ព័ត៌មានទាន់ហេតុការណ៍៖

លោក ឆាយ សាវុធ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរតនគិរីប្រព្រឹត្តអំពើពុករលួយជាចំហរ?

ចែករំលែក៖

ខេត្តរតនគិរី៖ មន្ត្រីរាជការនៅក្នុងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរតនគិរី ជាច្រើននាក់បានឲ្យដឹងថាថ្មីៗនេះលោក ឆាយ សាវុធ បានក្លែងឯកសារក្នុងការប្ដូរប្រវត្តិរូបអតីតមន្ត្រីជាប់កិច្ចសន្យាម្នាក់ឈ្មោះ ថុល យុពង្ស ដែលមានអាយុ៥០ឆ្នាំគឺថ្ងៃខែឆ្នាំកំណើត ០១ មករា ១៩៦៥ ឲ្យមកនៅត្រឹមអាយុ២៧ឆ្នាំ ដោយប្ដូរថ្ងៃខែឆ្នាំកំណើតមកនៅ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៨៧។ ប្រភពបានឲ្យដឹងថា ឈ្មោះ ថុល យុពង្ស បម្រើការងារជាមន្ត្រីជាប់កិច្ចសន្យារបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរតនគិរី១០ឆ្នាំហើយ តាំងពីគាត់អាយុជាង៤០ឆ្នាំម្ល៉េះ។ មន្ត្រីរាជការនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ បានរិះគន់ថាលោក ឆាយ សាវុធ កំពុងធ្វើអ្វីៗដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។

មន្ត្រីរាជការក្នុងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរតនគិរី បានអំពាវនាវឲ្យលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចាត់វិធានការលើលោក ឆាយ សាវុធ តាមច្បាប់ជាបន្ទាន់។ ប្រភពបានឲ្យដឹងថា លោក ឆាយ សាវុធ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរតនគិរី បានប្រព្រឹត្តអំពើពុករលួយ ដឹកនាំគ្រប់គ្រងការងារតាមរបៀបផ្ដាច់ការនិងបន្លំឯកសារសាធារណៈផងដែរ។ ដូច្នេះលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មិនត្រូវបណ្ដោយឲ្យលោក ឆាយ សាវុធ ព្រមទាំងបក្ខពួកមួយក្ដាប់តូចធ្វើអ្វីៗស្រេចតែអំពើចិត្តតទៅទៀតទេ។

ជាងនេះទៅទៀតតាមប្រភពពីមន្ត្រីរាជការមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ភាគច្រើនបានឲ្យដឹងថា លោក ឆាយ សាវុធ ចាយវាយថវិកាសម្រាប់មន្ទីរដោយមានភាពមិនប្រក្រតី និងតែងតាំងមន្ត្រីក្រោមឱវាទដោយគិតគូរបញ្ហាបក្ខពួកនិយមជាធំ។ មិនតែប៉ុណ្ណោះក្នុងនាមជាប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរតនគិរី លោក ឆាយ សាវុធ បានធ្វើការតែងតាំងក្មួយស្រីម្នាក់ឲ្យមកកាន់ការងារគណនេយ្យក្នុងមន្ទីរយ៉ាងក្រអឺតក្រទមទៀតផង នេះមិនទាន់គិតដល់អំពើពុករលួយជាច្រើនរូបភាពដែលនឹងត្រូវលាតត្រដាងជាបន្តបន្ទាប់នៅពេលក្រោយនោះទេ។ ដូច្នេះលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គួរពិនិត្យមើលភាពអសកម្មនិងអំពើពុករលួយរបស់លោក ឆាយ សាវុធ ជាបន្ទាន់ ហើយអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន ក៏គួរបើកការស៊ើបអង្កេតជុំវិញរឿងអាស្រូវពុករលួយរបស់លោក ឆាយ សាវុធ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរតនគិរី ជាបន្ទាន់ផងដែរ ៕ ហេង សូរិយា

 

 

drr-2 drr-1 drr

 


ចែករំលែក៖