ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​បុរស​ម្នាក់​ ខណៈ​ចូល​ស៊ីផឹក​ស្រវឹង​ជោក​គ្មាន​លុយ​

ចែករំលែក៖

​ខេត្តពោធិ៍សាត់ៈ​ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់​ឃាត់ខ្លួន​ ខណៈ​បុរស​រូប​នេះ​ចូល​ស៊ីផឹក​នៅ​ហាង​ ស៊ុប​ភើ​រៀល​ ស្រវឹង​ជោគ​ជាំ​ហើយ​គ្មាន​លុយ​មួយ​រៀល​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១១​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​ក្លិប​ស៊ុប​ភើ​រៀល​ ស្ថិត​ក្នុងភូមិ​រ៉ា​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។​

​ប្រភព​ពី​នគរបាល​ក្រុង​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ចូល​ស៊ីផឹក​ស្រវឹង​ជោកជាំ​ ហើយ​គ្មាន​លុយ​មួយ​កាក់​មួយ​សេន​ក្នុង​ហោប៉ៅ​មានឈ្មោះ​ ម៉ៅ​ហួត​ អាយុ​ ២៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្រះស្រង់​ សង្កាត់​ព្រៃ​ញី​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ ។​

​ប្រភព​ខាងលើ​បន្ដ​ថា​ តាម​ការ​រៀបរាប់​ពី​ឈ្មោះ​ សៀង​ សុ​រិ​ទ្ធី​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ ជា​ថៅកែ​ក្លិប​ប្រាប់​សមត្ថកិច្ច​ថា​ មុន​កើតហេតុ​ជនសង្ស័យ​ខាងលើ​នេះ​ បាន​ដើរ​ចូល​ទៅ​ហាង​របស់​គាត់​កា​ម៉​ង់​ស្រា​បៀរ​ និង​គ្រឿងក្លែម​យក​មក​អង្គុយ​ផឹកស៊ី​តាំងពី​វេលា​ម៉ោង​ ៧​ រហូត​ដល់​ម៉ោង​ ១០.៤៥​នាទី​យប់​ អស់​ស្រា​បៀរ​ចំនួន​ ១៨​កំប៉ុង​ សាច់​ក្លែម​ចំនួន​ ៤​ចាន​ សរុប​ទឹកប្រាក់​អស់​ចំនួន​ ១១៦៤៨០៛​ (​ដប់​មួយ​ម៉ឺន​ប្រាំមួយ​ពាន់​បួន​រយ​ប៉ែតសិប​រៀល​)​ ពេល​គិតលុយ​បុរស​រូប​នេះ​ប្រាប់​ថា​ គ្មាន​លុយ​ទេ​ចាំ​មិត្ត​ភ័​ក្ដ​ខ្ញុំ​មក​សិន​ហើយ​បាន​ហៅ​ស្រា​បៀរ​ និង​គ្រឿងក្លែម​ដើម្បី​ផឹក​បន្ដ​ ខណៈនោះ​ខាង​ថៅកែ​ក្លិប​មិន​ធ្វើ​តាម​បុរស​រូប​នេះ​ទេ​ ដោយ​ឃើញ​ស្ថានភាព​ស្រវឹង​ជោគ​ជាំ​ ហើយ​សង្ស័យ​គ្មាន​លុយ​ទៀត​នោះ​ ទើប​ហៅ​សមត្ថកិច្ច​នគរបាល​ឱ្យ​នាំ​ខ្លួន​ទៅ​ញ​ត​ក្នុង​ទ្រុង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ ឱ្យ​មូស​ខាំ​អស់​មួយ​យប់​ ។​

​ប្រភព​ខាងលើ​បន្ដ​ទៀត​ថា​ កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ​ ដើម្បី​យក​លុយ​ទៅ​សង​ថៅកែ​ក្លិប​ ហើយ​បុរស​រូប​នេះ​សមត្ថកិច្ច​ធ្វើការ​អប់រំ​ មាន​កិច្ចសន្យា​ត្រឹមត្រូវ​ពី​ក្រុម​គ្រួសារ​ ទើប​ឱ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ ៕​ ប៉ឹម​ ពិន​

sew (1)

sew


ចែករំលែក៖