ព័ត៌មានទាន់ហេតុការណ៍៖

លិខិត​មិត្ត​អ្នក​អានៈ​ កំពត​កំពូល​ដួងចិត្ត​នៃ​ខ្ញុំ​ ប្លន់​អី​ប្លន់​យ៉ាងនេះ​!

ចែករំលែក៖

​ក្នុង​នាម​ប្រជាពលរដ្ឋ​ដែល​មានស្រុក​កំណើត​នៅ​ឯ​ខេត្តកំពត​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ព័ត៌មាន​ដែល​ផ្សាយ​ជា​បន្តបន្ទាប់​អំពី​ករណី​ចោរប្លន់​ប្រដាប់​អាវុធ​នៅ​ក្នុង​មូលដ្ឋាន​នៃ​ខេត្ត​នេះ​ ។​ ថ្វីបើ​នាង​ខ្ញុំ​សព្វថ្ងៃ​រស់នៅ​រាជធានី​ភ្នំពេញ​ អាច​និយាយ​បាន​ថា​ ចាក​ផុត​អំពី​សេចក្តី​ព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​ការ​ប្លន់​នៅ​ខេត្តកំពត​នោះ​មែន​ ប៉ុន្តែ​នៅ​តែ​មាន​សេចក្តី​ព្រួយ​ជំនួយ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​ដដែល​ ។​

​តាម​ការ​កត់សម្គាល់​របស់​នាង​ខ្ញុំ​ យ៉ាង​ហោច​ណាស់​ការ​ប្លន់​ប្រដាប់​អាវុធ​មួយ​រយៈ​ចុង​ក្រោយ​នេះ​បាន​កើតឡើង​១០​ដង​មក​ហើយ​ ។​ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​គឺ​សមត្ថកិច្ច​នគរបាល​ដ៏​ឧត្តុ​ង​ឧត្តម​នៃ​ខេត្ត​នេះ​មិន​ទាន់​ស្រាយ​បានការ​ភ័យ​ខ្លាច​របស់​ប្រជាពលរដ្ឋ​នៅឡើយ​ ។​ មិនតែប៉ុណ្ណោះ​អំពើ​ប្លន់​ដែល​ម្តង​ហើយ​ម្តងទៀត​នៅ​ក្នុង​មូលដ្ឋាន​ខេត្តកំពត​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​សេចក្តី​កក់ក្តៅ​និង​ទំនុកចិត្ត​ចំពោះ​សមត្ថកិច្ច​នៅ​គ្រប់​ផ្នែក​តាំងពី​មូលដ្ឋាន​ដល់​ខេត្ត​ ។​ មិនមែន​មាន​ន័យ​ថា​ សមត្ថកិច្ច​នគរបាល​មិន​បាន​ដុតដៃដុតជើង​ក្នុង​ការ​បង្ក្រាប​ ឬ​ស្វែងរក​ក្រុម​ចោរប្លន់​នោះ​ទេ​ ។​ ប៉ុន្តែ​អាច​និយាយ​បាន​ថា​ ចោរ​មាន​សមត្ថភាព​ជាង​ប៉ូលិស​ ។​

​ហេតុ​អ្វី​បានជា​មិនឃើញ​មានការ​បង្ក្រាប​ក្រុម​ចោរប្លន់​ជា​ច្រើន​ករណី​មក​នោះ​ ។​ បងប្អូន​នាង​ខ្ញុំ​ដែល​រស់នៅ​ឯ​ខេត្តកំពត​ព្រលប់​ឡើង​បិទទ្វារ​ផ្ទះ​ ព្រោះ​ខ្លាច​ចោរប្លន់​ ។​ ករណី​ឃាតកម្ម​ទៅ​លើ​ថៅកែ​ចែកចាយ​បារី​ ក៏​មិន​ទាន់​ស្រាយ​បញ្ហា​បាន​ ។​ បើ​តាម​មើលទៅ​ វា​ជា​រឿង​គួរ​ឲ្យ​ភ័យ​ខ្លាច​ ប៉ុន្តែ​អាជ្ញាធរ​ហាក់ដូចជា​មិន​បាន​យល់​អំពី​កង្វល់​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ​ ។​ បងប្អូន​នាង​ខ្ញុំ​តែងតែ​ទូរស័ព្ទ​ប្រាប់​ និង​រ៉ាយរ៉ាប់​អំពី​សេចក្តី​ភ័យ​ខ្លាច​ករណី​ចោរប្លន់​ដែល​តែងតែ​កើត​ឡើងជា​ញឹកញាប់​នោះ​ ។​

​ប្រជាពលរដ្ឋ​ពិតជា​ពឹង​អាង​ទៅ​លើ​សមត្ថកិច្ច​ប្រដាប់​អាវុធ​ ។​ សមត្ថកិច្ច​ប្រដាប់​អាវុធ​ខេត្តកំពត​ គ្មាន​សមត្ថភាព​ក្នុង​ការ​ធានា​សុវត្ថិភាព​ សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​នោះ​ឡើយ​ ។​ នេះ​ជា​មតិ​នាង​ខ្ញុំ​ដែល​មើលឃើញ​ទិដ្ឋភាព​ជាក់ស្តែង​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ ។​ ដូច្នេះ​គួរតែ​ក្រសួងមហាផ្ទៃ​ ក៏​ដូច​ជា​អគ្គស្នងការ​នគរបាល​ជាតិ​ពិនិត្យ​មើល​ករណី​ចោរប្លន់​នៅ​ខេត្តកំពត​នោះ​ផង​ ។​ ប្រជាពលរដ្ឋ​ពិតជា​រងា​ណាស់​ ៕​ ប្រជាពលរដ្ឋ​ម្នាក់​

Untitled-1

dee


ចែករំលែក៖