ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ថោ​ ជេដ្ឋា​ ដឹកនាំ​ក្រុមការងារ​ក្រសួង​ សហការ​ជាមួយ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ចាម​ និង​អាជ្ញាធរ​ស្រុក​កងមាស​ ចុះ​អន្តរាគមន៍​បូមទឹក​បំពេញ​អាង​ទឹក​តា​គៀត​

ចែករំលែក៖

​ខេត្តកំពង់ចាម​៖​ លោក​ ថោ​ ជេដ្ឋា​ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ នៅ​ថ្ងៃ​ទី​ ០៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ នេះ​ បាន​ដឹកនាំ​ក្រុមការងារ​ក្រសួង​ សហការ​ជាមួយ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ចាម​ និង​អាជ្ញាធរ​ស្រុក​កងមាស​ ចុះ​អន្តរាគមន៍​បូមទឹក​បំពេញ​អាង​ទឹក​តា​គៀត​ ទុក​សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ​រដូវប្រាំង​របស់​បងប្អូន​ប្រជា​កសិករ​ ក្នុង​ឃុំ​ព្រែក​តា​កុយ​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​ ។​

​លោក​ ថោ​ ជេដ្ឋា​ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​ ការងារ​បូមទឹក​បញ្ចូល​អាង​តា​គៀត​ គឺ​ក្រុមការងារ​ក្រសួង​ និង​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ខ្នាត​មធ្យម​ (៦៥​សេះ​)​ ចំនួន​ ០២​ គ្រឿង​ ដើម្បី​បូម​យក​ទឹក​ពី​បឹង​បេ​៦​ ដែល​ជា​បឹង​ធម្មជាតិ​មួយ​ទទួល​របប​ទឹក​ពី​ទន្លេមេគង្គ​ តាម​រយៈ​ព្រែក​តា​កុយ​ ។​ ដោយសារ​ឆ្នាំ​នេះ​ទឹកទន្លេ​មេគង្គ​មាន​កម្រិត​ទាប​ មិន​បាន​ធ្វើ​ឱ្យ​ទឹក​ក្នុង​បឹង​បេ​៦​ ជន់​ឡើង​ហូរ​ចូល​ក្នុង​អាង​ទឹក​តា​គៀត​បាន​ច្រើន​នោះ​ទេ​ ។​

​លោក​ ថោ​ ជេដ្ឋា​ បាន​បន្ត​ថា​ អាង​ទឹក​តា​គៀត​អាច​ស្តុក​ទឹកបាន​ប្រមាណ​ ៩៨​ម៉ឺន​ម៉ែត្រគូប​ និង​មាន​លទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវ​រដូវប្រាំង​បាន​ប្រមាណ​ ៤០៥​ ហិ​កតា​ ហើយ​បច្ចុប្បន្ន​ទឹក​ក្នុង​អាង​នៅ​សល់​តែ​ប្រមាណ​ ៥០​ភាគរយ​ប៉ុណ្ណោះ​ ដែល​តម្រូវ​ឱ្យ​យើង​ធ្វើការ​បូម​យក​ទឹក​ពី​បឹង​បេ​៦​ មក​បំពេញបន្ថែម​ ។​

​លោក​រដ្ឋលេខាធិការ​ បាន​បញ្ជាក់​បន្ថែម​ថា​ ចំពោះ​ការ​អនុវត្ត​ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង​នៅ​ក្នុង​ខេត្តកំពង់ចាម​ មក​ដល់​ពេល​នេះ​ សម្រេច​បាន​ប្រមាណ​ ៣.០០៨​ ហិ​កតា​ ស្មើនឹង​ជាង​ ៧​ភាគរយ​ នៃ​ផែនការ​ដែល​បាន​ដាក់ចុះ​ ៕​ សុខ​ ខេមរា​

dwe (4)

dwe (3)

dwe (2)

dwe (1)

dwe

dwe (5)


ចែករំលែក៖