ព័ត៌មានទាន់ហេតុការណ៍៖

រាប់​ពាន់​នាក់​ដើរ​ដង្ហែ​ជា​ក្បួន​ ខណៈ​ដែល​បេក្ខជន​ប្រឆាំង​ដែល​ត្រូវ​ប្រហារ​ចាក​ចេញពី​មន្ទីរពេទ្យ​

ចែករំលែក៖

​តំណាងរាស្ត្រ​មក​ពី​គណបក្សប្រឆាំង​របស់​មី​យ៉ា​ន់​ម៉ា​មួយ​រូប​ទទួល​រង​ការ​បាញ់ប្រហារ​ ហើយ​ធ្វើ​ឲ្យ​មាន​ក្តី​កង្វល់​អំពី​អ​ស្ថិរភាព​នយោបាយ​កើត​មាន​ឡើង​ក្នុង​ប្រទេស​នេះ​ នៅ​មុន​ដំណើរការ​បោះ​ឆ្នោត​សកល​ជា​ប្រវត្តិសាស្ត្រ​នោះ​ កាលពី​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ​ ។​ ការ​ដើរ​កង្ហែ​ក្បួន​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​បាន​កើត​មាននៅ​តាម​ដងផ្លូវ​នានា​ដើម្បី​ស្វាគមន៍​ អបអរសាទរ​ចំពោះ​ការ​ចេញពី​មន្ទីរពេទ្យ​របស់​បេក្ខជន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ម្នាក់​នោះ​ ។​

​កាលពី​ស​ប្តា​ហ៍​មុន​នេះ​ បុរស​៣​នាក់​ប្រដាប់​ដោយ​កាំបិត​បាន​លប​ចាក់​ប្រហារ​ទៅ​លើ​លោក​ Naing​ Ngan​ Lynn​ បេក្ខជន​តំណាងរាស្ត្រ​មួយ​រូប​ប្រចាំ​នៅ​ទីក្រុង​យ៉ង់​ហ្គូ​ន​ មក​ពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​(NLD)​ របស់​លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ជី​ ម្ចាស់​ពានរង្វាន់​នូ​បែ​ល​សន្តិភាព​ ជា​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​ មនុស្ស​២​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ដោយសារ​តែ​ការ​វាយប្រហារ​នេះ​ផង​ដែរ​ ។​

​ការ​វាយប្រហារ​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ស្តី​អំ​បញ្ហា​សន្តិសុខ​សុវត្ថិភាព​នៃ​ដំណើរការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ។​ ប៉ុន្តែ​ទោះបី​មានការ​ព្រួយបារម្ភ​ក៏​ដោយ​ ក៏​គេ​សង្កេត​ឃើញ​ថា​ អំពើ​ហិង្សា​កើតឡើង​តិចតួច​ប៉ុណ្ណោះ​ក្នុងអំឡុងពេល​២​ខែ​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នោះ​ ។​

​បេក្ខជន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ Naing​ Ngan​ Lynn​ កាលពី​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​មន្ទីរពេទ្យ​ប្រចាំ​នៅ​ក្រុង​យ៉ង់​ហ្គូ​ន​នោះ​ហើយ​ ដើម្បី​ជួប​មុខ​ និង​បង្ហាញខ្លួន​ចំពោះ​អ្នកគាំទ្រ​របស់​លោក​ បើ​ទោះបី​ថា​ មុខ​ស្នាម​របួស​នៅ​មិន​ទាន់​ជា​សះស្បើយ​ល្អ​ប្រសើរ​មែនទែន​យ៉ាងណា​ក៏​ដោយ​ ។​ ថ្លែង​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​ លោក​ Naing​ Ngan​ Lynn​ បាន​បញ្ជាក់​ថា​ ក្រុម​អ្នកគាំទ្រ​មាន​បំណង​ចង់​ឃើញ​ខ្ញុំ​ ក៏​ព្រោះតែ​ពួក​គេ​មានការ​ព្រួយបារម្ភ​ ។​ ខ្ញុំ​ចង់​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ​ថា​ ខ្ញុំ​គឺជា​មនុស្ស​រឹង​មាំ​ មាន​សុខភាព​ល្អ​ប្រើសរ​ ។​

​លោក​ Naing​ Ngan​ Lynn​ រួម​ជាមួយ​មន្ត្រី​គណបក្សប្រឆាំង​ច្រើន​រូប​ផ្សេង​ទៀត​បាន​ដឹកនាំ​ក្បួន​ប្រតិភូ​មួយ​ដែល​សុទ្ធតែ​ជា​អ្នក​ជិះ​កង់​ និង​ឈើកែវ​ ព្រមទាំង​រថយន្ត​ផង​ដែរ​ដើម្បី​ឃោសនា​ស្វែងរក​សំឡេង​គាំទ្រ​ ។​ មានការ​គ្រវីទង់ជាតិ​ និង​ស្លាក​សញ្ញា​ឡូ​ហ្គោ​គណបក្ស​ NLD​ នៅ​តាម​ដងផ្លូវ​នានា​ក្នុង​ក្រុង​យ៉ង​ហ្គូ​ ក្រោម​សម្រែក​ស្រែក​អបអរសាទរ​ពី​ក្រុម​អ្នកគាំទ្រ​ និង​ប្រជាពលរដ្ឋ​ ។​

​ការ​បោះ​ឆ្នោត​សកល​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​នេះ​ត្រូវ​គេ​លើក​ឡើង​ថា​ ជម្នះ​ទំនង​បាន​ទៅ​លើ​គណបក្សប្រឆាំង​របស់​លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ជី​ ។​ គណបក្សកាន់អំណាច​ USDP​ ភាគច្រើន​សុទ្ធតែ​ជា​បេក្ខភាព​សេសសល់​ពី​របប​យោធា​នោះ​ហាក់​គ្មាន​សន្ទុះ​នៃ​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​នោះ​ទេ​ ។​ របប​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ដឹកនាំ​រដ្ឋាភិបាល​រយៈពេល​ជិត​កន្លះ​សតវត្សរ៍​ មុន​ពេល​របប​នេះ​ប្រគល់​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​បច្ចុប្បន​ ដែល​ជា​របប​ពាក់កណ្តាល​ស៊ី​វិល​នោះ​ដឹកនាំ​បន្ត​កាលពី​ឆ្នាំ​២០១១​ ។​

​ការ​បោះ​ឆ្នោត​នៅ​មី​យ៉ា​ន់​ម៉ា​ពេល​នេះ​គឺជា​លើក​ដំបូង​បំផុត​សម្រាប់​ការ​បោះ​ឆ្នោត​សកល​តាំងពី​ឆ្នាំ​១៩៩០​រៀង​មក​ ។​ ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​១៩៩០​នោះ​ ត្រូវ​គេ​ដឹង​ថា​ គណបក្ស​របស់​លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ជី​ទទួល​បាន​សំឡេង​គាំទ្រ​ភ្លូកទឹកភ្លូកដី​ ប៉ុន្តែ​ត្រូវ​យោធា​មិន​ព្រម​ប្រគល់​អំណាច​នោះ​ឡើយ​ ៕​

CS-Ri-EWsAAmlmo

myanmar


ចែករំលែក៖