ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​តេ​ជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ចូល​បុណ្យ​គម្រប់​១០០​ថ្ងៃ​សពសម្ដេច​ ជា​ ស៊ី​ម​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ពិធីបុណ្យ​គម្រប់​ ១០០​ថ្ងៃ​ សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ អតីត​ប្រធាន​ព្រឹទ្ធសភា​ និង​ជា​អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​ក្រុម​គ្រួសារ​ កូនចៅ​ សាច់ញាតិ​ ប្រារព្ធ​ពិធីបុណ្យ​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ទៅ​តាម​កន្លង​ប្រពៃណី​នៃ​ ព្រះពុទ្ធ​សាសនា​ រយៈពេល​៤​ថ្ងៃ​ នៅ​ភូមិ​ គ្រឹះ​របស់​ សម្ដេច​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ។​

​ក្នុង​ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្ដេច​ អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ រួម​ទាំង​ថ្នាក់ដឹកនាំ​ ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ និង​មន្ត្រី​រាជរដ្ឋាភិបាល​ ជា​ច្រើន​រូប​ទៀត​។​

​ពិធីបុណ្យ​បាន​រៀបចំ​តាម​ប្រពៃណី​ ព្រះពុទ្ធ​សាសនា​ ដោយ​បាន​ធ្វើ​បទ​នមស្ការ​ចំពោះ​ព្រះ​រត្នត្រ័យ​ សមាទានសីល​ ក្រោម​ព្រះ​វត្តមាន​សម្ដេចព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ​ និង​មាន​ពិធីរាប់បាត្រ​ព្រះសង្ឃ​ចំនួន​១០៨​អង្គ​ ដើម្បី​ជា​ការ​ឧទ្ទិស​នូវ​កុសលផល​ បុណ្យ​ជូន​ដល់​ដូង​វិញ្ញាណក្ខន្ធ​ សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​៨​ ខែមិថុនា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ក្នុង​ជន្មាយុ​ ៨៣​ឆ្នាំ​ ដោយ​ជរាពាធ​។​

​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​ នៅ​ថ្ងៃស្អែក​ទី​១៨​ខែកញ្ញា​ នឹង​មាន​ពី​ធី​ដង្ហែ​អដ្ឋិធាតុ​ របស់​សម្ដេច​តាម​ក្បួន​រថយន្ត​ឆ្ពោះទៅ​កាន់​ស្រុក​កំណើត​របស់​សម្ដេច​ ភូមិ​កន្លែង​ជ្រៅ​ ឃុំ​ក្របៅ​ ស្រុក​កំចាយមា​ ខេត្តព្រៃវែង​ ដើម្បី​តម្កល់​ទុក​នៅ​មហា​ចេតិយ​ ក្នុង​ទឹកដី​ភូមិកំណើត​របស់​សម្ដេច​។​

ទោះបីជា​ការ​បាត់បង់​រូប​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ បាន​កន្លង​ផុត​ទៅ​មាន​រយៈពេល​១០០​ថ្ងៃ​ទៅ​ហើយ​ក្ដី​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ គ្រប់​ជាន់ថ្នាក់​មានការ​សោកស្តាយ​និង​នៅ​តែ​ចង​ចាំ​ជា​និច្ច​ អំពី​គំរូ​វីរភាព​ដ៏​អង់អាច​យ៉ាង​ធំធេង​របស់​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ដែល​ជា​វីរជន​ដ៏​កំពូល​របស់​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ក្នុង​មួយ​ជីវិត​របស់​សម្ដេច​ បាន​ខិតខំ​ប្រឹងប្រែង​ តស៊ូ​ ដើម្បី​ឯករាជ្យ​ជាតិ​ ពិសេស​បាន​ពុះពារ​រាល់​ឧបសគ្គ​ ដើម្បី​ សង្គ្រោះ​ជាតិ​ កសាង​សន្តិភាព​ ផ្សះផ្សា​ បង្រួបបង្រួម​ជាតិ​ ការពារ​ស្តារ​ និង​អភិវឌ្ឍន៍​ជាតិ​ មាតុភូមិ​កម្ពុជា​រហូត​មក​។​

នៅ​ក្នុង​បេសកកម្ម​បម្រើ​ប្រទេស​ជាតិ​ សម្ដេច​អគ្គ​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ បាន​លះបង់​យ៉ាង​ធំធេង​ក្នុង​បេសកកម្ម​ប្រវត្តិសាស្ត្រ​សង្គ្រោះ​ជាតិ​ ជាមួយ​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង​ សំ​រិ​ន​ ,​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ក្នុង​ការ​ដឹកនាំ​ចលនា​តស៊ូ​រំដោះជាតិ​ និង​ប្រជាជន​ពី​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​នៅ​ថ្ងៃ​ទី​៧​ មក​រា​ ១៩៧៩​។​

ក្នុង​នាម​ក្រុម​គ្រួសារ​ ទាំងមូល​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ និង​លោក​ជំទាវ​ បាន​ធ្វើ​គារវកិច្ច​ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន​របស់​ថ្នាក់ដឹកនាំ​ និង​ភ្ញៀវ​កិត្តិយស​ទាំងអស់​ ដែល​បាន​អញ្ជើញ​ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យខួប​គម្រប់​១០០​ថ្ងៃនេះ​ ដែល​ជា​សក្ខីភាព​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​គោរព​ស្រឡាញ់​ និង​សោកស្តាយ​ចំពោះ​ការ​បាត់បង់​វត្តមាន​របស់​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​ សាល​ ជា​ ស៊ី​ម​ ដែល​ ក្នុង​មួយ​ជីវិត​ របស់​សម្ដេច​ សម្ដេច​មានគុណ​បំណាច់​ដ៏​ធំធេង​ បាន​ធ្វើ​ពលិកម្ម​នៅ​ក្នុង​បុព្វហេតុ​ដើម្បី​ជាតិ​ មាតុភូមិ​ជាទី​ស្នេហា​នៃ​យើង​ ដែល​មិន​អាច​បំភ្លេច​បាន​ឡើយ​ ៕

4

1

2

3


ចែករំលែក៖