ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រា​ថ្នាំ​ ក្លែម​ស៊ុប​ ស្រវឹង​ បែកគំនិត​ឡើង​រំលោភ​ប្រ​ព​ន្ឋ​គេ​ ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​៤​ និង​៣០​នាទី​ រសៀល​ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​ព្រៃ​ស​កើត​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ដោយ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​។​

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ឈ្មោះ​ ហ៊​ល​ សុ​ខុន​ ហៅ​ខុន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​ការដ្ឋាន​សំណង់​ ​ក្នុងភូមិ​ព្រៃ​ស​កើត​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ និង​មានស្រុក​កំណើត​នៅ​ភូមិ​ទ្រា​ ឃុំ​ក​ញ្ចំ​ ស្រុក​ពារាំង​ ខេត្តព្រៃវែង​។​ ចំណែក​ស្ត្រី​រង​គ្រោះ​នៅ​ក្នុង​ករណី​នេះ​ ឈ្មោះ​ ឌ​.​ប​ អាយុ​៣៣​ឆ្នាំ​ ។​

​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ប្រាប់​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៥​ ជន​រង​គ្រោះ​ និង​ជនសង្ស័យ​ រួម​ជាមួយ​មនុស្ស​ពីរ​បី​នាក់​ទៀត​ (​ជា​កម្មករ​សំណង់​ធ្វើការ​ជាមួយ​គ្នា​)​ ក្រោយ​ពី​បញ្ចប់​ការងារ​បាន​នាំ​គ្នា​ទិញ​ស្រាថ្នាំ​មក​ផឹក​ជុំ​គ្នា​ ។​ រហូត​ដល់​វេលា​ម៉ោង​១១​យប់​ ទើប​បញ្ចប់​ការ​ផឹក​ ហើយ​ពេល​នោះ​ជន​រង​គ្រោះ​បាន​ដើរ​ត្រឡប់​ទៅ​ដេក​នៅ​ កន្លែង​ស្នាក់​នៅ​របស់​គាត់​យ៉ាង​លង់លក់​ នៅ​ក្នុង​ការដ្ឋាន​សំណង់​ ភូមិ​ព្រៃ​ស​កើត​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ ។​ លុះដល់​វេលា​ម៉ោង​១១​និង​៣០​នាទី​ ជនសង្ស័យ​បាន​ដើរមក​ឃើញ​ ស្ត្រី​រង​គ្រោះ​ដេក​តែឯង​ក៏​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ដោយ​សន្យា​ឲ្យ​លុយ​ជន​រង​គ្រោះ​ចំនួន​១០​ម៉ឺន​រៀល​ ពេល​នោះ​ដោយសារ​ការ​ភ័យ​ខ្លាច​ផង​នោះ​ ជន​រង​គ្រោះ​មិន​ហ៊ាន​ស្រែក​ បណ្តោយ​ឲ្យ​ជនសង្ស័យ​ធ្វើ​សកម្មភាព​រំលោភ​បាន​សម្រេច​ចំនួន​ ២​ដង​ ទើប​ជនសង្ស័យ​ដើរ​ចេញ​ទៅ​ក្រៅ​បាត់​ ។​

​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា​ រហូត​ដល់​ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​ ២០១៥​ វេលា​ម៉ោង​១២​ ថ្ងៃត្រង់​ ជន​រង​គ្រោះ​បាន​យក​រឿងរ៉ាវ​នេះ​និយាយ​ប្រាប់​ប្តី​ឲ្យ​ដឹង​ ទើប​នាំ​គ្នា​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ស​ ហើយ​សមត្ថកិច្ច​ក៏​បាន​ ឃាត់ខ្លួន​ ជនសង្ស័យ​ ឈ្មោះ​ ហ៊​ល​ សុ​ខុន​ ហៅ​ ខុន​ នៅ​ចំណុច​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​ព្រៃ​ស​កើត​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​យក​ទៅ​សាកសួរ​នា​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃខែ​ដដែល​ ហើយ​ បន្ទាប់​ពី​សាកសួរ​ជំ​ហ៊ាន​ដំបូង​នៅ​ទី​ស្នាក់​ប៉ុស្តិ៍​ព្រៃ​សរួច​ទើប​បញ្ជូន​បន្ត​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ឆ្លើយ​សារភាព​ថា​ មុន​ពេល​កើតហេតុ​ គឺ​រូបគេ​ និង​ជន​រង​គ្រោះ​ព្រមទាំង​អ្នកធ្វើការ​ងារ​ជាមួយ​គ្នា​ពីរ​បី​នាក់​ទៀត​ ក្រោយ​ពី​ចប់​ការងារ​បាន​នាំ​គ្នា​ទិញ​ស្រា​ថ្នាំផឹក​ ដោយ​ក្លែម​ជាមួយ​ស៊ុប​ លុះ​ផឹកស្រា​ថ្នាំ​អស់​ចំនួន​ ៥​លី​ត្រ​ ក៏​ស្រវឹង​ និង​រក​កន្លែងដេក​រៀងៗ​ខ្លួន​ ។​ ដោយឡែក​រូបគេ​តែ​ម្នាក់​គត់​ ត្រូវ​បាន​ស្ត្រី​រង​គ្រោះ​ហៅ​ឲ្យ​ជួយ​យាម​កំដរ​ ពីព្រោះ​ប្តី​របស់​នាង​ទៅ​លេង​ស្រុក​កំណើត​ ។​ ខណៈ​កំពុង​តែ​យាម​នោះ​ ស្រាប់តែ​ស្ត្រី​រង​គ្រោះ​បាន​អូស​ដៃ​រូបគេ​ឲ្យ​ចូល​ក្នុង​បន្ទប់​ រហូត​មានការ​រួមរ័ក​គ្នា​ ហើយ​ដំណឹង​នេះ​បាន​លេចឮ​ដល់​ប្តី​នាង (ស្រ្តីរងគ្រោះ) ​ ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់​ ខ្លួន​រូបគេ​តែ​ម្តង​។​

​ទោះបីជា​មាន​ចម្លើយ​យ៉ាងនេះ​ក៏​ដោយ​ជនសង្ស័យ​ឈ្មោះ​ ឈ្មោះ​ ហ៊​ល​ សុ​ខុន​ ហៅ​ ខុន​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ ដើម្បី​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ផ្តន្ទាទោស​តាម​ច្បាប់​ ៕​ ភា​រ៉ា​ ដង្កោ​

 

sadd (1) sadd


ចែករំលែក៖