ព័ត៌មានទាន់ហេតុការណ៍៖

ឆែកឆេរ​ហាង​ស៊ីផឹក​២​កន្លែង​ រក​ឃើញ​ម៉ូតូ​បញ្ចាំ​១១​គ្រឿង​

ចែករំលែក៖

​ខេត្តពោធិ៍សាត់ៈ​ នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​ ៨​ព្រឹក​ ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ មានការ​ឆោឡោ​កើតឡើង​នៅ​ក្នុង​សាលាដំបូង​ខេត្តពោធិ៍សាត់​ ដោយ​ក្រុម​ចោរ​ថ្លើមពាសមេឃ​ហ៊ាន​ចូល​ធ្វើ​សកម្មភាព​កាច់​សោ​រក​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ របស់​មន្ដ្រី​អស់​ ២​គ្រឿង​ ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​ ធ្វើ​ឱ្យ​មន្ដ្រី​តុលាការ​ក្ដៅស្លឹកត្រចៀក​ ដឹកនាំ​កម្លាំងប្រដាប់អាវុធ​ ចុះ​ឆែកឆេរ​ហាង​ផឹកស៊ី​ ២​កន្លែង​ រក​ឃើញ​ម៉ូតូ​បញ្ចាំ​ ១១​គ្រឿង​ត្រួតពិនិត្យ​ ។​

​ប្រតិបត្ដិការ​នេះ​ប្រព្រឹត្ត​ឡើង​នៅ​ព្រឹក​រហូត​ដល់​រសៀល​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ហាង​យីហោ​ មនោ​រម្យ​ ខេ​ធី​វី​ និង​អាហារ​ដ្ឋា​ន​សម្រស់​ពោធិ៍សាត់​ ស្ថិត​ក្នុងភូមិ​មាន់ចែ​ សង្កាត់​ព្រៃ​ញី​ ក្រុង​.​ខេត្តពោធិ៍សាត់​ ។​

​ប្រភព​ពី​កម្លាំង​ចុះ​អនុវត្តន៍​បានឱ្យ​ដឹង​ថា​ ក្នុង​ប្រតិបត្ដិការ​ខាងលើ​នេះ​ គេ​រក​ឃើញ​ ម៉ូតូ​ចំនួន​ ១១​គ្រឿង​ ដែល​ប្រជាពលរដ្ឋ​យក​មក​ដាក់បញ្ចាំ​ ដោយ​ម៉ូតូ​ខាងលើ​នេះ​គ្មាន​ឯកសារ​ត្រឹមត្រូវ​ ប៉ុន្ដែ​សមត្ថកិច្ច​ពុំ​បាន​ដកហូត​នោះ​ទេ​ ដោយ​តំរូវ​ឱ្យ​ម្ចាស់​ហាង​ឈ្មោះ​ គឹ​ម​ សុវណ្ណ​ឌី​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ យក​ឯកសារ​ទៅ​ផ្ទៀងផ្ទាត់​នៅ​មុខ​សមត្ថកិច្ច​។​ ប្រភព​បន្ដ​ថា​ កម្លាំង​បាន​ចុះ​ទៅ​ឆែកឆេរ​ក្នុង​ហាង​អាហារ​ដ្ឋា​ន​សម្រស់​ពោធិ៍សាត់​បន្ដ​ ដែល​ម្ចាស់​ឈ្មោះ​ ស៊ីវ​ អេ​ង​ ភេទ​ស្រី​ អាយុ​ ៤៩​ឆ្នាំ​ ប៉ុន្ដែ​រក​ពុំ​ឃើញ​អ្វី​នោះ​ ។​

​គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១៥​ តុលាការ​បាន​ឃុំខ្លួន​បុរស​ម្នាក់​ឈ្មោះ​ អ៊ឹ​ង​ ប៊ុ​ន​ថា​ន់​ (​ហៅ​ ចិត​ប្រាំបួន​)​ អាយុ​ ៣៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ពាល​ញែក​២​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​.​ខេត្តពោធិ៍សាត់​ ក្នុង​នោះ​ក៏​មានការ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​របស់​ឈ្មោះ​ អ៊ឹ​ង​ ប៊ុ​ន​ថា​ន់​ កម្លាំង​ធ្វើការ​ដកហូត​រួម​មាន​ តាប​ រណា​បញ្ឈរ​ប្រើ​ម៉ូ​ទ័​រ​ ១​គ្រឿង​ ឈើប្រណិត​ធ្នុង​ ក្រ​ញូ​ង​ រថយន្ដ​ ១​គ្រឿង​ ដាវ​សាំ​ម៉ូ​រ៉ៃ​ កាំភ្លើង​កែ​ឆ្នៃ​ និង​សារធាតុ​ញៀន​មួយ​ចំនួន​ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន​ ខណៈ​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ប្រុស​ស្រី​ ៦​នាក់​ រួម​ទាំង​សារធាតុ​ញៀន​ និង​សម្ភារៈ​ កាល​ព្រឹក​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ភ្នំ​ពេជ្រ​ ៕​ ប៉ឹម​ ពិន​

IMG-20151102-WA0007 IMG-20151102-WA0005


ចែករំលែក៖