ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ខេត្តសៀមរាប​ សម្រេច​ដោះ​លែ​អតីត​និស្សិត​ តៅ​ សា​វឿ​ន​ USEA​ ឱ្យ​មាន​សេរីភាព​វិញ​ហើយ​

ចែករំលែក៖

​ខេត្តសៀមរាប​៖​ តុលាការ​ខេត្តសៀមរាប​ សម្រេច​ដោះ​លែង​អតីត​និស្សិត​លោក​ តៅ​ សា​វឿ​ន​ រៀន​នៅ​សាកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ​ ឱ្យ​មាន​សេរីភាព​វិញ​កាលពី​ថ្ងៃ​ទី​៣០​ខែ​ តុលា​ កន្លង​ទៅ​នេះ​ ក្រោយ​ពី​បាន​ជំនុំ​ជម្រះក្ដី​កាលពី​ថ្ងៃ​ទី​២២​ ខែតុលា​កន្លង​ទៅ​ថ្មីៗ​នេះ​ បន្ទាប់​ពី​លោក​ តៅ​ សា​វឿ​ន​ បាន​គំរាម​បោក​គ្រាប់បែក​សម្លាប់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ខែកញ្ញា​កន្លង​ទៅ​។​

​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​ តៅ​ សា​វឿ​ន​ គឺ​អ្នកស្រី​ កុយ​ កិ​ត្យា​ មាន​ប្រសាសន៍​ប្រាប់​ តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​០២​ខែវិច្ឆិកា​នេះ​ថា​ តុលាការ​ខេត្ដសៀមរាប​បាន​សម្រេច​ ដោះ​លែង​ លោក​ តៅ​ សា​វឿ​ន​ ឱ្យ​មាន​សេរីភាព​វិញ​ហើយ​ដូច​ការ​គ្រោងទុក​របស់​អ្នកស្រី​មេធាវី​។​អ្នកស្រី​បាន​បញ្ជាក់​ថា​ ការ​សម្រេច​របស់​កូនក្តី​ ប្តឹង​ទៅ​សាលាឧទ្ធរណ៍​ ឬ​មិន​ប្តឹង​ គឺជា​សិទ្ធ​របស់​គាត់​ ហើយ​អ្នកស្រី​ នឹង​ព្យាយាម​ពន្យល់​ដល់​គាត់​បន្ថែម​ទៀត​។​

​ទាក់ទិន​ទៅ​នឹង​ករណី​ខាងលើ​នេះ​ដែរ​ លោក​ កើត​ វ​ណ្ណា​រ៉េ​ត​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ មាន​ប្រសាសន៍​ប្រាប់​ តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​០២​ខែវិច្ឆិកា​នេះ​ថា​ យុវជន​ដែល​គំរាម​សម្លាប់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ តាម​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ឈ្មោះ​ តៅ​ សា​វឿ​ន​ នោះ​ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​ហើយ​ ។​លោក​បន្ត​ថា​ យុ​ជន​រូប​នេះ​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទ​ គំរាម​ នឹង​សម្លាប់​តាម​facebook​ ហើយ​បើ​តាម​ច្បាប់​ត្រូវ​ជាប់​ទោស​ចំនួន​១៥​ខែ​ អនុវត្តន៍​១​ខែ​ សល់​ពី​នោះ​ព្យួរ​។​លោក​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​មាន​លិខិត​សុំ​ទោស​ពី​ អតីត​លោក​ តៅ​ សា​វឿ​ន​ ទៅ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ទើប​មានការ​ដោះ​លែង​បែប​នេះ​។​

​សូម​រំលឹក​ផង​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​នេះ​ អតីត​និស្សិត​ឈ្មោះ​ តៅ​ សា​វឿ​ន​ រៀន​នៅ​សាកលវិទ្យាល័យ​ USEA​ នៅ​ខេត្ដសៀមរាប​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ បន្ទាប់​ពី​យុវជន​រូប​នេះ​គំរាម​បោក​គ្រាប់បែក​សម្លាប់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ខណៈ​ពេល​ដែល​សម្តេច​បាន​អញ្ជើញ​មក​ជា​កិត្តិយស​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ USEA​ នៅ​ខេត្ដសៀមរាប​ ។​ គិត​ចាប់ពី​ថ្ងៃ​នាំ​ខ្លួន​កាលពី​ថ្ងៃ​ទី​២៨​កញ្ញា​ រហូត​ដល់​ថ្ងៃ​ទី​២៨​ ខែតុលា​នេះ​ គឺ​មាន​រយៈពេល​១​ខែ​ហើយ​ តែ​យុវជន​ខាងលើ​ត្រូវ​បាន​តុលាការ​កំណត់​ថ្ងៃ​ឃុំខ្លួន​រយះ​ពេល​១​ខែ​។​

​គេ​នៅ​មិន​ទាន់​ដឹង​ថា​ អតីត​លោក​តៅ​សា​វឿ​ន​មាន​បំណង​ប្តឹង​តប​ឬ​មិន​ប្តឹង​នោះ​ទេ​ ខ​ណះ​មេធាវី​ការពារ​ក្តី​នៅ​មិន​ទាន់​បញ្ជាក់​មូលហេតុ​៕​​ ឡាំ​ សុធា​

 

ssew (1) ssew (3) ssew (2)


ចែករំលែក៖