ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិ​ដើម​ភាគតិច​កា​-​ចក់​ម្នាក់​ប្រចណ្ឌ​ប្រពន្ធ​ ពេល​បែក​ការណ៍​ដល់​អ្នក​ភូមិ​ ត្រូវ​គេ​បង្គាប់​ឲ្យ​កាប់​ក្របី​ផើម​៧​ខែ​មួយ​ក្បាល់​សែនព្រេន​ដើម្បី​ឲ្យ​អស់​ចង្រៃ​

ចែករំលែក៖

​ខេត្តរតនគិរី​៖​ បុរស​ម្នាក់​ជនជាតិ​ដើម​ភាគតិច​កា​-​ចក់​ម្នាក់​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ​មន្ត្រី​ប៉ូលិស​ លុះ​ពេល​បែក​ការណ៍​ដឹង​ឮ​ដល់​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​ដូច​គ្នា​នោះ​ ត្រូវ​គេ​បង្គាប់​ឲ្យ​កាប់​ក្របី​ផើម​៧​ខែ​មួយ​ក្បាល​សែនព្រេន​ដើម្បី​ឲ្យ​អស់​ចង្រៃ​ តាម​ប្រពៃណី​ ទំនៀមទម្លាប់​របស់​ពួក​គេ​ ។​

​នៅ​ភូមិភាគ​ឦ​សាន្ត​ ទំ​លៀម​ទំលាប់​ប្រពៃណី​ជនជាតិ​ដើម​ ភាគតិច​នៅ​តែ​ គោរព​ប្រពៃណី​របស់​ខ្លួន​តាំងពី​ដូនតា​ យូរលុង​មក​ហើយ​ ឲ្យ​តែ​មាន​ហេតុ​ការ​អ្វី​កើតឡើង​អាក្រក់​ នៅ​ក្នុងភូមិ​របស់​ពួក​គាត់​ តែងតែ​នាំ​គ្នា​ធ្វើ​កម្មវិធី​កាប់​គោក្របី​ ជ្រូក​ សែន​ភូមិ​ ។​ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​១០​ព្រឹក​ ស្ថិត​នៅ​ភូមិ​កា​ជួត​ ឃុំ​ញ៉ា​ង​ ស្រុក​អណ្តូង​មាស​ ឆ្លងទន្លេ​ត្រើយ​ខាងជើង​ចំងាយ​ប្រហែល​១​គីឡូម៉ែត្រ​ មានកម្ម​វិធី​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ដោយ​មាន​បុរស​ម្នាក់​មានឈ្មោះ​ រ​ចំ​ ហើ​ន​ អាយុ​ ៣៣​ឆ្នាំ​ ជនជាតិ​ដើម​ភាគតិច​ កាចក់​ និង​ប្រប​ន្ធ​ឈ្មោះ​ សិ​ល​ ភឿ​ម​ អាយុ​ ២៩​ឆ្នាំ​ ជនជាតិ​ទំពួន​ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​ មាន​មុខរបរ​កសិករ​ និង​លក់​គ្រឿងទេស​បន្តិចបន្តួច​នៅ​ក្នុងផ្ទះ​ ។​

