ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ​MSX​ម្ចាស់​បើក​មិន​ប្រយ័ត្ន​បុក​កង់​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​៣​នាក់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣​នាក់​បាន​រង​របួសធ្ងន់​ ដោយសារ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​មួយ​គ្រឿង​ ដែល​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បើក​ក្នុង​ល្បឿន​លឿន​ ជ្រុល​ទៅ​បុក​កង់​ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ និង​១៥​នាទី​រសៀល​ ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៣១-៣២​ ស្ថិត​ក្នុងភូមិ​ កណ្ដាល​ ឃុំ​បន្ទាយដែក​ ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ អ្នក​រង​គ្រោះ​ទាំង​៣​នាក់​ រួម​មាន​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ សុត​ ចិន​ ភេទ​ ប្រុស​ អាយុ​ ២២​ឆ្នាំ​ និង​អ្នក​រួម​ដំណើរ​ជាមួយ​ម្នាក់​ឈ្មោះ​ រិ​ន​ ឌី​ ភេទ​ ប្រុស​ អាយុ​១៩​ឆ្នាំ​ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​កណ្តាល​ក្រោម​ ឃុំ​បន្ទាយដែក​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ និង​អ្នក​ជិះ​កង់​ ឈ្មោះ​ សេក​ បូ​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​។​

​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ម៉ូតូ​MSX​ខាងលើ​ ដែល​ជិះ​គ្នា​២​នាក់​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ ក្នុង​ទិស​ពី​ពី​អ្នក​លឿង​ឆ្ពោះទៅ​ភ្នំពេញ​ ក្នុង​ល្បឿន​លឿន​។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ម៉ូតូ​ខាងលើ​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​កង់​ ដែល​កំពុង​តែ​ជិះ​ក្នុង​ទិស​ដៅ​ស្រម​គ្នា​ បណ្ដាល​ឲ្យ​ដួល​រង​របួសធ្ងន់​ទាំង​៣​នាក់​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ក៏​ច​អន្តរាគមន៍​ និង​បាន​បញ្ជូន​អ្នក​របួស​ទាំង​៣​នាក់​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​។​ ចំណែក​ម៉ូតូ​និង​កង់​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕ វិបុល​

6 5


ចែករំលែក៖