ភ្នំពេញ ៖ នារីម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលកំពុងជិះម៉ូតូក៏ត្រូវបានជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាបូបបានសម្រេចបណ្តាលឱ្យដួលបោកទៅនឹងថ្នល់ ហើយត្រូវរថយន្តបុកថែមពីក្រោយ ចំណែកម៉ូតូរងការខូចខាតទាំងស្រុង ។
ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ មុខសណ្ឋារគារប៉ារីស តាមបណ្តោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។
សាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីម្នាក់ជិះម៉ូតូទ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពី លិចទៅកើត ។ លុះមកដល់ចំណុចមុខសណ្ឋារគារប៉ារីស ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូសេ១២៥ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីក្រោយនារីរងគ្រោះបានសម្រេច បណ្តាលឱ្យដួលបោកទៅនឹងកណ្តាលថ្នល់ ហើយគេចខ្លួនបាត់ស្រមោល ។
ភ្លាមនោះក៏ស្រាប់តែមានរថយន្តព្រូសពណ៍ស មិនចាំស្លាកលេខ បើកមកពីខាងក្រោយចាប់ហ្វ្រាំងមិនទាន់ក៏បុកនារីរងគ្រោះថែម បណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរ ចំណែកម៉ូតូបានរងការខូចខាតយ៉ាងដំណំ រីឯរថយន្តបានបន្ថែមល្បឿនគេចខ្លួនបាត់ដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ៧មករាជាបណ្តោះអាសន្ន ៕ ចាន់ធឿន