ព័ត៌មានទាន់ហេតុការណ៍៖

ខ្សិ​ប​ដាក់​ត្រចៀក​៖​ មេ​គយ​ ខៀវ​ សំអាន ពុក​រលួយ​យូរ​ឆ្នាំ​ និង​ទល់​បច្ចុប្បន្ន​

ចែករំលែក៖

​អំពើ​ពុក​រលួយ​របស់​គយ​ និង​រដ្ឋាករ​នៅ​ស្នាក់​ការ​គយ​ និង​រដ្ឋាករ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ នៅ​បន្ត​កើត​មាន​ និង​ជា​ទម្លាប់​ដ៏​អាក្រក់​ប៉ះពាល់​ដល់​ស្ថាប័នរដ្ឋ​ សង្គម​ ជា​ពិសេស​ប៉ះពាល់​ដល់​អង្គភាព​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ តាម​រយៈ​អំពើ​ពុក​រលួយ​បង្កើត​ឡើង​ដោយ​លោក​ ខៀវ​ សំអាន​ ដែល​មាន​ទ្រង់ទ្រាយ​កាន់តែ​ធំ​ ហើយ​មិន​ទាន់​មាន​ចំណាត់ការ​ណាមួយ​ពី​ថ្នាក់លើ​ ដែល​គេ​សង្ស័យ​ថា​ អំពើ​ពុក​រលួយ​របស់​លោក​ ខៀវ​ សំអាត​ អាច​ជា​ប្រយោជន៍​ប្រភព​សេដ្ឋកិច្ច​ណាមួយ​ សម្រាប់​ឆ្នាំងបាយ​ថ្នាក់លើ​ ក៏​អាច​ថា​បាន​?​

​គ្រាន់តែ​ទំនិញ​វិនិយោគ​ ពន្ធ​អាករ​ណ៍​ជា​បន្ទុក​របស់​រដ្ឋ​ រាល់​ការ​នាំ​ចេញ​ និង​នាំ​ចូល​ ឃើញ​ថា​ លោក​ ខៀវ​ សំ​អាន​ ប្រធាន​ស្នាក់​ការ​គយ​ និង​រដ្ឋាករ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បាន​កេង​យកចំណេញ​លើ​ការ​រត់​ការណ៍​ឯកសារ​ ប្រតិវេទន៍​គយ​ មួយ​ឯកសារ​ យក​៣៥​ដុល្លារ​ សម្រាប់​ទំនិញ​វិនិយោគ​នាំ​ចេញ​ និង​៧៥​ដុល្លារ​ សម្រាប់​ទំនិញ​វិនិយោគ​នាំ​ចូល​ ។​ ក្រុម​អ្នក​រត់​ការណ៍​ឯកសារ​ប្រតិវេទន៍​គយ​ឲ្យ​តាម​បណ្តា​ក្រុមហ៊ុន​បាន​ទម្លាយ​យ៉ាង​លម្អិត​ថា​ ចំពោះ​ទំនិញ​ វិនិយោគ​នាំ​ចេញ​ ត្រូវ​បង់​៣៥​ដុល្លារ​ មួយ​ឯកសារ​ ក្នុង​នោះ​ បង់​ឲ្យ​មន្ត្រី​គយ​ផ្នែក​ចុះ​លេខ​៥​ដុល្លារ​ ផ្នែក​គណនេយ្យ​២០​ដុល្លារ​ និង​ផ្នែក​គយ​ត្រួតពិនិត្យ​១០​ដុល្លារ​ ។​ ដោយឡែក​ចំពោះ​ទំនិញ​វិនិយោគ​នាំ​ចូល​ត្រូវ​បង់​ឲ្យ​មន្ត្រី​គយ​ ផ្នែក​ចុះ​លេខ​៥​ដុល្លារ​ ផ្នែក​គណនេយ្យ​២០​ដុល្លារ​ ផ្នែក​ត្រួតពិនិត្យ​២០​ដុល្លារ​ ផ្នែក​កាត់​ស្តុក​២០​ដុល្លារ​ ចំណែក​ប្រធាន​ អនុប្រធាន​ស្នាក់​ការ​យក​សេវា​ក្រោម​តុ​១០​ដុល្លារ​ ។​