​ទាក់ទិន​នឹង​រឿង​ខាងលើ​នេះ​ដែរ​ ត្រូវ​បាន​បុរស​ជា​ប្តី​រៀបរាប់​ ប្រាប់​អ្នក​យក​ព័ត៌មាន​នគរវត្ត​ ទាំង​អួរ​ដើម​កថា​ តាំងពី​ចាប់ដៃ​គ្នា​ជាមួយ​ប្រពន្ធ​ អស់​រយៈពេល​ជិត​១០​ឆ្នាំ​ មក​ហើយ​ថែម​ទាំង​មានកូន​៣​នាក់​ក្នុង​បន្ទុក​ កូនច្បង​អាយុ​១០​ឆ្នាំ​ក្រុម​គ្រួសារ​គាត់​ មិន​ដែល​មាន​ជម្លោះ​ទាស់ទែង​គ្នា​អ្វី​បន្តិច​ឡើយ​ គឺ​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់​ ទើបតែ​ក្នុង​រយៈពេល​២​ទៅ​៣​ខែ​នេះ​មក​ មាន​មន្ត្រី​ប៉ូលិស​ម្នាក់​មាន​ ឈ្មោះ​ មាស​ សុភាព​ ជា​មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ខេត្តរតនគិរី​ មក​ចង​អង្រឹង​ដេក​នៅ​មុខ​ផ្ទះ​គាត់​មក​ចាំ​យក​លុយ​ពី​ឡាន​ និង​ម៉ូតូ​ដឹកឈើ​កាត់មុខ​ផ្ទះ​គាត់​ក្នុង​ចំណុច​សំខាន់​ដែល​គាត់​បាន​ចោទ​ថា​ ប្រពន្ធ​របស់​គាត់​ឈ្មោះ​ សិ​ល​ ភឿ​ម​ បាន​លួច​ស្រឡាញ់​មន្ត្រី​ប៉ូលិស​អស់​រយៈពេល​១​ខែ​ហើយ​ ដោយ​បានឃើញ​លេខ​ទូរស័ព្ទ​របស់​ឈ្មោះ​ មាស​ សុភាព​ នៅ​ក្នុង​ទូរស័ព្ទ​របស់​ប្រពន្ធ​គាត់​ ទូរស័ព្ទ​ឆ្លើយឆ្លង​គ្នា​ញឹកញាប់​ ហើយ​ប្តី​បាន​លុប​លេខ​ទូរស័ព្ទ​ ចោល​ចំនួន​៣-៤​ដង​ និង​ស្តីប្រដៅ​ប្រពន្ធ​ឈប់​ឲ្យ​មាន​លេខ​ទូរស័ព្ទ​ មន្ត្រី​ប៉ូលិស​ខាងលើ​នេះ​តទៅ​ទៀត​ តែ​ប្រពន្ធ​មិន​ព្រម​ស្តាប់​ទេ​ នៅ​តែ​ផ្គើន​បន្ត​ទៀត​ ហើយ​ចំណុច​ពិសេស​នោះ​ ដេក​នៅ​ពេល​យប់​គឺ​ប្រពន្ធ​មាន​ច​រិ​ក​ប្លែក​ពី​មុន​ ពេល​គាត់​ដេក​ជិត​ ប្រពន្ធ​មិន​ឲ្យ​ដេក​ជិត​ទេ​ ប៉ះ​ខ្លួន​ប្រពន្ធ​បន្តិចបន្តួច​ តែងតែ​ក្តិចខ្ញាំ​គាត់​ ។​

​ប្រភព​បន្ត​ថា​ ប្រពន្ធ​របស់​លោក​តែងតែ​យក​កូន​ដេក​ នៅ​ពាំង​កណ្តាល​ អស់​រយៈពេល​១​ខែ​កន្លង​មក​ហើយ​ ហើយ​កើតជា​រឿង​ធ្វើ​ឲ្យ​គាត់​ជា​ប្តី​មានការ​សង្ស័យ​ និង​ខឹងសម្បា​យ៉ាង​ខ្លាំង​ រួច​មក​លោក​បាន​ តាមដាន​ប្រពន្ធ​មានការ​ទំនាក់ទំនង​ល្អ​ និង​ដើរ​ផឹកស៊ី​ជាមួយ​ឈ្មោះ​ មាស​ សុភាព​ ជា​មន្ត្រី​ប៉ូលិស​ជា​ញឹកញាប់​ថែម​ទៀត​ផង​ ។​

​បុរស​ជា​ប្តី​បាន​បន្ត​ទៀត​ថា​ នៅ​យប់​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​១២​យប់​ ឈ្មោះ​មាស​ សុភាព​ បាន​ហៅ​ប្រពន្ធ​គាត់​ និង​គាត់​ជា​ប្តី​ទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ទីរួមស្រុក​អណ្តូង​មាស​ គាត់​ជា​ប្តី​ និង​ប្រពន្ធ​រួម​ទាំង​អ្នក​ភូមិ​២-៣​នាក់​ទៀត​ ព្រមទៅ​ជាមួយ​ តែ​អកុសល​និយាយ​ថ្លៃ​ទូកដរ​អត់​ត្រូវ​ថ្លៃ​គ្នា​ ដោយ​ម្ចាស់​ទូកដរ​ទារ​ថ្លៃ​ឆ្លង​២០​ម៉ឺន​រៀល​ ឈ្មោះ​ភាព​ មាន​លុយ​តែ​៦​ម៉ឺន​រៀល​ក៏​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​ ក៏​នាំ​គ្នា​ដេក​រៀងៗ​ខ្លួន​ ។​

