ព័ត៌មានទាន់ហេតុការណ៍៖

លោក​ព្រាប​ មុនី​៖​ ប្រតិកម្ម​ទៅ​នឹង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ប៉ះពាល់​កិត្តិយស​ខ្លួន​ និង​ភរិយា​

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​ព្រាប​ មុនី​ ចៅសង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយចង្វា​ បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ខ្លះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រូប​គាត់​ជា​មន្ត្រី​សាធារណៈ​ ជាមួយនឹង​ភរិយា​ ក្នុង​ន័យ​បន្ទោស​បង្អាប់​ បរិហារកេរ្តិ៍​បង្ខូច​ដល់​កិត្តិយស​ដ៏​ធ្ងន់​ដែល​មិន​អាច​ទទួលយក​បាន​ និង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​សាធារណៈ​ ប្រជាពលរដ្ឋ​ ព្រមទាំង​ថ្នាក់លើ​ផង​ដែរ​ អាច​យល់​ច្រឡំ​ក្នុង​រឿង​នេះ​ ។​

​លោក​ ព្រាប​ មុនី​បាន​និយាយ​ថា​ អ្វី​ដែល​គេ​បាន​លើក​ឡើង​ថា​ ភរិយា​របស់ខ្ញុំ​ចេញ​សែក​អត់​ទឹកប្រាក់​៨២​ម៉ឺន​ដុល្លារ​ និង​បទ​ឆបោក​ គឺជា​រឿង​បំផ្លើស​ ពីព្រោះ​ភរិយា​របស់ខ្ញុំ​មិន​បាន​ចុះហត្ថលេខា​ទៅ​លើ​សែក​ណាមួយ​ និង​មិន​ដែល​ស្គាល់​សែក​នោះ​យ៉ាងម៉េច​ផង​ ។​ ដោយឡែក​ការ​ចោទប្រកាន់​ថា​ ឆបោក​ ក៏​គាត់​មិន​ដែល​ប្រព្រឹត្ត​ ចុះ​ហេតុ​អ្វី​ ក៏​គេ​មាន​ចេតនា​បង្ខូច​កេរ្តិ៍ឈ្មោះ​ខ្ញុំ​ និង​ភរិយា​យ៉ាងនេះ​ទៅ​វិញ​ ។​

​លោក​ ព្រាប​ មុនី​ បាន​បន្ត​ថា​ តាម​កាលបរិច្ឆេទ​ នៅ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៥​ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ជំនុំជម្រះ​សំណុំរឿង​ភរិយា​របស់ខ្ញុំ​ បន្ទាប់​ពី​តុលាការ​បិទ​ការ​ស៊ើបអង្កេត​ ។​

​ប៉ុន្តែ​ករណី​នេះ​ មេធាវី​ដើមបណ្តឹង​បាន​ស្នើ​សុំ​ពន្យារពេល​ជម្រះក្តី​ ដូច្នេះ​ ក្នុង​ចន្លោះ​ពេល​នៃ​ការ​ពន្យារពេល​ជំនុំជម្រះ​ បែរជា​លេច​ចេញ​នូវ​ការ​មូល​បង្កាច់​ ការ​ផ្សព្វផ្សាយ​បរិហារកេរ្តិ៍​ ចោទប្រកាន់​មក​លើ​ភរិយា​របស់ខ្ញុំ​ ថា​បាន​ចេញ​សែក​អត់​ទឹកប្រាក់​ចំនួន​៨២​ម៉ឺន​ដុល្លារ​ និង​បទ​ឆបោក​ ។​ ចំណុច​នេះ​មាន​ន័យ​ថា​ មេធាវី​ដើមបណ្តឹង​ គាត់​ហាក់ដូចជា​ មាន​ចេតនា​បំ​ប៉ៅ​ង​រឿង​នេះ​ មុន​ករណី​ជំនុំជម្រះ​ ហើយ​ដឹង​ជាង​ចៅក្រម​ដែល​មាន​ឆន្ទានុសិទ្ធិ​ ក្នុង​ការ​សម្រេច​ក្តី​រឿង​នេះ​ថែម​ទៀត​ ។​

​លោក​ព្រាប​ មុនី​ បាន​បញ្ជាក់​ថា​ ខ្ញុំ​មាន​ជំនឿ​ថា​ តុលាការ​នឹង​ផ្តល់​ភាព​យុត្តិធម៌​ ហើយ​មជ្ឈដ្ឋាន​មហាជន​ ក៏​អាច​យល់​ដឹង​ច្បាស់​ថា​ ការ​ចុះ​ផ្សាយ​កន្លង​ទៅ​ ពិតជា​ពូក​គេ​មាន​ចេតនា​បង្ខូច​ដល់​ខ្ញុំ​ និង​ភរិយា​ ដែល​ជា​មន្ត្រី​សាធារណៈ​នេះ​ជាដើម​ ៕​ សុខ​ ខេមរា​


ចែករំលែក៖