ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន​ជាង​២០០០​មក​ពី​បណ្ដាល​ប្រទេស​អាស៊ាន ​និង​ប្រទេស​ដៃគូ​ចូលរួម​ពិព័រណ៍​ CAEXPO​ 2015​

ចែករំលែក៖

​ណា​ន​និង​ ៖​ នេះ​ជា​ឆ្នាំ​ទី​១២​ដែល​ទីក្រុង​ណា​ន​នី​ង​នៃ​ខេត្ត​ស្វ័យភាព​គ័​រង​ស៊ី​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ជា​ម្ចាស់ផ្ទះ​រៀបចំ​ពិព័រណ៍​អាស៊ាន​ចិន​(12th​ China​ ASEAN​ Expo)​ និង​ជា​ជំនួប​កំពូល​ពាណិជ្ជកម្ម​ និង​វិនិយោគទុន​ចិន​អាស៊ាន​ ។​

​ពិធី​នេះ​ ប្រារព្ធ​ឡេ​ី​ង​នៅ​ថ្ងៃ​១៨​ដល់​២១​កញ្ញា​ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត​អន្តរជាតិ​ទីក្រុង​ណា​ន​នី​ង​(NICEC)​ ចំណែក​ CABIS​ ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​១៨​កញ្ញា​នៅ​ NICEC​ ។​

​ថ្លែង​ក្នុង​សន្និសីទ​សារ​ព​ត៌​មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​កញ្ញា​នៅ​សណ្ឋាគារ​យ៉ុ​ង​ចូ​វ​ទីក្រុង​ណា​ន​នី​ង​ លោក​ ហ៊ូ​ ស៊័​រ​ជី​ន​ (Hu​ Suo​ Jin)​ អគ្គនាយករង​នៃ​ការិយាល័យ​ទូទៅ​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​គ័​រង​ស៊ី​បានឱ្យ​ដឹង​ថា​អ្នក​ដាក់​ពាក្យសុំ​ចូលរួម​តាំងពិព័រណ៍​ បាន​ស្នើ​សុំ​តាំង​ពិ​ព័រ​ណ័​ចំនួន​៥៥៦៣​ស្តង់​ ដែល​ច្រើន​ជាង​ផែនការ​២១​ភាគរយ​។​សហគ្រាស​ចំនួន​២២០៧​ បាន​ត្រូវ​ទទួលយក​និង​ជាប់​បាន​ចូលរួម​ហើយ​មាន​ស្តង់​ចំនួន​៤៦០០​ស្តង់​ដែល​ក្នុង​នោះ​១២៩៦​ស្តង់​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​។​ក្រុមហ៊ុន​និង​សហគ្រាស​ធំៗ​ ស្ថាប័នហិរញវត្ថុ​របស់​ចិន​ចំនួន​៥០០​ដែល​រួម​មាន​ធនាគារ​ចិន​ផង​នោះ​ក៏​នឹង​ចូលរួម​ផង​ដែរ​។​

​ដោយឡែក​ស្តង់​ទំនិញ​របស់​កម្ពុជា​ចំនួន​៨៨​ស្តង់​ត្រូវ​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​អាស៊ាន​នេះ​ ។​ បើ​តាម​លោក​សុខ​ ដា​រិ​ទ្ធ​ ប្រធាន​នាយកដ្ឋាន​កិច្ចការ​តាំងពិព័រណ៍​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា​ផលិតផល​របស់​កម្ពុជា​ដែល​នឹង​ចូលរួម​មាន​ដូច​ជា​៖​ អង្ករ​ ភេសជ្ជៈ​ ផលិតផល​កែ​ច្នៃ​ម្ហូបអាហារ​ សិប្បកម្ម​កែ​ច្នៃ​ គ្រឿងសង្ហារិម​ សេវា​ទេសចរណ៍​សណ្ឋាគារ​ គ្រឿងអលង្ការ​ និង​ផលិត​ ផល​ជា​ច្រើន​ទៀត​។​

