ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹប​ដាក់​ត្រចៀក​៖​ ល្បែងស៊ីសង​ច្រើន​ប្រភេទ​របស់​លោក​ ប្រាក់​ ឈី​ ដំណើរការ​រលូន​ពេញ​ស្រុក​អង្គរបុរី​

ចែករំលែក៖

​ព្រឹក​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៥​ យ៉ាង​ហោច​ណាស់​មាន់​៦​គូ​ត្រូវ​បាន​បញ្ជល់​បញ្ជាប់​ដោយ​ជោគជ័យ​នៅ​ជាប់​របង​វិទ្យាល័យ​អង្គរបុរី​ ក្រោម​ក្រសែភ្នែក​ការពារ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ទីនោះ​ ។​ នេះ​ជា​សង្វៀន​ជល់​មាន់​របស់​លោក​ប្រាក់​ ឈី​ ដែល​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​ ដើម្បី​ជួយ​ចិញ្ចឹម​សមត្ថកិច្ច​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​អង្គរបុរី​ ខេត្តតាកែវ​ ។​

​គេ​ខ្សឹប​ថា​ ក្រៅពី​សង្វៀន​ជល់​មាន់​ មាន​រោង​យូគី​នៅ​ជិត​ផ្សារ​ទួល​សាំង​ ក្នុងស្រុក​អង្គ​បុរី​នេះ​ដែរ​ ។​ អ្វី​ដែល​ពិសេស​ជាងគេ​គឺ​វង់ល្បែង​ខ្លា​ឃ្លោក​ នៅ​ជាប់​ក្បែរ​របង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរបុរី​ ។​ លោក​ ប្រាក់​ ឈី​ និយាយ​ថា​ បើក​ល្បែង​តិចតួច​ទេ​ គ្រាន់​នឹង​ចិញ្ចឹម​សមត្ថកិច្ច​យើង​នៅ​មូលដ្ឋាន​ ។​ បើ​មិន​បើក​ល្បែង​ បង​អើយ​បាន​អី​ជួយ​ចិញ្ចឹម​គ្នា​ ។​ ស្តាប់​សម្តី​លោក​ប្រាក់​ ឈី​ មាន​ន័យ​ថា​ ជា​គុណសម្បត្តិ​ធំធេង​ខ្លាំង​ណាស់​ ក្នុង​ការ​បើក​វង់ល្បែង​ស៊ីសង​ច្រើន​ប្រភេទ​ក្នុង​មូលដ្ឋាន​ស្រុក​អង្គរបុរី​នេះ​ ។​

​លោក​ប្រាក់​ ឈី​ ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ធនាគារ​ខេត្ត​ ។​ លោក​ជា​មេ​ល្បែង​ដ៏​ធំ​មួយ​ក្នុងស្រុក​អង្គរបុរី​ ខេត្តតាកែវ​ ។​ មិនមែន​ទើបតែ​ពេល​នេះនោះ​ទេ​ ។​ នៅ​ពេល​ដែល​អាជ្ញាធរ​បង្ក្រាប​ម្តងៗ​ លោក​បាន​ចំណាយ​ប្រាក់​បើក​ដំណើរការ​ឡើង​វិញ​ ។​ វា​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ល្បែង​ក្នុង​មូលដ្ឋាន​ស្រុក​អង្គរបុរី​ដើម្បី​ជួយ​ដល់​ជីវភាព​រស់នៅ​របស់​សមត្ថកិច្ច​ក្នុងស្រុក​នេះ​ ៕​


ចែករំលែក៖