ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​រាជធានី​ភ្នំពេញ​ ប្រាប់​ធនាគារពិភពលោក​ពី​ការ​ដោះស្រាយ​ដីធ្លី​បុរី​កីឡា​ និង​បឹង​កក់​

ចែករំលែក៖

​ភ្នំពេញ​:​ គណៈប្រតិភូ​ធនាគារពិភពលោក​ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​សាលា​រាជធានី​ភ្នំពេញ​ ដោយ​បាន​ផ្តោត​លើ​បញ្ហា​ជម្លោះដីធ្លី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដូច​ជា​ សហគមន៍​បឹង​កក់​ និង​សហគមន៍​បុរី​កីឡា​ ដែល​នៅ​មិន​ទាន់​បាន​ចប់​សព្វគ្រប់​ និង​បញ្ហា​មួយ​ចំនួន​ផ្សេង​ទៀត​។​

​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​ជម្រាប​ជូន​គណៈប្រតិភូ​ធនាគារពិភពលោក​ថា​ បញ្ហា​ទំនាស់​ដីធ្លី​ដ៏​រាំ​រ៉ៃ​របស់​ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា​ ត្រូវ​បាន​ធ្វើការ​ដោះស្រាយ​ បាន​ប្រមាណ​ ៨០​ភាគរយ​ហើយ​ រហូត​មក​ដល់​ពេល​នេះ​ តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​ រក​ដំណោះស្រាយ​ពី​អាជ្ញាធរ​។​

​អភិបាល​រាជធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​កន្លង​មក​ វា​លែង​ជា​បញ្ហា​ទៀត​ហើយ​ តែ​វា​ជា​ការ​បាត់បង់​ទំនុកចិត្ត​មក​លើ​អាជ្ញាធរ​ ក្នុង​ការ​ធ្វើការ​ដោះស្រាយ​ជូន​ពួក​គាត់​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​ បាន​បន្ត​ថា​ ចំពោះ​ប្រជាពលរដ្ឋ​តំបន់​បឹង​កក់​នៅ​សល់​មិន​ដល់​ ១០​គ្រួសារ​ អាច​ធ្វើការ​ដោះស្រាយ​បាន​ប្រ​សិន​ណា​ បើ​ពួក​គាត់​មិន​មានការ​លោភលន់​…​។​

​ជាមួយ​គ្នា​នេះ​ លោក​អភិបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​ជម្រាប​ជូន​ធនាគារពិភពលោក​អំពី​ស្ថានការណ៍​ នៃ​ការ​ប្រើប្រាស់​វិធានការ​រដ្ឋបាល​ និង​ច្បាប់​កន្លង​មក​ នៅ​មិន​ទាន់​សាក​សម​នឹង​សង្គម​ប្រជាធិបតេយ្យ​នៅឡើយ​ទេ​ តែ​រាជរដ្ឋាភិបាល​បាន​ព្យាយាម​ ធ្វើការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ មិន​ត្រឹមតែ​ដីស្រែ​ កន្លែង​ស្នាក់​នៅ​សមរម្យ​ប៉ុណ្ណោះ​ទេ​ តែ​បាន​គិតដល់​ពីមុខ​របរ​ ការ​អប់រំ​ អោយ​ចេះ​រស់នៅ​ក្នុង​សហគមន៍​ទៀត​ផង​ ៕​ សំរិត​

image_1 image


ចែករំលែក៖