ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ៊ិស្លាមបង្កើតរដ្ឋ ទទួលស្គាល់ការវាយប្រហារគ្រាប់បែក នៅរដ្ឋទូតអ៊ីរ៉ង់ ក្នុងប្រទេសលីប៊ី

ចែករំលែក៖

ក្រុមខ្មាន់កាំភ្លើងអ៊ិស្លាមបង្កើតរដ្ឋ IS បានទទួលស្គាល់ពីសកម្មភាពវាយ ប្រហារគ្រាប់បែកទៅលើអគាររដ្ឋទូត អ៊ីរ៉ង់នៅទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី កាលពីថ្ងៃទី២១ កុម្ភៈ និងការវាយប្រហារមួយផេ្សងទៀត ដោយរ៉ុក្កែតទៅលើអាកាសយានដ្ឋាន Labrag ភាគខាងកើតប្រទេសនេះ ។

សាព័ត៌មាន IRNAរៅ របស់អ៊ីរ៉ង់បានផ្សព្វផ្សាយថា គ្រាប់បែក២គ្រាប់បានផ្ទុះនៅខ្លោងទ្វារចូលរដ្ឋទូតអ៊ីរ៉ង់នៅទីក្រុង ទ្រីប៉ូលី ប៉ុន្ដែមិនទាន់មានរបាយការណ៍ស្ដីពីអ្នកស្លាប់ឬរងរបួសនោះទេ ។

វរសេនីយ៍ Jumaa al-Mashri មន្ដ្រីសន្ដិសុខលីប៊ីបានឱ្យដឹងថា គ្រាប់បែក២គ្រាប់មិនផ្ទុះព្រមគ្នាក្នុងពេលតែមួយនោះឡើយ ដោយមានគម្លាតពីគ្នារយៈពេល៣០នាទី ។ គ្រាប់បែកបានបំផ្លាញទ្វារចូលស្ថានទូតអ៊ីរ៉ង់ទាំងស្រុង ចំណែកទ្វារបង្អូចផេ្សងទៀត នៅក្នុងអគារក៏រងការបែកបាក់ផងដែរ ។

នៅក្នុងការប្រកាសមួយតាមបណ្ដាញ ធ្វីតធ័រ ក្រុម IS បានបពា្ជាក់ទទួលស្គាល់ថា ក្រុមរបស់ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារទាំងនោះ ។ កាលពីខែមករា ឆ្នាំ២០១៥នេះដែរ ក្រុម IS បានទទួលស្គាល់ថា បានវាយប្រហារគ្រាប់បែកទៅលើស្ថានទូតអាល់ហេ្ស៊រី នៅទីក្រុងទ្រីប៉ូលី បណ្ដាលឱ្យអ្នកយាមម្នាក់និងអ្នកធើ្វដំណើរ២នាក់រងរបួស ។ ក្នុងពេលជាមួយគ្នានោះដែរ ខ្មាន់កាំភ្លើងដែល មានទំនាក់ទំនងជិតស្និទនឹងក្រុម IS បានបើកការវាយប្រហារទៅសណ្ឋាគារលំដាប់ផ្កាយ៥នៅទីក្រុងទ្រីប៉ូលី សម្លាប់មនុស្ស៩នាក់ ក្នុង នោះមានជនបរទេស៥នាក់ និងជនជាតិលីប៊ី៤នាក់ ។

រយៈពេលចុងក្រោយនេះក្រុម IS បានឆ្លៀតឱកាសចលាចលក្នុងប្រទេសលីប៊ី ដើម្បីដណ្ដើមការគ្រប់គ្រងភាគឦសាន្ដ នៃប្រទេសនេះ ។ កាលពីសប្ដាហ៍កន្លងមកក្រុម IS ផ្សព្វផ្សាយឃ្លីបវីដេអូពីការ សម្លាប់ជនជាតិអេហ្ស៊ីប២១នាក់ នៅ ក្នុងប្រទេសលីប៊ី ។ នោះជាការប្រហារជីវិតដំបូងគេបង្អស់ធ្វើឡើងនៅក្រៅតំបន់គ្រប់គ្រងរបស់ IS នៅអ៊ីរ៉ាក់ និង ស៊ីរី ៕ ម៉ែវ សាធី

Sathy2-(3)

Sathy2

Sathy2-(1)

Sathy2-(2)


ចែករំលែក៖