​លោក​ ហ៊ូ​ ស៊័​រ​ជី​ន​ បាន​មាន​ប្រសាសន៍​ថា​កម្មវិធី​និង​សន្និសីទ​ស្តី​ពី​ការ​លើកកម្ពស់​ពាណិជ្ជកម្ម​និង​ការ​វិនិយោគទុន​ចំនួន​៨១​ នឹង​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ CAEXPO​ 2015​ នេះ​។​អ្នក​វិនិយោគទុន​ចំនួន​៨៥​ក្រុម​មក​ពី​ប្រទេស​ចិន​ សាធារណរដ្ឋ​កូរ៉េ​ ហុងកុង​ ជប៉ុន​ ឥណ្ឌា​ អូស្ត្រាលី​ នូ​វែ​ល​ហ្សេ​ឡង់​ បណ្តា​ប្រទេស​នៅ​អា​មេ​រិ​ក​ខាងជើង​និង​សហភាព​អឺរ៉ុប​ក៏​នឹង​ចូលរួម​ផ​ក្នុង​ពិព័រណ៍​ផង​ដែរ​។​

​លោក​បាន​បញ្ជាក់​ថា​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ចិន​ ឧបនាយករដ្ឋមន្ត្រី​ថៃ​ ឡាវ​និង​វៀតណាម​ អនុ​ប្រធានាធិបតី​មី​យ៉ា​ន់​ម៉ា​ ចំណែក​កម្ពុជា​ លោក​ ស៊ុន​ ចាន់​ថុ​ល​ ទេស​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​នេះ​។​

​ពិព័រណ៍​ចិន​ អាស៊ាន​ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ចិន​ ជាមួយនឹង​រដ្ឋាភិបាល​របស់​អាស៊ាន​ទាំង​១០​ប្រទេស​ដែល​មាន​៖​ ព្រុយ​ណេ​ដា​រុ​ស្សា​ឡឹម​ កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ ឡាវ​ ម៉ា​ឡេ​ស៊ី​ មី​យ៉ា​ន់​ម៉ា​ ហ្វ៊ី​លី​ពី​ន​ សិង្ហ​បុរី​ ថៃ​ និង​វៀតណាម​។​ គំនិត​ផ្តួចផ្តើម​នេះ​ ត្រូវ​បាន​ចាប់ផ្តើម​អនុវត្តន៍​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៤​។​ ពិព័រណ៍​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​លើ​គ្រប់​វិស័យ​រវាង​ចិន​ និង​អាស៊ាន​ក៏​ដូច​ជា​ជំរុញ​ឲ្យ​មាន​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ដៃគូ​យុទ្ធសាស្ត្រ​លើ​សក្តានុពល​នៃ​វិស័យ​ពាណិជ្ជកម្ម​ឧស្សាហកម្ម​ កសិកម្ម​ បច្ចេកវិទ្យា​ទំនើប​ និង​វិស័យ​ផ្សេងៗ​ទៀត​ រវាង​ចិន​ និង​អាស៊ាន​។​

​ របាយការណ៍​ពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​គ័ង​ស៊ី​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​២០១២​ទំហំ​ពាណិជ្ជកម្ម​រវាង​ខេត្ត​ក្វា​ង​ស៊ី​ និង​កម្ពុជា​ មាន​ចំនួន​២១​លាន​ដុល្លារ​អាម៉េរិក​ គឺ​កើនឡើង​១៧​ភាគរយ​។​ នៅ​ឆ្នាំ​២០១៣​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​ បាន​កើនឡើង​ជាង​១៥​ភាគរយ​បន្ថែម​ទៀត​។​គិត​ត្រឹម​ឆ្នាំ​២០១៣​ ទំហំ​វិនិយោគ​ពី​ខេត្ត​ក្វា​ង​ស៊ី​មក​ កាន់​ប្រទេស​កម្ពុជា​ មាន​ចំនួន​៣០​គម្រោង​ស្មើនឹង​ទំហំ​ទឹកប្រាក់​ចំនួន​៣៨០​លាន​ដុល្លារ​អាម៉េរិក​។​ ទន្ទឹម​គ្នា​នេះ​កម្ពុជា​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​បង្កើត​នូវ​គម្រោង​ពាណិជ្ជកម្ម​ចំនួន​១០​នៅ​ខេត្ត​ក្វា​ង​ស៊ី​ ដែល​មាន​តម្លៃ​ស្មើនឹង​ជាង​៨,៩​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​នោះ​ទឹកប្រាក់​ជាក់ស្តែង​ជាង​៣,១​លាន​ដុល្លារ​អាមេរិក​ ៕ ​ស​ ដា​រ៉ា​

DSC_3453

DSC_3459

DSC_3446

DSC_3441


ចែករំលែក៖