ព័ត៌មានទាន់ហេតុការណ៍៖

លិខិត​មិត្ត​អ្នក​អានៈ​ យុត្តិធម៌​ក្រោម​មេឃ​

ចែករំលែក៖

​កាលពី​ស​ប្តា​ហ៍​មុន​ ប្រិ​យ​មិត្ត​អ្នក​អាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ព័ត៌មាន​ដែល​នគរបាល​ខណ្ឌដង្កោ​ចាប់​ស្ត្រី​អ្នក​កត់​កន្ទុយលេខ​ម្នាក់​បញ្ជូន​ទៅ​តុលាការ​ ហើយ​សាលាដំបូង​ក៏​សម្រេច​បញ្ជូន​ស្ត្រី​នោះ​ទៅ​ពន្ធនាគារ​ ទុក​ឲ្យ​សមាជិកគ្រួសារ​ស្ត្រី​អ្នក​កត់​កន្ទុយលេខ​រស់នៅ​អត់ឃ្លាន​ ព្រោះថា​ គ្រួសារ​នេះ​ពឹងផ្អែក​ទៅ​លើ​ស្ត្រី​អ្នក​កត់​កន្ទុយលេខ​នេះ​ហើយ​ ។​ រឿង​ដូច​គ្នា​នេះ​ សមត្ថកិច្ច​ខណ្ឌដង្កោ​ចាប់​បាន​ស្ត្រី​២​នាក់​ទៀត​ ពី​បទ​បើក​ទីតាំង​កត់​កន្ទុយលេខ​យ៉ាង​ចំហ​នៅ​ផ្សារ​ចំការ​ដូង​។​ ស្ត្រី​ទាំង​ពីរ​នាក់​នេះ​ក៏​ត្រូវ​បាន​បញ្ជូន​មក​សាលាដំបូង​ដែរ​ ។​ ប៉ុន្តែ​គេ​ សង្កេត​ឃើញ​ថា​ ស្ត្រី​ទាំង​ពីរ​នាក់​នោះ​មិន​ត្រូវ​បាន​ឃុំខ្លួន​ទេ​ ។​

​ក្នុង​នាម​ខ្ញុំបាទ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ មើលឃើញ​ថា​ វា​ជា​បញ្ហា​អយុត្តិធម៌​ខ្លាំង​ណាស់​ ។​ នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​អាជ្ញាធរ​ដែល​ដាក់ទោស​ទណ្ឌ​ស្ត្រី​កត់​កន្ទុយលេខ​រក​ចំណូល​បាន​មួយ​ថ្ងៃ​ជាង​១​ម៉ឺន​រៀល​ដើម្បី​ចិញ្ចឹម​គ្រួសារ​ ។​ ប៉ុន្តែ​បែរជា​លើកលែង​ ឬ​ធ្វើ​មើល​មិនឃើញ​ចំពោះ​អ្នក​ប្រព្រឹត្ត​ល្មើស​ដូច​គ្នា​នេះ​ ។​ ជាក់ស្តែង​ស្ត្រី​២​នាក់​ដែល​ជា​មេ​កញ្ច្រែង​កត់​កន្ទុយលេខ​ប្រមូល​លុយ​បាន​មួយ​ថ្ងៃ​ជាង​១០​លាន​រៀល​នៅ​ផ្សារ​ចំការ​ដូង​ មិន​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់គុក​នោះ​ទេ​ ។​ ចំណុច​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ថា​ នេះ​ហើយ​យុត្តិធម៌​ក្រោម​មេឃ​ ។​ យុត្តិធម៌​ក្រោម​មេឃ​គឺ​សម្រេច​ទៅ​លើ​អ្នកមាន​លុយ​មិន​អាច​ជាប់គុក​ អ្នក​ក្រីក្រ​ប្រព្រឹត្ត​ទោស​កំហុស​ដូច​គ្នា​ ជាប់គុក​គ្មាន​ថ្ងៃ​ចេញ​នោះ​ឡើយ​ ។​

​គេ​មិនដឹង​ថា​ តើ​រឿង​ទាំង​ពីរ​នេះ​ខុស​គ្នា​យ៉ាងណា​នោះ​ទេ​ ។​ ក្នុង​នាម​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ខណ្ឌដង្កោ​ គ្រាន់តែ​ដឹង​ថា​ ស្ត្រី​ក្រីក្រ​ជិះ​កង់​កត់​កន្ទុយលេខ​ មួយ​ថ្ងៃ​បាន​ជិត​១​ម៉ឺន​រៀល​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ ។​ ស្ត្រី​ក្រីក្រ​នេះ​ត្រូវ​បាន​ច្បាប់​កំណត់​ឲ្យ​ជាប់គុក​ ។​ ប៉ុន្តែ​ស្ត្រី​២​នាក់​ទៀត​ដែល​ជា​មេ​កញ្ច្រែង​ អាច​ប្រមូលប្រាក់​បាន​ជាង​១០​លាន​រៀល​ក្នុង​មួយ​ថ្ងៃ​នៅ​ផ្សារ​ចំការ​ដូង​ មិន​ត្រូវ​បាន​ច្បាប់​ឲ្យ​ជាប់គុក​នោះ​ឡើយ​ ។​

​ខ្ញុំបាទ​ជា​ប្រជាពលរដ្ឋ​ម្នាក់​មើលឃើញ​ថា​ នេះ​ជា​រឿង​អយុត្តិធម៌​មួយ​ដែល​ប្រជាពលរដ្ឋ​មើលឃើញ​ ។​ គេ​មិន​អាច​លាក់បាំង​ជិត​ទេ​ ព្រោះ​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ បាន​និង​កំពុង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​បញ្ហា​ដែល​ស្ត្រី​កត់​កន្ទុយលេខ​ត្រូវ​ជាប់គុក​ ប៉ុន្តែ​មេ​កញ្ច្រែង​ បែរជា​រួចខ្លួន​ ។​ ខ្ញុំ​មិនដឹង​ថា​ តើ​នៅ​ក្នុង​ទឹកដី​ខណ្ឌដង្កោ​មាន​មេ​កន្ទុយលេខ​ប៉ុន្មាន​នាក់​នោះ​ទេ​ ។​ តាម​យោបល់​ខ្ញុំ​អ្វី​ដែល​សំខាន់​ មិនមែន​ត្រូវ​ចាប់​ស្ត្រី​អ្នក​ជិះ​កង់​កត់​កន្ទុយលេខ​នោះ​ឡើយ​ ប៉ុន្តែ​ត្រូវ​ចាប់​មេ​កន្ទុយលេខ​ដើម្បី​ផ្តាច់​ឫសគល់​ ។​ ឬ​មួយ​ថា​ មេ​កន្ទុយលេខ​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​រួច​ហើយ​ ទើប​បានជា​មិន​ចាប់​?​ ៕​ ប្រជាពលរដ្ឋ​ម្នាក់​

dwe


ចែករំលែក៖