ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ចុះ​សួរសុខទុក្ខ​និង​ចែក​អំណោយ​ដល់​ចាស់ជរា​ឥត​ទីពឹង​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ជន​ពិការ​និង​កុមារ​កំព្រា​២៥២០​គ្រួសារ​

ចែករំលែក៖

​ភ្នំពេញ​៖​ ព្រឹក​ថ្ងៃ​ទី​ ០៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៥​ នេះ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ និង​ចែក​អំណោយ​មនុស្សធម៌​ដល់​ ចាស់ជរា​គ្មាន​ទីពឹង​ អ្នក​ផ្ទុក​ និង​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍​ ជន​ពិការ​ កុមារ​កំព្រា​ និង​ជន​ទី​ទ័លក្រ​ ២៥២០​គ្រួសារ​ មក​ពី​សង្កាត់​ទាំង​១៣​ ក្នុង​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ បាន​សម្តែង​នូវ​សេចក្តី​នឹករលឹក​ និង​សប្បាយ​រីករាយ​ដោយ​បាន​ចុះ​សាកសួរ​សុខ​-​ទុក្ខ​ បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ និង​បញ្ជាក់​ថា​ “​កាកបាទក្រហមកម្ពុជា​ ជា​សមាគម​ជាតិ​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​ ដែល​បំពេញការងារ​មនុស្សធម៌​ដោយ​មិន​លំអៀង​ មិន​ប្រកាន់​និន្នាការ​នយោបាយ​ ជាតិ​សាសន៍​ ពណ៌​សម្បុរ​អ្វី​ឡើយ​ ហើយ​ថវិកា​ និង​សម្ភារៈ​ទាំងអស់​ គឺ​ទទួល​បាន​ពី​ការ​បរិច្ចាគ​របស់​សប្បុរស​ជនជាតិ​-​អន្តរជាតិ​ ដើម្បី​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ពិសេស​ ចាស់ជរា​គ្មាន​ទីពឹង​ គ្រួសារ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍​ ជន​ពិការ​ កុមារ​កំព្រា​ និង​ជន​ទី​ទ័លក្រ​”​ ដូចដែល​បាន​រៀបចំ​ជូន​នៅ​ក្នុង​ពេល​នេះ​ ក្នុង​នោះ​ មួយ​គ្រួសារៗ​ ទទួល​បានៈ​ អង្ករ​ ៣០​គ​.​ក្រ​ មី​១​កេស​ ត្រីខ​១០​កំប៉ុង​ មុង​១​ ភួយ​១​ សា​រ៉ុ​ង​១​ ក្រ​ម៉ា​១​ និង​ថវិកា​ ២​ម៉ឺន​រៀល​។​ ដោយឡែក​ ក្រណាត់​ស​ ១​ដុំ​ និង​ថវិកា​ ១​ម៉ឺន​រៀល​ថែម​ទៀត​ជា​អំណោយ​ផ្ទាល់​របស់​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​

​ជាមួយ​គ្នា​នោះ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ បាន​លើក​ឡើង​នូវ​អនុសាសន៍​ និង​សំណូមពរ​មួយ​ចំនួន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ពិសេស​លោកគ្រូ​-​អ្នកគ្រូ​ អាណាព្យាបាល​ និង​យុវជន​កាកបាទក្រហម​ ធ្វើ​យ៉ាងណា​ជួយ​អប់រំ​ផ្សព្វផ្សាយ​ និង​លើកកម្ពស់​ការ​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ដើម្បី​រួមចំណែក​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។​ ចំពោះ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍​ទាំងអស់​ ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ និង​លេបថ្នាំ​ឱ្យ​បាន​ទៀងទាត់​ទៅ​តាម​វេជ្ជបញ្ជា​ ពិសេស​ត្រូវ​ផ្សព្វផ្សាយ​ ណែនាំ​បន្ត​ដល់​កូន​-​ក្មួយ​របស់​ខ្លួន​ជៀសវាង​ការ​រីក​រាលដាល​បន្ត​ទៀត​ និង​សូម​បងប្អូន​កុំ​រើសអើង​អ្នក​ផ្ទុក​ និង​រស់នៅ​ មេរោគ​អេ​ដស៍​ ព្រោះ​ មេរោគ​អេ​ដស៍​ មិន​អាច​ឆ្លង​តាម​រយៈ​ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ ការ​រស់នៅ​ជាមួយ​គ្នា​ ឬ​ការ​ហូប​ចុក​ជាមួយ​គ្នា​ឡើយ​។​ លើស​ពី​នេះ​ទៅ​ទៀត​ អាណាព្យាបាល​គ្រប់​រូប​ ត្រូវ​ណែនាំ​កូន​-​ក្មួយ​ ឱ្យ​ឃ្លាតឆ្ងាយ​ពី​គ្រឿងញៀន​ ជៀសវាង​អំពើ​ហិង្សា​ និង​ចោរកម្ម​ផ្សេងៗ​ ៕​ សុខ​ ខេមរា​


ចែករំលែក៖