ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច​ចាប់​ការ​ដឹក​ជញ្ជូន​ផល​នេសាទ​ខុសច្បាប់​ជាង​២.០០០​គីឡូក្រាម​ ប្រគល់​ឱ្យ​ជំនាញ​រដ្ឋបាល​ជលផល​

ចែករំលែក៖

​ខេត្តពោធិ៍សាត់​៖​ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់​ ចុះ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ក្រគរ​ ចុះ​បង្ក្រាប​ចាប់​បានការ​ដឹក​ជញ្ជូន​ផល​នេសាទ ​ដែល​គេ​ចាប់ពី​ឧបករណ៍​ខុសច្បាប់​ក្នុង​រដូវ​បិទ​នេសាទ​បាន​ជាង​២០០០​គីឡូក្រាម​ ប្រគល់​ឱ្យ​ជំនាញ​រដ្ឋបាល​ជលផល​ចាត់ការ​បន្ដ​តាម​នីតិវិធី​ ។​

​ប្រតិបត្តិការ​នគរបាល​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ផល​នេសាទ​ខុសច្បាប់​ ក្នុង​រដូវ​បិទ​នេសាទ​ខាងលើ​ ប្រព្រឹត្ត​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦​ និង​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​កំពង់ដរ​មាត់ទឹក​ ស្ថិត​ក្នុងភូមិ​ទី​៤​ ឃុំ​កំពង់​លួង​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។​

​លោក​អនុសេនីយ៍ឯក​មាស​ ប៊ុ​ន​ធឿ​ន​ នាយ​ផ្នែក​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់​ ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បទល្មើស​ខាងលើ​នេះ​ បានឱ្យ​ដឹង​ថា​នៅ​ល្ងាច​ថ្ងៃ​ទី​១៦​ កម្លាំង​ធ្វើការ​បង្ក្រាប​បាន​រថយន្ដ​ ០១​គ្រឿង​ ម៉ាក​ គា​ (KIA)​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ម​0338-​ភព​2​ ដែល​បាន​ដឹក​ជញ្ជូន​ផល​នេសាទ​ចំនួន​ ៨០០​គីឡូក្រាម​ លុះ​នៅ​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៨​ កម្លាំង​របស់​លោក​ធ្វើការ​បង្ក្រាប​បាន​កាណូត​បា​ឡា​១​គ្រឿង​ទៀត​ ដែល​ដឹក​ជញ្ជូន​ផល​នេសាទ​ចំនួន​ ១៣០០​គីឡូក្រាម​ទៀត​ ។​ លោកនាយ​ផ្នែក​បញ្ជាក់​ទៀត​ថា​ ការ​បង្ក្រាប​បានការ​ដឹក​ជញ្ជូន​ផល​នេសាទ​ជា​ប្រភេទ​កូន​ត្រី​ចម្រុះ​ ក្នុង​រដូវ​បិទ​នេសាទ​នេះ​ កម្លាំង​បង្ក្រាប​បាន​តែ​វត្ថុ​តាង​ប៉ុណ្ណោះ​ ចំណែក​ជន​ដែល​បាន​ប្រព្រឹត្ត​រត់គេច​ខ្លួន​ ហើយ​កូន​ត្រី​ចម្រុះ​ខុសច្បាប់​ត្រូវ​បាន​បង្ក្រាប​ត្រូវ​បាន​គេ​ដឹង​ថា​ អ្នកនេសាទ​ខុសច្បាប់​ចាប់ពី​ឧបករណ៍​ប្រភេទ​ លូ​ស្បៃ​មុង​ បរ​ ហើយ​វត្ថុ​តាង​ទាំងនេះ​ ត្រូវ​បាន​ប្រគល់​ឱ្យ​មន្ដ្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ​ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​ ។​

​មតិ​មហាជន​បាន​លើក​ឡើង​ថា​ កូន​ត្រី​ចម្រុះ​ប្រភេទ​ខាងលើ​នេះ​ គេ​ឃើញ​ដឹក​ជញ្ជូន​រាល់ថ្ងៃ​សម្រាប់​ជា​ចំណី​ត្រី​ឆ្ដោ​ខុសច្បាប់​ ហើយ​តំបន់​ខាងលើ​ជា​ប្រភព​សមត្ថកិច្ច​ស្ទើរ​គ្រប់​ស្ថាប័ន​ ពិសេស​ជំនាញ​ ពុំដែល​ឃើញ​មាន​ចំណាត់ការ​ទេ​ នេះ​ជា​លើក​ទី​១​ហើយ​ដែល​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់​ ចាប់​ប្រគល់​ឱ្យ​ ហើយ​បើ​យោង​តាម​ច្បាប់​ស្ដី​ពី​រដ្ឋបាល​ជលផល​មាត្រា​១១​ ចំណុច​ទី​១៥​ ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បែប​នេះ​ ត្រូវ​មានទោស​ទាន់​ជាប់​ពន្ធនាគារ​ចាប់ពី​ ១​ខែ​ ដល់​ ១​ឆ្នាំ​ ហើយ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​ ១​លាន​រៀល​ ទៅ​ ៥​លាន​រៀល​ ចំណែក​វត្ថុ​តាង​អាច​រឹបអូស​ទុកជា​សម្បត្តិ​រដ្ឋ​ ឬ​កំទេច​ចោល​ ដូច្នេះ​បញ្ហា​នេះ​គេ​រង​ចាំ​មើល​ថា​ តើ​ជំនាញ​មាន​ចំណាត់ការ​យ៉ាងម៉េច​?​ ៕​ ប៉ឹម​ ពិន​

IMG-20150918-WA0000

IMG-20150918-WA0001


ចែករំលែក៖