ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌដង្កោ​បញ្ជូន​ទៅ​តុលាការ​ករណី​រំលោភ​លើ​ទំនុកចិត្ត​

ចែករំលែក៖

​ភ្នំពេញ​៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ និង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ ទៅ​កាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ករណី​រំលោភ​លើ​ទំនុកចិត្ត​ ។​

​ជនសង្ស័យ​ឈ្មោះ​ វ៉ា​ត​ ធី​ ហៅ​ ស្មី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ ក្នុង​ក្រុមហ៊ុន​ ប្រេ​ស៊ី​ឌិន​ លក់​គ្រឿង​សង្ហា​រឹម​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ជ្រៃ​កោង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា​ ការ​ដែល​ឃាត់ខ្លួន​ជនសង្ស័យ​ ដោយ​យោង​តាម​ពាក្យបណ្តឹង​ ពី​ជន​រង​គ្រោះ​ឈ្មោះ​ ស្រ៊ុ​ន​ ម៉េ​ង​ថុ​ង​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​ប្រធាន​គ្រប់គ្រង​ឃ្លាំង​ ក្រុមហ៊ុន​ ប្រេ​ស៊ី​ឌិន​ លក់​គ្រឿង​សង្ហា​រឹម​ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៨​ ផ្លូវ​២១៧​ ភូមិ​ឬ​ស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​។​

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១៧​ ខែ​មិ​នា​ ឆ្នាំ​២០១៤​ វេលា​ម៉ោង​ ៨​ និង​៣០​នាទី​ ជន​រង​គ្រោះ​ បាន​ប្រើ​ឲ្យ​ជនសង្ស័យ​ឈ្មោះ​ វ៉ា​ត​ ធី​ ហៅ​ ស្មី​ និង​កម្មករ​បំរើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន​ ៣​នាក់​ ផ្សេង​ទៀត​ ដឹក​គ្រឿង​សង្ហា​រឹម​ មាន​ដូច​ជា​ តុ​ កៅអី​ (​ សម្ភារៈ​ការិយាល័យ​ )​ យក​ទៅ​ឲ្យ​ម៉ូយ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ផ្លូវជាតិ​លេខ​៤​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ដោយ​ជន​រង​គ្រោះ​បាន​ធ្វើ​វិក​យ​ប័ត្រ​គិតលុយ​ សរុប​ ចំនួន​៣៥៧៨​ដុល្លា​ ។​ លុះ​ពេល​ទទួល​បាន​លុយ​ដល់​ដៃ​ហើយ​ ពួក​គេ​ទាំងអស់​គ្នា​បាន​បើករថយន្ត​ត្រឡប់​មក​វិញ​ ទុក​ចោល​ក្បែរ​ក្រុមហ៊ុន​ ហើយ​ពួ​គ​គេ​ទាំង​៤​នាក់​ បាន​យក​លុយ​ចំនួន​ ៣៥៧៨​ដុល្លា​ នោះ​ រត់គេច​ខ្លួន​បាត់​ស្រមោល​ ទាំងអស់​គ្នា​។​

​សមត្ថកិច្ច​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា​ ការ​បាត់​បង់លុយ​ទាំងនេះ​ គឺ​ជន​រង​គ្រោះ​មិន​បាន​មក​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច​ឲ្យ​បានដឹង​ឡើយ​ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ធ្វើការ​ព្យាយាម​តាមដាន​ស្រាវជ្រាវ​រក​ក្រុម​ជនសង្ស័យ​ដោយ​ខ្លួនឯង​ លុះ​រហូត​ដល់​វេលា​ម៉ោង​ ១០​ និង​ ៣០​នាទី​ ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បាន​តាម​រក​ឃើញ​ជនសង្ស័យ​ឈ្មោះ​ វ៉ា​ត​ ធី​ ហៅ​ ស្មី​ នៅ​ចំណុច​ផ្លូវ​២១៧​ ភូមិ​ម័​ល​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ទើប​ចាប់​ឃាត់ខ្លួន​ និង​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ ជឹ​ម​ ភា​រ៉ា​

image1

image2


ចែករំលែក៖