ព័ត៌មានទាន់ហេតុការណ៍៖

ព្រៃកោងកាង​លិច​ទឹកជា​ច្រើន​ហិ​កតា​នៅ​ស្រុក​ទឹកឈូ​ត្រូវ​បាន​អ្នកមាន​អំណាច​ចាក់​ដី​លុប​អាជ្ញាធរ​អត់​ហ៊ាន​ក្អក​

ចែករំលែក៖

​ខេត្ដកំពត​ ៖​ ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ ថា​ ដី​ព្រៃកោងកាង​លិច​ទឹកជា​ច្រើន​ ហិ​កតា​នៅ​គល់​ស្ពាន​ក្បាល​រមាស​ ក្នុង​ ភូមិ​ជុំ​ក្រៀល​ ឃុំ​ជុំ​ក្រៀល​ ស្រុក​ទឹកឈូ​ ខេត្ដកំពត​ពេល​នេះ​កំពុង​ត្រូវ​គេ​ចាក់​ដី​លុប​ដោយ​គ្មាន​ចំណាត់ការ​ពី​មន្ដ្រី​ជំនាញ​ ឬ​ អាជ្ញាធរ​ឡើយ​ ។​

​តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា​តំបន់​ព្រៃ​លិច​ទឹក​ទាំងនោះ​ជា​ប្រភព​ព្រៃ​ កោង​កាង​ ព្រៃ​ចាក​ជាប់ដៃ​សមុទ្រ​ផ្ដល់​ សារសំខាន់​សម្រាក​មច្ឆជាតិ​ ពិសេស​ គឺ​(​ក្ដាម​និង​បង្គា​)​ដែល​កន្លង​មក​ក្រសួងបរិស្ថាន​បាន​ខិតខំ​អភិរក្ស​ និង​ដាំ​ដុះ​ បន្ថែម​ជា​បន្ដបន្ទាប់​ តែ​បែរជា​ត្រូវ​ ក្រុម​អ្នកមាន​អំណាច​ត្រូវរ៉ូវ​គ្នា​ចាក់​ដី​ លុប​បំផ្លាញ​ដោយ​គ្មាន​ការ​អើពើ​ពី​អាជ្ញាធរ​ ឬ​ ជំនាញ​ឡើយ​ ។​

​លោក​ ស​ សូ​រិ​ន​ នាយ​ខណ្ឌ​រដ្ឋបាល​ ជលផល​ខេត្ដកំពត​បាន​ថ្លែង​ទទួលស្គាល់​ថា​ ពិតជា​មានការ​ចាក់​ដី​លុប​ព្រៃ​លិច​ ទឹក​មែន​ ប៉ុន្ដែ​លោក​បាន​បកស្រាយ​ថា​ ដី​ព្រៃកោងកាង​ទាំងនោះ​ មាន​ម្ចាស់​ កាន់កាប់​យូរណាស់​មក​ហើយ​ ។​

​គេ​រាយការណ៍​ថា​ អ្នក​ចាក់​ដី​រំលោភ​ យក​តំបន់​ព្រៃកោងកាង​នោះ​ជា​អ្នកមាន​ ប្រាក់​និង​មាន​អំណាច​ធំ​ជាង​នាយ​ខណ្ឌ​ រដ្ឋបាល​ជលផល​កំពត​នោះ​ទៀត​ ។​ ដូច្នេះ​ ជំនាញ​ជលផល​មិន​ហ៊ាន​ក្អក​ជាមួយ​ទេ​ ។​ រីឯ​អាជ្ញាធរ​ដែនដី​ថ្នាក់​ខេត្ដ​ត្រូវ​គេ​រាយ​ ការណ៍​ថា​ ជាប់ជំពាក់​ជាមួយ​ផលប្រយោជន៍​ និង​ការ​យោគយល់​ចំពោះ​អ្នក​ចាក់​ដី​ទាំងនោះ​ ។​

​លោក​ យិ​ន​ វុ​ធ​ ប្រធាន​មន្ទីរ​រៀបចំ​ ដែនដី​មិន​ទាន់​អាច​សុំ​ធ្វើការ​បំភ្លឺ​ចំពោះ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​ ដោយសារ​តែ​ ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល​ ៕​ ហេង​ ន​រិ​ន្ទ្រ​

Kompot


ចែករំលែក៖