​ប្រភព​បន្ត​ទៀត​ថា​ លុះ​មក​ដល់​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ចាប់ពី​ព្រឹក​ព្រលឹម​ គាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​ឈ្លោះ​ទាស់ទែង​គ្នា​ពី​រឿង​ប្រច័ណ្ឌ​ដល់​ម៉ោង​៣​រសៀល​ គាត់​បាន​វ៉ៃ​ទូរ​ទូ​ស្សន៍​បែក​អស់​១​គ្រឿង​ និង​វាយ​ម៉ូតូ​បែក​បន្តិចបន្តួច​ ។​

​ក្រោយមក​ទៀត​ពួក​គាត់​ឈ្លោះ​ទាស់ទែង​គ្នា​កាន់តែ​ធំ​ឡើង​បែប​នេះ​គឺ​ម្តាយ​ខាង​ប្រពន្ធ​ (​ម្តាយក្មេក​)​ និង​ឈ្មោះ​ មាស​ សុភាព​ បាន​មក​លួងលោម​គាត់​ជា​ប្តី​កុំ​ឲ្យ​ឈ្លោះ​គ្នា​បន្ត​ទៅ​ទៀត​ ក៏​ឃើញ​មុខ​ឈ្មោះ​ មាស​ សុភាព​ នេះ​បុរស​ជា​ប្តី​មាន​កំហឹង​កាន់តែ​ខ្លាំង​ឡើង​ ធ្វើ​ឲ្យ​គាត់​ជា​ប្តី​កាន់​ស្នា​តេះ​រត់​ចូល​ព្រៃ​បាត់​ ។​ រួច​ហើយ​ម្តាយក្មេក​ និង​ឈ្មោះ​មាស​ សុភាព​ បាន​តេ​ទូរស័ព្ទ​ប្តឹង​ទៅ​លោក​ សុវណ្ណ​ធិ​ន​ អធិការ​ស្រុក​អណ្តូង​មាស​ ចាប់​បុរស​ជា​ប្តី​ដាក់​ខ្នោះ​ យក​ទៅ​អធិការ​ស្រុក​អណ្តូង​មាស​ អប់រំ​បាន​រយៈពេល​១​ម៉ោង​ក្រោយមក​ ទើប​ដោះ​លែង​បុរស​ជា​ប្តី​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ ។​

​ទាក់ទិន​រឿង​ខាងលើ​អធិការ​ស្រុក​អណ្តូង​មាស​លោក​ សុវណ្ណ​ធិ​ន​ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​វេលា​ម៉ោង​១០​ព្រឹក​ថា​ លោក​មិន​បាន​ចាប់​នោះ​ទេ​ គ្រាន់តែ​ហៅ​បុរស​ជា​ប្តី​មក​ អប់រំ​កុំ​ឲ្យ​ឈ្លោះ​ទាស់ទែង​ជាមួយ​ប្រពន្ធ​ និង​វាយ​របស់របរ​ក្នុងផ្ទះ​ចោល​តែ​ប៉ុណ្ណោះ​ ។​ គាត់​ឈ្លោះ​គ្នា​ដោយសារ​បុរស​ជា​ប្តី​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ​ឈ្មោះ​ មាស​ សុភាព​ តែ​ឯ​រឿង​ស៊ីជំរៅ​លោក​អធិការ​អត់​បានដឹង​ទេ​ ។​

​ឈ្មោះ​ មាស​ សុភាព​ ដែល​រង​ការ​ចោទប្រកាន់​ថា​ ស្រឡាញ់​ប្រពន្ធ​គេ​នោះ​ បាន​បំភ្លឺ​ថា​ គាត់​ពិតជា​បាន​ចង​អង្រឹង​ដេក​នៅ​មុខ​ផ្ទះ​ប្តី​ ប្រពន្ធ​ខាងលើ​នេះ​ពិតប្រាកដ​មែន​ តែ​គាត់​អត់​បាន​ស្រឡាញ់​ប្រពន្ធ​ ឈ្មោះ​ រ​ចំ​ ហើ​ន​ នោះ​ទេ​ ការ​ចោទប្រកាន់​ខាងលើ​ គឺ​ខុស​ហើយ​ គាត់​រាប់អាន​គ្នា​ធម្មតា​ចេញ​ ចូល​ទិញ​ទឹក​សុទ្ធ​ ស្រា​ផឹក​។​

