ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹប​ដាក់​ត្រចៀក​ ៖​ លោក​ អេ​ង​ ឃាង​ មេ​វរៈ​ការពារ​ព្រំដែន​ គោក​៣០១​ត្រូវ​កូនចៅ​ប្ដឹង​

ចែករំលែក៖

​លោក​ស័ក្ដិ​៥​ អេ​ង​ ឃាង​ មេបញ្ជាការ​វរ​សេនា​តូច​ព្រំដែន​គោក​លេខ​៣០១​ ត្រូវ​នាយទាហាន​ នាយទាហានរង​ និង​ពល​ទាហាន​ប្រមាណ​៨០​នាក់​រួម​គ្នា​ផ្ដិត​មេដៃ​ ចូល​មក​អគ្គបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​ ដោយ​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្ដ​ អំពើ​ពុក​រលួយ​ បក្ខពួក​និយម​ និង​ស៊ីដាច់​ប្រាក​ឧបត្ថម្ភ​ផ្សេងៗ​ ។​

​ប្រភព​បាន​រាយការណ៍​ថា​ លោក​វរសេនីយ៍ឯក​ អេ​ង​ ឃាង​ អត្ដលេខ​០២៩២២១​ ជា​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣០១​ បាន​ប្រព្រឹត្ដ​អំពើ​ ពុក​រលួយ​ អសកម្ម​ការងារ​ ហើយ​បង្ក​សតិអារម្មណ៍​មិនល្អ​ដល់​ជួរ​កងទ័ព​ក្នុង​អង្គ​ ភាព​របស់​ខ្លួន​ ។​

​គេ​រាយការណ៍​ទៀត​ថា​ លោក​មេបញ្ជាការ​តម្រូវ​ឱ្យ​កូនចៅ​នៅ​តាម​កង​អនុ​ សេនា​តូច​ និង​អនុ​សេនា​ធំ​បង់លុយ​ឱ្យ​មេ​គ្រប់​ចំនួន​ជា​ប្រចាំ​,​ កិបកេង​ថវិកា​ និង​ សម្ភារ​របប​ឧបត្ថម្ភ​យក​មក​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ ។​

​បើ​តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា​ ថវិកា​អន្ដរាគមន៍​៣០​លាន​រៀល​,​ ថវិកា​ កងទ័ព​វៀតណាម​ផ្ដល់​ឱ្យ​អង្គភាព​ និង​រថយន្ដ​មួយ​គ្រឿង​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ជា​ អំណោយ​របស់​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ ត្រូវ​បាន​ចាយវាយ​ និង​ប្រើប្រាស់​ក្នុង​លក្ខណៈ​ ឯកជន​របស់​លោក​ អេ​ង​ ឃាង​ ។​

​គេ​រាយការណ៍​ទៀត​ថា​ ក្នុង​ការ​ដឹកនាំ​ការងារ​របស់​ លោក​ អេ​ង​ ឃាង​ មិន​បាន​ចាត់​ទុក​ការងារ​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់​ឱ្យ​ជា​ស្នូល​ នោះ​ទេ​ គឺ​បែរជា​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​,​ គាបសង្កត់​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​ ជា​ពិសេស​ប​ង្ខ​ឱ្យ​កូនចៅ​ក្រោម​ឱវាទ​រក​ប្រាក់​ឱ្យ​ខ្លួន​ ។​

​នាយទាហាន​ នាយទាហានរង​ និង​ពល​ទាហាន​ស្នើ​ឱ្យ​អគ្គបញ្ជាការ​នៃ​កង​យោធ​ ពល​ខេមរភូមិន្ទ​ពិនិត្យ​រឿង​នេះ​ឡើង​វិញ​ផង​ ។​ រហូត​មក​ដល់​ពេល​នេះ​ កូនចៅ​ទាំងឡាយ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ​ទេ​ តែ​បែរជា​ទទួល​នូវ​ការ​គំរាម​ពី​ថ្នាក់លើ​ថែម​ទៀត​ផង​ ៕​

dd


ចែករំលែក៖