ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះ​កម្មករ​សំណង់​វាយ​សន្លប់​ភាគី​ម្ខាង​ ហើយ​រត់គេច​ខ្លួន​ សាច់ញាតិ​ជន​រង​គ្រោះ​រក​ឃើញ​ដេញចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ជម្លោះ​បន្តិចបន្តួច​មិន​សម្រុះសម្រួល​ ក៏​បង្ក​ទៅ​ជា​ហិង្សា​វាយតប់​គ្នា​ បណ្តាល​ឲ្យ​ភាគី​ម្ខាង​សន្លប់​ ហើយ​ភាគី​បង្ក​រត់គេច​ខ្លួន​ តែ​រត់​មិន​ផុត​ ក៏​ត្រូវ​បាន​ប្រុស​ជន​រង​គ្រោះ​តាម​រក​ឃើញ​ ហើយ​ឃាត់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច​ដោះស្រាយ​តាម​ផ្លូវច្បាប់​។​

​ការ​ឃាត់ខ្លួន​ជន​បង្ក​នោះ​ បាន​ធ្វើ​ឡើយ​នៅ​ចំណុច​ផ្ទះល្វែង​កំពុង​សាងសង់​ តាម​បណ្ដោយ​ផ្លូវ​២០០២​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ កាលពី​វេលា​ម៉ោង​៥​ព្រឹក​ ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​។​

​តាម​សំដី​ជន​រង​គ្រោះ​ឈ្មោះ​ ងួ​ន​ ច័ន្ទ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង​ បាន​ប្រាប់​ថា​ មុន​ដំបូង​នៅ​យប់​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ម៉ោង​ប្រហែល​១០​យប់​រូបគេ​បាន​ឡើង​ទៅ​ដេក​នៅ​ជាន់​លើ​ ក្នុង​ការដ្ឋាន​សំណង់​។​ ពេល​នោះ​ស្រាប់តែ​ជន​បង្ក​មាន​គ្នា​ចំនួន​២​នាក់​ បាន​ព្រួត​វាយ​សង្គ្រប់​លើ​ខ្លួន​រហូត​សន្លប់​ ដោយ​មិនដឹង​មូលហេតុ​ ហើយ​ក៏​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​។​

​ប្រភព​បន្ដ​ថា​ លុះ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បងប្រុស​របស់​ជន​រង​គ្រោះ​ ក៏​បាន​រក​ឃើញ​ជន​បង្ក​ ហើយ​ក៏​នាំ​គ្នីគ្នា​ចាប់​ជន​បង្ក​ឲ្យ​សមត្ថកិច្ច​តែ​ម្ដង​។​

​ជន​បង្ក​ឈ្មោះ​ ប៉ែ​ លិ​ន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ និង​ឈ្មោះ​ ហុង​ ស៊ី​ធន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ បាន​បដិសេធ​នៅ​ពេល​ឃាត់ខ្លួន​ភ្លាមៗ​នោះ​ថា​ ខ្លួន​មិន​បាន​វាយ​ជន​រង​គ្រោះ​នោះ​ទេ​ និង​ចោទ​ថា​ ជន​រង​គ្រោះ​ទៅ​វិញ​ទេ​បាន​លួច​ទូរស័ព្ទ​ខ្លួន​ និង​វាយ​គេ​២-៣​ដៃ​ទៀត​។​ តែ​ពេល​មក​ដល់​ប៉ុស្តិ៍​នគរបាល​ ជនសង្ស័យ​ទាំង​ពីរ​នាក់​បែរជា​សារភាព​វិញ​ថា​ ពួក​គេ​ពិតជា​បាន​ព្រួត​វាយ​ជន​រង​គ្រោះ​មែន​ ដោយសារ​ខឹង​បន្តិចបន្តួច​៕​ វិបុល​

11_23_2015_08_22_19cab34


ចែករំលែក៖