ប៉ូលិសប្រទេសថៃបានអះអាងថា គ្រាប់បែកមួយគ្រាប់ត្រូវក្រុមវាយប្រហារបំផ្ទុះឡើងតាមម៉ូតូអត្តឃាតដែលចតនៅខាងក្រៅព្រះវិហារមួយស្ថិតនៅខេត្តភាគខាងត្បូងដែលដាច់ស្រយាល់បំផុតរបស់ថៃ សម្លាប់មនុស្ស ២នាក់ និង១៤នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ។ ប៉ូលិសអះអាងថា ជនវាយប្រហារនេះគឺជាក្រុមកុលសម្ព័ន្ធភាគតិចផ្តាច់ខ្លួននិយមម៉ាឡេស៊ី ។
ហេតុការណ៍វាយប្រហារគ្រាប់បែកនេះ គឺជាករណីទីមួយក្នុងចំណោមហេតុការណ៍ទាំង៥ដែលបានផ្ទុះឡើងនៅវេលារសៀល ស្ថិតនៅស្រុកមួយ ក្នុងខេត្តណារ៉ាធីវាត់ ជាខេត្តមួយក្នុងចំណោមខេត្ត៣របស់ថៃ ដែលមានក្រុមឧទ្ទាមជ្រុលនិយមអិស្លាមជ្រកកោន និងរស់នៅភាគច្រើនបំផុត ហើយជានិច្ចកាលបានបង្កហិង្សាវាយប្រហារប្រឆាំងទៅលើរដ្ឋាភិបាលថៃនោះ ។
នាយប៉ូលិសជាន់ខ្ពស់ក្នុងតំបន់ លោក Pakdee Preechachon បានថ្លែងថា ក្នុងចំណោមជនរងគ្រោះដែលបាត់បង់ជីវិត និងអ្នករងរបួសទាំងនោះ រួមមានប៉ូលិសថៃផងដែរ ។ លោកបញ្ជាក់ថា ជាតិផ្ទុះដែលមិនទាន់ផ្ទុះ៣ទៀតត្រូវបានរកឃើញនៅកន្លែងជាមួយគ្នានោះដែរ ។
មិនថាតែពេលនេះ ក៏ដូចជាពេលកន្លងមកនោះទេ ការវាយប្រហារនៅតំបន់ភាគខាងត្បូងរបស់ថៃនេះ តែងតែពុំមានប្រភពណាមួយចេញមុខប្រកាសទទួលស្គាល់ខុសត្រូវនោះទេ ។
ចាប់តាំងពីឆ្នាំ២០០៤កន្លងមក គឺក្រោយពីមានការផ្ទុះហិង្សាជាបន្តបន្ទាប់ស្ថិតនៅក្នុងខេត្តយ៉ាឡា ប៉ាតានី និង ណារ៉ាថីវាត់ របស់ថៃដែលមានព្រំដែនជាប់ជាមួយប្រទេសម៉ាឡេស៊ីនោះបានបណ្តាលឲ្យមនុស្សជាង៦៥០០នាក់បាត់បង់ជីវិត ។ ជម្លោះហិង្សាកើតឡើងដោយសារតែមានការប្រឆាំងគ្នារវាងអ្នកកាន់សាសនាមូស្លីម នឹងអ្នកកាន់សាសនាព្រះពុទ្ធ ៕