ព័ត៌មានទាន់ហេតុការណ៍៖

សាលាក្តី​ខ្មែរក្រហម​ចាប់ផ្តើម​សវនាការ​លើ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ប្រឆាំង​ជនជាតិ​វៀតណាម​ប្រឆាំង​នួន​ ជា​ និង​ខៀវ​ សំ​ផ​ន​

ចែករំលែក៖

​ភ្នំពេញ​៖​ អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ​.​វ​.​ត​.​ក​)​ នៅ​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ បាន​ស្តាប់​ភស្តុ​តាង​ទាក់ទង​នឹង​ការ​ចោទប្រកាន់​ពី​បទ​ប្រល័យពូជសាសន៍​ និង​ឧក្រិដ្ឋកម្ម​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​អនុវត្ត​ប្រឆាំង​នឹង​ជនជាតិភាគតិច​វៀតណាម​នៅ​កម្ពុជា​ក្នុង​រយៈកាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដោយ​ស្តាប់​ការ​ផ្តល់​សក្ខីកម្ម​ដើមបណ្តឹង​រដ្ឋប្បវេណី​ម្នាក់​ទាក់ទង​នឹង​ការ​ការ​រង​ទុក្ខវេទនា​និង​ការ​បាត់បង់​ក្រុម​គ្រួសារ​របស់​គាត់​ដោយសារ​តែ​មាន​ជាប់​នឹង​សែស្រឡាយ​ជាមួយ​ជនជាតិ​វៀតណាម​។​ជន​រង​គ្រោះ​ប្រាក់​ ឌឿ​ន​ ដែល​បាន​រៀប​ការ​ជាមួយ​ស្ត្រី​ដែល​ជាប់សែស្រឡាយ​វៀតណាម​ បាន​ថ្លែង​ថា​ប្រពន្ធ​របស់​លោក​ត្រូវ​បាន​យក​ទៅ​សម្លាប់​នៅ​ពេល​ដែល​គេ​ដឹង​ថា​មាន​សែស្រឡាយ​វៀតណាម​ រួម​នឹង​កូន​គាត់​។​ តាម​ជន​រង​គ្រោះ​ខ្មែរក្រហម​បាន​សម្លាប់​កូន​ក្មេង​ដោយ​បោះ​ឡើង​លើ​និង​ចាក់​នឹង​ចំពុះទុង​កាំភ្លើង​របស់​របស់​ខ្លួន​។​

​មាន​ដើម​កំណើត​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​លោក​ប្រាក់​ ឌឿ​ន​បាន​រៀបរាប់​ថា​លោក​បាន​រៀប​ការ​ជាមួយ​ស្ត្រី​កូនកាត់​ជនជាតិ​វៀតណាម​ម្នាក់​ដែល​បាន​រៀនសូត្រ​ជាមួយ​គ្នា​នៅ​មុន​ពេល​របប​ខ្មែរក្រហម​ឡើង​កាន់​អំណាច​និង​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ច្បាប់​ត្រឹមត្រូវ​។​ មានកូន​ចំនួន​ ៦​ នាក់​ លោក​ប្រាក់​ ឌឿ​ន​បាន​ថ្លែង​ថា​ក្រុម​គ្រួសារ​របស់​ លោក​ត្រូវ​បាន​ខ្មែរក្រហម​ជម្លៀស​ដោយ​បង្ខំ​ឱ្យ​ចេញពី​ភូមិ​ដែល​ខ្លួន​ធ្លាប់​រស់នៅ​។​ លោក​បាន​ថ្លែងប្រាប់​អង្គ​សវនាការ​ថា​ខ្មែរក្រហម​បាន​ធ្វើ​បញ្ជី​ឈ្មោះ​ជនជាតិ​វៀតណាម​ក្រុម​គ្រួសារ​ខ្មែរ​ដែល​បាន​រៀប​ការ​ជាមួយ​ជនជាតិ​វៀតណាម​។​ លោក​ថ្លែង​ថា​ប្រជាជន​នៅ​តំបន់​នោះ​ដែល​ចង់បាន​ដំឡូង​និង​របស់​ហូប​មួយ​ចំនួន​ពី​ក្រុម​ខ្មែរក្រហម​បាន​រាយការណ៍​ ពី​វត្តមាន​របស់​ក្រុម​គ្រួសារ​ដែល​មាន​ជាប់សែស្រឡាយ​ទៅ​កម្មាភិបាល​ខ្មែរក្រហម​បានដឹង​។​