​ក្នុង​មួយ​ថ្ងៃៗ​ ឯកសារ​ប្រតិវេទន៍​គយ​ដែល​ត្រូវ​បង់ប្រាក់​របៀប​នេះ​គឺ​មាន​រាប់រយ​ឯកសារ​ ដូច្នេះ​ ការ​ប្រមូលប្រាក់​បែប​នេះ​ តើ​ត្រូវ​បង់​ចូល​រដ្ឋ​ ឬ​មួយ​ជា​អំពើ​ពុក​រលួយ​ដែល​លោក​ ខៀវ​ សំ​អាន​ មាន​ចេតនា​បំផ្លាញ​ពន្ធ​របស់​រដ្ឋ​ និង​រំខាន​ដល់​អ្នក​វិនិយោគ​ដើម្បី​ផលប្រយោជន៍​បុគ្គល​ និង​បក្ខពួក​របស់​ខ្លួន​ ។​ មក​ទល់​នឹង​ពេល​នេះ​ យ៉ាងតិច​ជិត​២០​ឆ្នាំ​ ដែល​លោក​ ខៀវ​ សំ​អាន​ មាន​ទ្រព្យសម្បតិ្ត​ដ៏​ហូរហៀរ​ ក្នុង​មុខ​តំណែង​ជា​មេ​គយ​ មិនតែប៉ុណ្ណោះ​ គាត់​បាន​បញ្ជូន​កូន​ទៅ​រៀន​នៅ​ក្រៅប្រទេស​បាន​យ៉ាង​ស្រួល​តាម​រយៈ​តំណែង​ប្រកបដោយ​អំពើ​ពុក​រលួយ​ ។​

​អ្នក​រត់​ការណ៍​និយាយ​ថា​ បើ​ខាង​កាំកុងត្រូល​វិញ​ យក​សេវា​មិន​ច្រើន​ដូច​ខាង​លោក​ ខៀវ​ សំ​អាន​នោះ​ឡើយ​ គឺ​មួយ​ឯកសារ​សម្រាប់​ទំនិញ​វិនិយោគ​នាំ​ចេញ​១០​ដុល្លារ​ និង​នាំ​ចូល​១០​ដុល្លារ​ដូច​គ្នា​ ។​ លោក​ខៀវ​ សំ​អាន​មិន​ត្រឹមតែ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ចំពោះ​ការ​គាប​យក​លុយ​ពី​ឯកសារ​ប្រតិវេទន៍​គយ​ សម្រាប់​ទំនិញ​វិនិយោគ​ប៉ុណ្ណោះ​ទេ​ នៅ​មាន​អំពើ​ឃុបឃិត​គ្នា​ជាមួយនឹង​ឈ្មួញ​នាំ​គ្រឿងក្រអូប​ សម្លៀក​បំពាក់​ ព្រមទាំង​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ខ្ពស់​ និង​បង់​ព័ន្ធ​ថ្លៃ​ឆ្លងកាត់​នៅ​ទី​នេះ​យ៉ាង​សន្ធឹកសន្ធាប់​ផង​ដែរ​ ។​ មន្ត្រី​គយ​ខ្លះ​រិះគន់​ថា​ លោក​ ខៀវ​ សំ​អាន​ មិន​បាន​រក្សា​ទុក​នូវ​កិត្តិយស​ ក្នុង​តំណែង​នោះ​ទេ​ ចង់​ល្បី​ពុក​រលួយ​រហូត​ដល់​ខ្លួន​ចូល​និវត្តន៍​តែ​ម្តង​ហើយ​មើលទៅ​ ៕​


ចែករំលែក៖