ព័ត៌មានទាន់ហេតុការណ៍៖

អង្គការ​ណា​តូ​ព្រមាន​រុ​ស្ស៊ី​ពាក់ព័ន្ធ​ការ​រំលោភ​ដែនអាកាស​ក្នុង​ប្រទេស​ស៊ី​រី​

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​២០១៥​ អង្គការ​ណា​តូ​បាន​អំពាវនាវ​ឲ្យ​រុ​ស្ស៊ី​បញ្ឈប់​សកម្មភាព​វាយប្រហារ​ពីលើ​ដែនអាកាស​ទៅ​លើ​ក្រុមប្រឆាំង​ និង​ពលរដ្ឋ​ស៊ី​រី​ និង​បាន​អះអាង​ថា​ ការ​ហោះហើរ​របស់​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​ដែល​រំលោភ​ទៅ​លើ​ដែនអាកាស​ប្រទេស​ទួ​រ​គី​នោះ​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​តានតឹង​ខ្លាំង​ឡើង​ថែម​ទៀត​ ។​

​រដ្ឋាភិបាល​ទួ​រ​គី​បាន​ព្រមាន​ទីក្រុង​មូ​ស្គូ​ផង​ដែរ​ថា​ ខ្លួន​នឹង​អស់​ការ​អត់ធ្មត់​ប្រសិនបើ​យន្តហោះ​ចម្បាំង​ F-16​ របស់​កម្លាំង​ទាហាន​រុ​ស្ស៊ី​រំលោភ​ចូល​ដែនអាកាស​ទួ​រ​គី​ជា​ថ្មី​ម្តងទៀត​ស្ថិត​នៅ​ជាប់​ព្រំដែន​ជាមួយ​ស៊ី​រី​នោះ​ ។​ ប្រភព​ព័ត៌មាន​ពី​យោធា​ទួ​រ​គី​បាន​អះអាង​ថា​ យន្តហោះ​ចម្បាំង​របស់​ខ្លួន​២​គ្រឿង​ទទួល​រង​ការ​រំខាន​ដោយ​យន្តហោះ​ចម្បាំង​ប្រភេទ​ MIG-29​ ដែល​ជា​មិន​ហោះ​មិនដឹង​ថា​មក​ពី​ខាង​ណា​នោះ​ឡើយ​ស្ថិត​នៅ​តាម​បន្ទាត់​ព្រំដែន​ជាមួយ​ស៊ី​រី​នោះ​ ។​ ទួ​រ​គី​ជា​ប្រទេស​ដែល​បញ្ជូន​កម្លាំងយោធា​ច្រើន​ជាងគេ​លំដាប់​លេខ​២​ បន្ទាប់​ពី​អា​មេ​រិ​ក​ឲ្យ​ចូលរួម​ក្នុង​ប្រតិបត្តិការ​របស់​អង្គការ​ណា​តូ​ ។​

​នាយក​រដ្ឋមន្ត្រី​ទួ​រ​គី​ លោក​ Ahmet​ Davutoglu​ បាន​ថ្លែង​ថា​ «​កងកម្លាំង​អនុវត្ត​ច្បាប់​របស់​យើង​ដឹង​យ៉ាង​ច្បាស់​ណាស់​ នរណា​ដែល​រំលោភ​ចូល​ដែនអាកាស​របស់​យើង​នោះ​»​។​ លោក​បន្ត​ថា​ កងកម្លាំង​ទួ​រ​គី​ទទួល​បានការ​ណែនាំ​យ៉ាង​ច្បាស់លាស់​នៅ​មុន​ពេល​ចេញ​ប្រតិបត្តិការ​ហោះ​ល្បាត​ ហើយ​បើ​ទោះជា​ស្ថិត​ក្នុង​ការ​ហោះហើរ​ល្បាត​ក៏​ដោយ​ ប៉ុន្តែ​កម្លាំង​របស់​យើង​នៅ​តែ​អាច​បាញ់​ទម្លាក់​យន្តហោះ​សត្រូវ​នោះ​ដដែល​ ។​ លោក​បាន​ប្រើ​ពាក្យ​ថា​ នេះ​ជា​វិបត្តិ​មួយ​រវាង​ទួ​រ​គី​ នឹង​រុ​ស្ស៊ី​ផង​ដែរ​ ។​

​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​មាន​វត្ត​មាននៅ​លើ​ដែនអាកាស​ប្រទេស​ស៊ី​រី​តាំងពី​ថ្ងៃ​ពុធ​ ស​ប្តា​ហ៍​មុន​ម្ល៉េះ​ដើម្បី​បើក​ការ​វាយប្រហារ​ពីលើ​ដែនអាកាស​ ដែល​ទីក្រុង​មូ​ស្គូ​អះអាង​ថា​ សំដៅ​វាយប្រហារ​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ ស្ថិត​នៅ​ក្នុង​ទឹកដី​ស៊ី​រី​ភាគ​ខាងជើង​ និង​ក្នុង​ខេត្ត​ភាគ​កណ្តាល​នោះ​ ។​

​លោក​ខាងលិច​បាន​ចោទប្រកាន់​ទៅ​លើ​រុ​ស្ស៊ី​ថា​ ជា​អ្នក​វាយឆ្មក់​ទៅ​លើ​ក្រុមប្រឆាំង​ក្នុង​ប្រទេស​ស៊ី​រី​ដែល​ធ្វើសង្គ្រាម​ជាមួយ​កងកម្លាំង​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ស៊ី​រី​បា​សា​ អាល់​អាសា​ដ​ ។​

​ក្រោយ​ពី​កោះ​ប្រជុំ​បន្ទាន់​រវាង​សមាជិក​ទាំង​២៨​ប្រទេស​នៃ​អង្គការ​ណា​តូ​នោះ​ សម​ន្ធ​មិត្ត​យោធា​លោក​ខាងលិច​របស់​អង្គការ​ណា​តូ​បាន​អំពាវនាវ​ឲ្យ​រុ​ស្ស៊ី​បញ្ឈប់​សកម្មភាព​វាយប្រហារ​ពីលើ​ដែនអាកាស​ទៅ​លើ​ក្រុមប្រឆាំង​ និង​ប្រជាជន​ស៊ី​វិល​ក្នុង​ប្រទេស​ស៊ី​រី​នោះ​ជា​បន្ទាន់​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ អង្គការ​ណា​តូ​ក៏​បាន​ព្រមាន​ពី​ការ​រំលោភ​ដែនអាកាស​ទួ​រ​គី​ពី​សំណាក់​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​ ដោយ​បាន​ហៅ​ថា​ វា​ជា​សកម្មភាព​គ្រោះថ្នាក់​ និង​ជា​អាកប្បកិរិយា​ដែល​គ្មាន​ការ​ទទួលខុសត្រូវ​ ៕​

 

fba65351291a3df4bc5517f3aa0b15db7b8d011c russian-fighter-jets


ចែករំលែក៖