ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​មាន​សង្ឃឹម​ច្រើន​ក្នុង​ជំនួប​ប្រកួត​បាល់ទាត់​មិត្តភាព​ជាមួយ​ប្រ៊ុ​យ​ណេ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ត្រូវ​ប្រកួត​មិត្តភាព​ពិភពលោក​ (World​ Friendlies)​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រ៊ុ​យ​ណេ​ នៅ​ថ្ងៃ​អង្គារ​ទី​៣​ ខែវិច្ឆិកា​នេះ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡា​ពិ​ក​នា​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ ។​ ក្នុង​ការ​ប្រកួត​នេះ​អ្នកចូលរួម​ទស្សនា​អាច​នឹង​មានការ​ថមថយ​ជាង​ការ​ប្រកួត​មុនៗ​ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ ប្រជាពលរដ្ឋ​ដែល​ស្នេហា​វិស័យ​កីឡាបាល់ទាត់​នឹង​ទស្សនា​តា​មក​ពា្ច​ក់​ទូរទស្សន៍​កាន់តែ​ច្រើន​ ទោះបី​មិន​បាន​ចូលរួម​ទស្សនា​ផ្ទាល់​ក៏​ដោយ​ ។​

​ក្រុម​ជ​ម្រើ​ជាតិ​កម្ពុជា​៥​ប្រកួត​ចុង​ក្រោយ​ហាក់​ធ្វើ​មិន​បាន​ល្អ​ទាំង​ក្នុង​ និង​ក្រៅ​ទឹកដី​ ដោយ​ឈ្នះ​១​ប្រកួត​ ចាញ់​៤​ប្រកួត​ ។​ ៣​ប្រកួត​ចុង​ក្រោយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ ចាញ់​ជម្រើសជាតិ​ជប៉ុន​៣-០​ ក្រៅ​ទឹកដី​,​ ចាញ់​ក្រុម​ជម្រើសជាតិ​ស៊ី​រី​៦-០​ ក្នុង​ទឹកដី​ និង​ចាញ់​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​ ២-១​ ក្រៅ​ផ្ទះ​ ។​ ចំណែក​ក្រុម​ជម្រើសជាតិ​ប្រ៊ុ​យ​ណេ​ប្រកួត​ចុង​ក្រោយ​ក៏​ធ្វើ​មិន​បាន​ល្អ​ដែរ​ ដោយ​ឈ្នះ​១​ប្រកួត​ ចាញ់​៤​ប្រកួត​ដូច​គ្នា​ ។​ ៣​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ជម្រើសជាតិ​ប្រ៊ុ​យ​ណេ​ គឺ​ឈ្នះ​ក្រុម​ចិន​តៃប៉ិ​ ១-០​ ក្រៅ​ទឹកដី​,​ ចាញ់​ក្រុម​ចិន​តៃប៉ិ​វិញ​ ២-០​ ក្នុង​ទឹកដី​ ដែល​២​ប្រកួត​គឺជា​ការ​ប្រកួត​ជម្រុះ​ World​ Cup​ 2018​ និង​ចុង​ក្រោយ​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​ ៥-១​ ក្នុង​ជំនួប​មិត្តភាព​ពិភពលោក​ World​ Friendlies​ ។​

​ក្រុម​ជម្រើសជាតិ​ទាំង​២​នេះ​សុទ្ធតែ​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​ ប៉ុន្តែ​កម្ពុជា​ចាញ់​ក្រុម​សិង្ហ​បុរី​ ២-១​ ប៉ុណ្ណោះ​ ។​ ចំណែក​ក្រុម​ប្រ៊ុ​យ​ណេ​ចាញ់​សិង្ហ​បុរី​រហូត​ដល់​៥-១​ ។​ ដូច្នេះ​កម្ពុជា​ហាក់​ មាន​ប្រៀប​ខ្លាំង​លើ​ក្រុម​ប្រ៊ុ​យ​ណេ​ ព្រោះតែ​កម្ពុជា​ជា​ម្ចាស់​ហើយ​មាន​អ្នកគាំទ្រ​ច្រើន​។​

​គួរ​បញ្ជាក់​ថា​ ប្រវត្តិ​ជួប​គ្នា​៤​ប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ប្រ៊ុ​យ​ណេ​ កម្ពុជា​ឈ្នះ​២​ប្រកួត​ ចាញ់​១​ប្រកួត​ និង​ស្មើ​១​ប្រកួត​ ។​ ក្រុម​ជម្រើសជាតិ​កម្ពុជា​បន្ទាប់​ពី​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ជាមួយ​ក្រុម​ជម្រើសជាតិ​ប្រ៊ុ​យ​ណេ​នេះ​ទៅ​ នឹង​ត្រូវ​ប្រកួត​ជម្រុះ​ World​ Cup​ 2018​ ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ ៕​ សារី​ម​

កម្ពុជាប្រកួតជាមួយប្រ៊ុយណេកន្លងទៅ

កម្ពុជាប្រកួតជាមួយប្រ៊ុយណេកន្លងទៅ (1)


ចែករំលែក៖