ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​៣​នាក់​នៅ​ស្រុក​ពញាឮ​

ចែករំលែក៖

​ខេត្តកណ្តាលៈ​ មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ​ឃាត់ខ្លួន​ជាក់ស្តែង​ពេល​កំពុង​សំងំ​ប្រើប្រាស់​គ្រឿងញៀន​ នៅ​លើ​ផ្ទះ​មួយ​កន្លែង​គ្មាន​មនុស្ស​រស់នៅ​ស្ថិត​ក្នុងភូមិ​ថ្នល់​បត់​ ឃុំ​កោះ​ចិន​ ស្រុក​ពញាឮ​ កាលពី​វេលា​ម៉ោង​១៨​ និង​៣០​នាទី​ ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​០១​កញ្ចប់​ និង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​

​អធិការ​នគរបាល​ស្រុក​ពញាឮ​លោក​វរសេនីយ៍ទោ​ ដួង​ តេ​ង​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ ទី​១-​ឈ្មោះ​ ហ៊ុន​ ម៉េ​ង​គាន់​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជា​កម្មករ​សំណង់​ ទី​២-​ឈ្មោះ​ ព្រំ​ សុ​រ៉ា​នី​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជា​កម្មករ​ និង​ទី​៣-​ឈ្មោះ​ រ៉ា​ន់​ អូន​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជា​អ្នកលក់​-​ដូរ​ ។​ ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​៣​នាក់​ខាងលើ​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ថ្នល់​បត់​ ឃុំ​កោះ​ចិន​ ស្រុក​ពញាឮ​ ។​

​លោក​វរសេនីយ៍ទោ​ ដួង​ តេ​ង​ បាន​បន្ត​ថា​ នៅ​មុន​ពេល​បើក​ប្រតិបត្តិការ​ខាងលើ​នេះ​កម្លាំង​នគរបាល​ស្រុក​ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ថ្នល់​បត់​ថា​ឧស្សា​ហ៏​មាន​ក្មេង​ស្ទាវ​ឡើង​ទៅ​លើ​ផ្ទះ​មួយ​កន្លែង​គ្មាន​មនុស្ស​រស់នៅ​ ដើម្បី​សំងំ​ប្រើប្រាស់​គ្រឿងញៀន​ ។​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​រួច​មក​ លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ស្រុក​ចុះ​ឃ្លាំមើល​លំនៅ​ដ្ឋា​ន​ខាងលើ​នេះ​ ខណៈនោះ​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ប្រុស​-​ស្រី​៣​នាក់​ខាងលើ​នេះ​ឡើង​ទៅ​លើ​ផ្ទះ​មួយ​នោះ​ ទើប​កម្លាំង​នគរបាល​ឡោម​ព័ទ្ធ​ឡើង​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ជាក់ស្តែង​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ៕​ស្អាង​ជ័យ​

 

srdw srdw (2) srdw (1) srdw (3)

 


ចែករំលែក៖