ព័ត៌មានទាន់ហេតុការណ៍៖

វិស័យ​ខុន​ដូ​នៅ​កម្ពុជា​រក​ផល​ចំណេញ​បាន​ជាង​៧​ភាគរយ​

ចែករំលែក៖

​ភ្នំពេញ​៖​ យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នកជំនាញ​បាន​ឲ្យ​ដឹង​ថា​ផល​ចំណេញ​ពី​ការ​វិនិយោគ​ខុន​ដូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​ប្រមាណ​ជា​៧,៥​ភាគរយ​ ក្នុង​មួយ​ឆ្នាំ​ដែល​នេះ​ជា​កំណើន​មួយ​ខ្ពស់​បើ​ធៀប​ទៅ​នឹង​ទីផ្សារ​ខុន​ដូ​ក្នុង​តំបន់​អាស៊ី​ដូច​គ្នា​នោះ​ ។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Century​ 21​ Mekong​ លោក​ច្រឹ​ក​ សុខ​នឹម​ បាន​បញ្ជាក់​ប្រាប់​ថា​ ការ​វិនិយោគ​នៅ​កម្ពុជា​បាន​ផ្តល់​នូវ​ផលប្រយោជន៍​ជា​ច្រើន​ ខណៈ​ដែល​នៅ​លើ​ប្រទេស​អាស៊ី​ដទៃ​ទៀត​ដូច​ជា​៖​ ប្រទេស​ថៃ​ និង​ជប៉ុន​ទទួលផល​ចំណេញ​ត្រឹម​៦,៣​ភាគរយ​ ហើយ​ប្រទេស​ចិន​ត្រឹម​៥,៥​ភាគរយ​ ចំណែក​ទីផ្សារ​ហុងកុង​កំពុង​ទទួល​បាន​នូវ​ផល​ចំណេញ​ពី​ការ​ជួល​ត្រឹមតែ​២,៧​ភាគរយ​ ។​ រីឯ​ប្រទេស​ហ្វី​លី​ពី​ន​កំពុង​ទទួលផល​តាម​ពីក្រោយ​កម្ពុជា​បន្តិច​ដែល​មាន​ប្រមាណ​៧,១​ភាគរយ​។​ ក្នុ​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​វិស័យ​ខុន​ដូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ លោក​សុខ​នឹម​ ឲ្យ​ដឹង​ទៀត​ថា​ ការ​វិនិយោគ​នូវ​វិស័យ​នេះ​បាន​ផ្តល់​នូវ​លំហូ​សាច់ប្រាក់​យ៉ាង​ល្អ​ជាង​វិស័យ​នានា​ដោយសារ​វា​ស្រួល​ស្វែងរក​អតិថិជន​ដែល​កំពុង​មាន​តម្រូវការ​លើ​អចលនទ្រព្យ​សម្រាប់​ជួល​បន្ត​ទៅ​ឲ្យ​អ្នក​ធ្វើ​ពាណិជ្ជកម្ម​ពី​បរទេស​ ។​

​លោក​បញ្ជាក់​ថា​ ការ​វិនិយោគ​នៅ​លើ​អគារ​ខុន​ដូ​ថ្មីៗ​ត្រូវ​បាន​សាងសង់​នៅ​ក្នុង​តំបន់​ពិសេស​ដែល​មាន​តម្លៃ​ខ្ពស់​សម្រាប់​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ឬ​ការ​រស់នៅ​ផ្ទាល់ខ្លួន​ ។​ ខុន​ដូ​ក្នុង​រាជធានី​ភ្នំពេញ​មាន​តម្លៃ​ជា​មធ្យម​ចន្លោះ​ពី​១.២០០​ដុល្លារ​អា​មេ​រិ​ករ​ហូត​ដល់​៣.២០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ម៉ែត្រការ៉េ​ខណៈ​តម្លៃ​សាងសង់​ខុន​ដូ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​មាន​តម្លៃ​២.៨០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ម៉ែត្រការ៉េ​។​ ចំណែក​អចលនទ្រព្យ​បែប​នេះ​នៅ​ទីក្រុង​ហុងកុង​មាន​តម្លៃ​ខ្ពស់​ជាងគេ​បំផុត​ក្នុង​តំបន់​ដែល​មាន​តម្លៃ​ដល់​ទៅ​២១.២០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ម៉ែត្រការ៉េ​ដែល​ថ្លៃ​ជាង​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដល់​ទៅ​៧​ដង​ ។​

​អ្នកជំនាញ​ផ្នែក​ជំនួញ​បាន​និយាយ​ថា​ ការ​អនុវត្ត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែល​នឹង​ចាប់ផ្តើម​នៅ​ដំណាច់ឆ្នាំ​នេះ​នឹង​ជំរុញ​ឲ្យ​មានការ​ប្រកួតប្រជែង​ដ៏​ខ្លាំង​ជាមួយ​ឱកាស​វិនិយោគ​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​ ។​ លោក​វ៉ា​វី​រៈ​ប្រធាន​ក្រុមហ៊ុន​ Century​ 21​ Fortuna​ Investment​ បាន​និយាយ​ថា​ ដោយសារ​កម្ពុជា​នៅ​ចំ​កណ្តាល​នៃ​សហគមន៍​អាស៊ាន​នឹង​នាំ​ឲ្យ​ប្រទេស​នេះ​មាន​ចរន្ត​នៃ​វិនិយោគិន​ និង​លំហូរ​ពលកម្ម​ដែល​ចាំបាច់​ត្រូវការ​នូវ​ទីលំនៅ​ស្នាក់​អាស្រ័យ​។​លោក​ថ្លែង​បញ្ជាក់​ថា​ «​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មាន​ផលិតផល​ក្នុងស្រុក​ (GDP)​ រួម​បញ្ចូល​គ្នា​ចំនួន​២.៤០០​ពាន់​លាន​ដុល្លារ​ជាមួយ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ចំនួន​៦០០​ពាន់​លាន​ដុល្លារ​និង​ជាទី​ស្នាក់​នៅ​របស់​មនុស្ស​ចំនួន​៦២៥​លាន​នាក់​ដែល​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នូវ​អ្នក​ប្រើប្រាស់​ឋានៈកណ្តាល​។​ នៅ​ក្នុង​ន័យ​នេះ​នឹង​មាន​តម្រូវការ​ចាំបាច់​ចំពោះ​លំនៅ​ដ្ឋា​ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ផ្តល់​ដល់​វិនិយោគិន​និយោជក​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​។​ ដោយសារ​តែ​ពួក​គេ​ភាគច្រើន​បាន​ស៊ាំ​ទៅ​នឹង​ស្ថានភាព​រស់នៅ​តាម​បែប​ទំនើប​នៅ​ក្នុង​ប្រទេស​របស់​គេ​ ដូច្នេះ​ពួក​គេ​នឹង​រក្ស​បន្ត​រស់នៅ​ក្នុង​ខុន​ដូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៀត​ដែល​នឹង​បង្កើត​នូវ​កំណើន​នៃ​សេចក្តី​ត្រូវការ​»​ ៕​ វ​ឌ្ឍ​នា​

sew

sew (1)

sew (3)

sew (2)


ចែករំលែក៖