​ដើមបណ្តឹង​រដ្ឋប្បវេណី​ប្រាក់​ ឌឿ​ន​បាន​ថ្លែង​ថា​លោក​បានឃើញ​ជនជាតិ​វៀតណាម​ជា​ច្រើន​នាក់​ត្រូវ​បាន​ខ្មែរក្រហម​ប្រមូលផ្តុំ​និង​បញ្ជូន​ទៅ​ក្រៅ​តំបន់​សហករណ៍​។​ លោក​បាន​ថ្លែង​ថា​មានការ​ប្រាប់​ទៅ​ជនជាតិ​វៀតណាម​ដែល​នៅ​កោះ​តា​ម៉ូ​វ​ក្នុង​ខេត្ត​កំពង់​ឆ្នាំ​ថា​កុំឱ្យ​និយាយ​ភាសា​វៀតណាម​បន្ត​ទៅ​ទៀត​។​ លោក​បាន​ថ្លែង​ថា​ក្រុម​ខ្មែរ​ ក្រហម​បាន​និយាយ​ពី​ជនជាតិ​វៀតណាម​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ខ្មាំង​ស៊ី​រូង​ផ្ទៃក្នុង​ ហើយ​បានឮ​ថា​នឹង​មានការ​ប្រមូល​ជនជាតិ​វៀតណាម​ពី​តាម​សហករណ៍​នានា​។​ ពេល​ដែល​ស្តាប់​ឮ​ពី​បញ្ហា​នោះ​ដើមបណ្តឹង​រដ្ឋប្បវេណី​រូប​នេះ​ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដែល​ថា​លោក​អាច​នឹង​បែកបាក់​ជាមួយ​ប្រពន្ធ​របស់​លោក​ដែល​ជាប់សែស្រឡាយ​វៀត​ ណា​ម​។​ លោក​ថា​ក្រោយមក​ខ្មែរក្រហម​បាន​ចាប់ខ្លួន​ប្រពន្ធ​និង​ម្តាយ​ឪពុកក្មេក​ជា​ជនជាតិ​វៀតណាម​។​ ជនជាតិ​ វៀតណាម​ផ្សេង​ទៀត​ដែល​មាន​ចំណងអាពាហ៍ពិពាហ៍​ជាមួយ​ជនជាតិ​ខ្មែរ​ក៏​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ​ហើយ​ធ្វើការ​បែងចែក​ក្រុម​ជនជាតិ​ខ្មែរ​ម្ខាង​និង​ក្រុម​វៀតណាម​ម្ខាង​។​

​លោក​នេត្រ​ភក្ត្រា​មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ថ្លែង​ថា​សាក្សី​និង​ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន​ ១០​ រូប​ត្រូវ​បាន​កំណត់​កាលបរិច្ឆេទ​សម្រាប់​ការ​ផ្តល់​សក្ខីកម្ម​នៅ​ក្នុងអំឡុងពេល​សវនាការ​លើ​ផ្នែក​នេះ​ក្នុង​សំណុំរឿង​ ០០២/០២​។​អង្គ​ជំនុំជម្រះ​សាលាដំបូង​ក៏​កំពុង​ពិចារណា​ផង​ដែរ​ថា​តើ​ត្រូវ​ស្តាប់​សក្ខីកម្ម​របស់​អ្នកជំនាញ​លើ​

