដំបង ​ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បង្ក្រាប ​និង​ចាប់​ដុត​កំទេច​ចោល​អនុវត្ត​តាម​ជំនាញ​ដើម្បី​បង្ការ​ទប់ស្កាត់​មិន​ឱ្យ​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​រាលដាល​ទៅ​កន្លែង​ដទៃ​ទៀត​នោះ​ឡើយ ។

​ការ​ដុត​កំទេច​ចោល​មន្ត្រី​ជំនាញ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​ ក្រោយ​ពី​មន្ត្រី​ជំនាញ​បង្ក្រាប​បាន​នៅ​ចំណុច​ឃុំ​ទឹកជោរ​ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ ​កាលពី​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ដោយ​ឃុំ​ទឹកជោរ​ ឃុំ​នៅ​ជាប់​ព្រំប្រទល់​ខេត្តសៀមរាប​ ដែល​មាន​ផ្ទុះ​ជំងឺជ្រូក​ត្រចៀក​ខៀវ​ ។​

ការ​ទប់ស្កាត់​មិន​ឱ្យ​ជ្រូក​នាំ​ចូល​ពី​ខេត្តសៀមរាប​ដែល​ជា​ខេត្ត​មាន​ករណី​ផ្ទុះ​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​ឆ្លងកាត់​ចូល​ខេត្តបន្ទាយមានជ័យ​ ពី​សំណាក់​មន្ត្រី​ជំនាញ​ពេទ្យសត្វ​គឺ​ដើម្បី​កុំឱ្យ​ឈ្មួញ​យក​សត្វ​ជ្រូក​ដែល​មាន​មេរោគជំងឺត្រចៀក​ខៀវឆ្លងទៅកន្លែង​ផ្សេង​ទៀត​ និង​ក៏​ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​សាច់​ជ្រូក​លក់​នៅ​លើ​ទីផ្សារ​ដែល​មាន​ជំងឺ​ការពារ​នៅ​ពេល​ប្រជាពលរដ្ឋ​ទិញ​បរិភោគ​ ធ្វើបុណ្យ ​ធ្វើ​ទាន​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​ផង​ដែរ​ ។​

​លោក​ ហ៊ុយ​ ទូច​ ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ប្រាប់​ឱ្យ​ដឹង​ថា​ កាលពី​យប់​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៥​ មាន​រថយន្ត​១​គ្រឿង​បាន​ដឹក​សត្វ​ជ្រូក​ចំនួន​១១​ក្បាល ​បម្រុង​នាំ​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ​ ហើយ​នៅ​ពេល​នោះ​ មន្ត្រី​ជំនាញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ឈរជើង​នៅ​ចំណុច​ឃុំ​ទឹកជោរ​ បាន​ចាប់​ឃាត់​រថយន្ត​ និង​ឃាត់ខ្លួន​អ្នក​បើករថយន្ត​ម្នាក់​ និង​ឈ្មួញ​ម្ចាស់​ជ្រូក​១​នាក់​ ដែល​បម្រុង​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ​ទៅ​ខេត្តបាត់ដំបង​។​

​លោក​ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ សត្វ​ជ្រូក​ទាំង​១១​ក្បាល ​បន្ទាប់​មក​មន្ត្រី​ជំនាញ​យក​មក​មន្ទីរ​កសិកម្ម​ខេត្ត​ដើម្បី​តាមដាន​ ហើយ​បូម​ឈាម​យក​ទៅ​ពិនិត្យ​វិភាគ​ក្នុង​មន្ទីរពិសោធន៍​ រក​ឃើញ​ថា ​ជ្រូក​ទាំង​១១​ក្បាល​នោះ​ជា​ជ្រូក​មាន​ផ្ទុកមេរោគ​ជំងឺត្រចៀក​ខៀវ​ ។​

​លោក​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពិនិត្យ​ ឃើញ​រក​មេរោគ​ជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ​មន្ត្រី​ ជំនាញ ​ក៏​សុំ​គោលការណ៍​ថ្នាក់លើ​ហើយកាប់​ដុត​កំទេច​ និង​យក​ទៅ​កប់​ចោល​តាម​លក្ខណៈ​បច្ចេកទេស​កុំឱ្យ​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​រាល​នៅ​ខេត្តបន្ទាយមានជ័យ​ ។​

​លោក​ ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ មក​ដល់​ពេល​នេះ​ ខេត្តបន្ទាយមានជ័យ​ពុំ​មាន​ករណី​រាលដាលជំងឺ​ជ្រូក​ត្រចៀក​ខៀវ​នៅឡើយ​នោះ​ទេ​ ដោយ​មន្ត្រី​ជំនាញ​កំពុង​មាន​វិធាន​បង្ការ​ការ​ទប់ស្កាត់​ត្រួតពិនិត្យ​យ៉ាង​ម៉ឺងម៉ាត់​នៅ​សត្វ​ជ្រូក​ដែល​ឈ្មួញ​កំពុង​តែ​ពី​ខេត្តសៀមរាប​ចូល​មក​ខេត្តបន្ទាយមានជ័យ ​៕​សំ​ វិច្ឆិកា​

IMG_5403

IMG_5400


ចែករំលែក៖