ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​មនុស្ស​៥​នាក់​ដកហូត​មាន់​ខ្នាយ​ដែក​២​ក្បាល​ក្នុង​ការ​បង្ក្រាប​សង្វៀន​ជល់​មាន់នៅ​ឃុំ​កោះ​ខ្សាច់​ទន្លា​ស្រុក​ស្អាង​

ចែករំលែក៖

​ខេត្តកណ្តាលៈ​ អ្នក​ញៀន​ល្បែង​ជល់​មាន់​ចំនួន​៥​នាក់​ ក្នុង​ចំណោម​អ្នក​ញៀន​ល្បែង​ជល់​មាន់​ជា​ច្រើន​នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន​ ព្រមទាំង​ដកហូត​មាន់​ជល់​ខ្នាយ​ដែក​ចំនួន​២​ក្បាល​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​កន្លែង​នៅ​ឃុំ​កោះ​ខ្សាច់​ទន្លា​ ។​

​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​ ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នៅ​ភូមិ​ក្បាលកោះ​កើត​ ឃុំ​កោះ​ខ្សាច់​ទន្លា​ ស្រុក​ស្អាង​ រឹបអូស​មាន់​ជល់​ចំនួន​០២​ក្បាល​ ,​ជញ្ជីង​ចំនួន​០១​ ,​កន្ត្រក​មាន់​ចំនួន​០២​ និង​បង់​សំរាប់​រុំ​ខ្នាយ​មាន់​មួយ​ចំនួន​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​

​លោក​វរសេនីយ៍ទោ​ សេង​ សុ​ជាតិ​ អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ អ្នក​ញៀន​ល្បែង​ជល់​មាន់​ចំនួន​៥​នាក់​នោះ​ ទី​១-​ឈ្មោះ​ អ៊ុ​ក​ មីន​ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​ ជា​បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ​ ទី​២-​ឈ្មោះ​ ថេ​ង​ វៃ​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ មុខរបរ​ ជា​អ្នក​លក់ដូរ​ ទី​៣-​ឈ្មោះ​ ណ​ង​ សីហា​ ហៅ​រស់​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរប​ ជា​កម្មករ​សំណង់​ ទី​៤-​ ឈ្មោះ​ សេង​ រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ មុខរបរ​ ជា​អ្នក​លក់ដូរ​ ។​ ទាំង​៤​នាក់​ខាងលើ​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ក្បាលកោះ​កើត​ ឃុំ​កោះ​ខ្សាច់​ទន្លា​ ស្រុក​ស្អាង​ និង​ទី​៥-​ឈ្មោះ​ មាស​ សុង​ថុ​ង​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ មុខរបរ​ជា​លក់​បន្លែ​ មាន​ទីលំនៅ​ក្នុង​សង្កាត់​ទប់​នប់​ទឹក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​លោក​អធិការ​បាន​បន្ត​ថា​ នៅ​មុន​ពេល​បើក​ប្រតិបត្តិការ​បង្ក្រាប​ខាងលើ​នេះ​ លោក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​កោះ​ខ្សាច់​ទន្លា​ថា​ នៅ​ភូមិ​ក្បាលកោះ​កើត​មាន​គេ​បើក​សង្វៀន​ជល់​មាន់​ដោយ​លួចលាក់​ ។​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ច្បាស់ការ​រួច​មក​ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​យុត្តិធម៌​ចុះ​ឆ្មក់​បង្ក្រាប​ជាក់ស្តែង​ឃាត់ខ្លួន​បាន​អ្នក​ញៀន​ល្បែង​ជល់​មាន់​ចំនួន​៥​នាក់​ ខណៈ​ដែល​អ្នក​ញៀន​ល្បែង​ជា​ច្រើន​នាក់​ទៀត​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​ ។​ ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​អ្នក​ញៀន​ល្បែង​ជល់​មាន់​រួច​មក​ សមត្ថកិច្ច​នគរបាល​បាន​បញ្ជូន​ខ្លួន​អ្នក​ញៀន​ល្បែង​និង​វត្ថុ​តាង​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ធ្វើការ​សាកសួរ​រក​ម្ចាស់​សង្វៀន​ជល់​មាន់​ខុសច្បាប់​នេះ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕​ស្អាង​ជ័យ​

sewe


ចែករំលែក៖