​អង្គ​ហេតុនេះ​ដែរ​ឬ​យ៉ាងណា​។​ លោក​បាន​បញ្ជាក់​ថា​យោង​តាម​ដីកា​ដំណោះស្រាយ​គោលនយោបាយ​មួយ​ក្នុង​ចំណោម​គោលនយោបាយ​ចំនួន​ ៥​ ដែល​អនុវត្ត​ដោយ​បក្ស​កុម្មុយនីស្ត​កម្ពុជា​ (​ប​.​ក​.​ក​)​ ដើម្បី​ការពារ​បដិវត្តន៍​សង្គមនិយម​គឺ​ការ​ដាក់​ក្រុម​ជាក់លាក់​ ជា​គោលដៅ​តាម​រយៈ​ការ​ប្រើប្រាស់​មធ្យោបាយ​ចាំបាច់​នានា​។​

​ទាក់ទង​នឹង​ផ្នែក​ស្តី​ពី​ជនជាតិ​វៀតណាម​ដីកា​ដំណោះស្រាយ​គូសបញ្ជាក់​ថា​គោលនយោបាយ​នេះ​មាន​អត្ថិភាព​នៅ​មុន​ឆ្នាំ​ ១៩៧៥​ និង​រីក​រាលដាល​ពេញ​មួយ​រយៈកាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​យ៉ាង​ហោច​ណាស់​រហូត​ដល់​ថ្ងៃ​ទី​ ០៦​ ខែមករា​ឆ្នាំ​ ១៩៧៩​។​ កាលពី​ដំបូង​ប​.​ក​.​ក​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ផ្តោត​ទៅ​លើ​ការ​បណ្តេញ​ជនជាតិ​វៀតណាម​ទាំង​អស់ពី​ទឹកដី​កម្ពុជា​និង​បញ្ជូន​ពួក​គេ​ទៅ​ប្រទេស​វៀតណាម​វិញ​។​ ដីកា​ដំណោះស្រាយ​បាន​ចោទប្រកាន់​ថា​នួន​ជា​និង​ខៀវ​សំ​ផ​ន​ ជា​អ្នក​ទទួលខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​ជា​លក្ខណៈ​បុគ្គល​ចំពោះ​ឧក្រិដ្ឋកម្ម​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​មក​លើ​ក្រុម​ជនជាតិ​វៀតណាម​ ក្នុងអំឡុងពេល​ខាងលើ​តាម​រយៈ​តួនាទី​នានា​របស់​ពួក​គាត់​ក្នុង​ជួ​រប​.​ក​.​ក​ ។​

​សំណុំរឿង​ ០០២/០២​ គឺជា​ការ​ជំនុំជម្រះ​ដំណាក់កាល​ទី​ពីរ​ទៅ​លើ​នួន​ជា​និង​ខៀវ​សំ​ផ​ន​និង​ដែល​មាន​បទ​ចោទ​អំពី​អំពើ​ប្រល័យពូជសាសន៍​ទៅ​លើ​ប្រជាជន​ចាម​និង​ប្រជាជន​វៀតណាម​ការ​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​ការ​រំលោភ​ផ្លូវភេទ​នៅ​ក្នុង​បរិបទ​នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​ការ​បោសសម្អាត​ផ្ទៃក្នុង​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​ទៅ​លើ​ពុទ្ធសាសនិក​និង​អតីត​អ្នក​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ ព្រមទាំង​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​នៅ​មន្ទីរ​សន្តិសុខ​ចំនួន​បួន​ ការដ្ឋាន​ការងារ​ចំនួន​បី​និង​សហករណ៍​មួយ​។​

​នៅ​ពេល​សវនាការ​លើ​អង្គហេតុ​ទី​បី​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​លើ​ក្រុម​គោលដៅ​ជាក់លាក់​កំពុង​តែ​ដំណើ​ការ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​អង្គ​ជំនុំជម្រះ​បាន​ស្តាប់​ សក្ខីកម្ម​របស់​សាក្សី​ចំនួន​ ៤៩​ រូប​ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន​ ៣០​រូប​និង​អ្នកជំនាញ​មួយ​រូប​ក្នុងអំឡុងពេល​សវនាការ​ចំនួន​ ១១៧​ថ្ងៃ​ ៕

ECH_7552 ECH_7540 ECH_7564


ចែករំលែក៖