ព័ត៌មានទាន់ហេតុការណ៍៖

​គ្រឿងចក្រ​កាយ​ដី​ធ្វើ​ផ្លូវ​បណ្តាលឲ្យ​រលំ​ផ្ទះ​១​ខ្នង​នៅ​សង្កាត់និរោធ​

ចែករំលែក៖

​ភ្នំពេញ​ :​ ផ្ទះ​ឈើ​១​ខ្នង​ដែល​ក្រុម​ការងារ​អន្តរក្រសួង​បាន​ដោះស្រាយ​ផល​ប៉ះពាល់​ហើយ​កាត់​ផ្នែក​ខាង​មុខ​ចេញ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ស្ថាបនា​ផ្លូវជាតិ​លេខ​១​ នៅ​សល់​ផ្នែក​ខាងក្រោយ​បាន​រលំ​បាក់​ទាំងស្រុង​ និង​បណ្ដាល​អោយ​បុរស​ម្នាក់​ជា​ម្ចាស់​រងរបួសស្រាល​ នៅ​គ្រា​ដែល​ក្រុមការងារ​ កំពុង​ឈូស​ឆាយ​កាយ​យក​អាចម៍ដី ​និង​កាយ​យក​សសរថ្ម​ពីមុខ​ផ្ទះ​បណ្តាល​អោយ​បាក់​ខ្ទេច​តែ​ម្តង​ ។​

​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨និង៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២០​ ខែ​តុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ បាន​បង្ករ​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ ភ្លាមៗ​នោះ​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​ ក៏​បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​ភ្លាមៗ​ផង​ដែរ​ដើម្បី​សម្របសម្រួល​ ។​

​តាម​ពត៍​មាននៅ​កន្លែង​កើតហេតុ​ បាល​អោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ម្ចាស់ផ្ទះ​ ឈ្មោះ​អ្នកស្រី​ ហី​ង​ វ​ណ្ណា​ និង​ប្តី​ បាន​ចេញ​មក​ក្រៅ​និយាយ​ជាមួយ​ក្រុមការងារ​ស្ថាបនា​ផ្លូវជាតិ​លេខ​១​ដោយ​បាន​ប្រាប់​ថា​ ផ្ទះ​នេះ​ មិន​ទាន់​ច្បាស់​ថា​ សសរថ្ម​ខាង​មុខ​ មាន​ភ្ចា​ប់​នឹង​សសរ​ខាងក្រោម​ផ្ទះ​ឈើ​ខាងក្រោយ​នោះ​ឬ​យ៉ាងណា​នោះ​ទេ​ ដោយសារ​ទិញ​ផ្ទះ​ត​ពី​គេ​ពោល​គឺ​ម្ចាស់ផ្ទះ​មិន​បានអោយ​ជាង​សាងសង់​នោះ​ឡើយ​ ចំពោះ​ផល​ប៉ះពាល់​ផ្ទះ​មួយ​កំណាត់​ខាង​មុខ​បាន​ទទួល​សំណង​រួច​ហើយ​។​ បន្ទាប់​មក​ម្ចាស់ផ្ទះ​ក៍បាន​ឯកភាព​អោយ​ក្រុមការងារ​សាកល្បង​ទាញ​សសរថ្ម​ចំនួន​៤​ដើម​ ដែល​ជា​ចំនុច​ស្ថាបនា​ ផ្លូវជាតិ​។​ ពេល​គ្រឿងចក្រ​ទាញ​បាន​ បន្តិច​ធ្វើ​អោយ​រង្គើ​ដល់​ផ្ទះ​ដែល​នៅ​សល់​ពី​ផល​ប៉ះពាល់​ ។​ ឃើញ​សភាព​មិន​ស្រួល​ ខាង​ក្រុមការងារ​ស្ថាបនា​ផ្លូវ​បាន​ស្រែក​អោយ​អ្នក​ដែល​ទៅ​ឈរ​មើល​គេចខ្លួន​ ចំណែក​បុរស​ម្នាក់​ឈ្មោះ​ពេជ្រ​ សា​វុ​ធ​ ត្រូវជា​ប្តី​ស្ត្រី​ឈ្មោះ​ហ៊ីង​ វ​ណ្ណា​ ជា​ម្ចាស់ផ្ទះ​ គេច​ទាន់​បណ្តាល​អោយ​បំណែក​នៃ​ផ្ទះ​ឈើ​ខ្ទាត​សង្កត់ពីលើ​រង​របួស​មធ្យម​ ដោយឡែក​ស្ត្រី​ជា​ប្រពន្ធ​រួច​ផុត​ពី​គ្រោះថ្នាក់​ ។​

​បន្ទាប់​ពី​កើតហេតុ​អាជ្ញាធរ​ខណ្ឌ​បាន​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​បង្អែក​ច្បារ​អំពៅ​ ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ភ្លាមៗ​ផង​ដែរ​ ។​

​លោក​ អ៊ា​ង​ ស៊ី​ផា​ន​ អភិបាល​ខណ្ឌ​ ច្បារ​អំពៅ​បាន​ប្រាប់​ដូច្នេះ​ថា​ បញ្ហា​បាត់​រលំ​ផ្ទះ​នេះ​អាជ្ញាធរ​ខណ្ឌ​បាន​សម្របសម្រួល​ជាមួយ​ខាង​ក្រុមការងារ​បច្ចេកទេស​និង​ម្ចាស់ផ្ទះ​រង​គ្រោះ​ចប់​សព្វគ្រប់​ហើយ​ គឺ​មិន​មាន​ចេញ​សំណង​ឬ​សាងសង់​ផ្ទះ​អោយ​វិញ​នោះ​ទេ​ ព្រោះ​ផ្ទះ​ដែល​ក្រុមការងារ​កាយ​យក​សសរថ្ម​ដែល​កប់​ក្នុង​ដី​បណ្តាល​អោយ​រលំ​នោះ​ គឺ​ស្ថិត​នៅ​ក្នុង​ដី​ចំណី​ផ្លូវ​ទាំង​អស់ហើយ​ក្រុមការងារ​អន្តរក្រសួង​ក៍បាន​ដោះស្រាយ​ផល​ប៉ះពាល់​រួចរាល់​ដែរ​ ចំណែក​ម្ចាស់ផ្ទះ​ក៍បាន​ទទួលស្គាល់​ថា​ផ្ទះ​ដែល​នៅ​សល់​ហើយ​រលំ​គឺ​ស្ថិត​នៅ​លើ​ដី​ចំណី​ផ្លូវ​ទាំងស្រុង​ ឥឡូវ​សម្របសម្រួល​ចប់​អស់ហើយ​៕​សណ្តោស​

sds (4)

sds (3)

sds (2)

sds (1)

sds

sds (5)


ចែករំលែក៖