​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ សិ​ល​ ភឿ​ម​ បាន​បំភ្លឺ​ថា​ គាត់​ហ៊ាន​ស្បថ​ គ្មាន​ផិតក្បត់​ប្តី​ទៅ​ស្រឡាញ់​ឈ្មោះ​ មាស​ សុភាព​ នោះ​ឡើយ​ លេខ​ទូរស័ព្ទ​ដែល​មាននៅ​ក្នុង​ទូរស័ព្ទ​របស់​គាត់​នោះ​គឺ​ ឈ្មោះ​មាស​ សុភាព​ បាន​ផ្តាំ​គាត់​ ថា​ បើ​មាន​ឈើប្រណិត​ដឹក​តាម​ម៉ូតូ​ និង​តាម​រថយន្ត​ឆ្លង​កាត់មុខ​ផ្ទះ​របស់​គាត់​នោះ​ ឲ្យ​ជួយ​ទូរស័ព្ទ​ប្រាប់​គាត់​(​ មាស​ សុភាព​)​ផង​ គាត់​នឹង​ឲ្យ​លុយ​ចាយ​តែ​ប៉ុណ្ណោះ​ ។​

​ទំ​លៀម​ទំលាប់​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​កា​-​ចក់​ ត្រូវ​បាន​បុរស​ជា​ប្តី​ឈ្មោះ​ រ​ចំ​ ហើ​ន​ បាន​រៀបរាប់​ថា​ ជនជាតិ​របស់​គាត់​តាំងពី​យូរលង់​ណាស់​មក​ហើយ​ ហាម​ដាច់ខាត​ បើ​មាន​ប្រពន្ធ​ផិត​ប្តី​ ឬ​ប្តី​ផិត​ប្រពន្ធ​ឈាន​ទៅ​ដល់​បែក​ការណ៍​ដឹង​ដល់​អ្នក​ភូមិ​ គឺ​អ្នក​ភូមិ​ចោទ​ថា​ ជា​មនុស្ស​ចង្រៃ​ បើ​ចាស់​ពី​ដើម​មានរឿង​បែប​នេះ​ គេ​យក​ទៅ​សម្លាប់​ចោល​ មិន​ថា​ ប្រុស​ ឬ​ស្រី​នោះ​ទេ​ និង​បង្គាប់​ឲ្យ​កាប់​គោ​ ក្របី​ជា​ច្រើន​ក្បាល​ដើម្បី​សែន​ឲ្យ​ប្រពៃណី​ និង​មនុស្ស​រស់នៅ​ក្នុងភូមិ​ឲ្យ​ពួក​គាត់​អស់ចិត្ត​ ។​

​បុរស​ជា​ប្តី​បាន​បន្ត​ទៀត​ថា​ មក​ដល់​បច្ចុប្បន្ន​នេះ​ ប្រពៃណី​ជនជាតិ​ដើមកា​-​ចក់​ បាន​ជម្រុះ​ចោល​អស់​ពាក់កណ្តាល​ហើយ​ នៅ​ត្រឹមតែ​សែនព្រេន​ទេ​។​ ជាក់ស្តែង​របស់​គាត់​ដែល​ថា​ ប្រពន្ធ​លួច​ស្រឡាញ់​ប្រុស​ផ្សេង​នោះ​ ត្រូវ​អ្នក​ភូមិ​បង្គាប់​ឲ្យ​សែន​ក្របី​មេ​ផើម​៧​ខែ​មួយ​ក្បាល​យ៉ាង​ធំ​ ដើម្បី​ឲ្យ​ពួក​អ្នក​ភូមិ​អស់ចិត្ត​ និង​អស់​ចង្រៃ​ និង​ទំ​លៀម​ទំលាប់​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​កា​-​ចក់​ ។​ លោក​បាន​បញ្ជាក់​បន្ថែម​ថា​ ពេល​នេះ​អ្នក​ភូមិ​លែង​ខឹង​ប្តី​ប្រពន្ធ​ពួក​គាត់​ទៀត​ហើយ​ ៕​ អ៊ុ​ច​សា​វុ​ទ្ធ​

kachok minority (1)

kachok minority (2)

kachok minority (4)

kachok minority (3)


ចែករំលែក៖