ព័ត៌មានទាន់ហេតុការណ៍៖

ថៃ​ឃុំខ្លួន​និស្សិត​ច្រើន​នាក់​ពាក់ព័ន្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​គម្រោង​សង់​ឧទ្យាន​ Rachapakti

ចែករំលែក៖

​ក្រុម​និស្សិត​ថៃ​ច្រើន​នាក់​ត្រូវ​ឃុំខ្លួន​ដោយ​កម្លាំងយោធា​ថៃ​កាលពី​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ក្រុម​និស្សិត​ទាំងនោះ​បាន​ប៉ុនប៉ង​ព្យាយាម​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​នៅ​សួនឧទ្យាន​សាធារណៈ​ទាក់​ទឹ​ន​រឿងអាស្រូវ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​ការ​សាងសង់​សួនឧទ្យាន​នោះ​ដែល​កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាលយោធា​ថៃ​ កក្រើក​រន្ធត់​ញាប់​ញ័រ​នោះ​ ។​

​អ្នកនាំពាក្យ​រដ្ឋាភិបាលយោធា​ថៃ​ លោក​ Winthai​ Suvaree​ បាន​ថ្លែង​ថា​ អាជ្ញាធរ​ថៃ​បាន​ឃុំខ្លួន​ក្រុម​និស្សិត​ទាំងនោះ​ ដើម្បី​បញ្ឈប់​សកម្មភាព​របស់​ពួក​គេ​ដែល​ព្យាយាម​ជួបជុំ​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ ។​ លោក​បញ្ជាក់​ថា​ សួនឧទ្យាន​នេះ​គឺ​កសាង​ឡើង​សម្រាប់​ពលរដ្ឋ​ថៃ​គ្រប់​រូប​ដើម្បី​សកម្មភាព​គោរព​បូជា​ព្រះមហាក្សត្រ​ ហើយ​ទីកន្លែង​នេះ​មិនមែន​ប្រើប្រាស់​សម្រាប់​ការ​ធ្វើ​បាតុកម្ម​ ឬ​ធ្វើ​ព្រឹត្តិការណ៍​អ្វីមួយ​ឡើយ​ ។​

​សួនឧទ្យាន​ Rachapakti​ មាន​ទីតាំង​ស្ថិត​នៅ​រមណីយដ្ឋាន​មាត់សមុទ្រ​ ក្នុង​ទីក្រុង​ Hua​ Hin​ ។​ ការ​ស្ថាបនា​សួនឧទ្យាន​នេះ​គឺ​ដើម្បី​ជា​វិភាគទាន​ដល់​ព្រះរាជា​ប្រទេស​ថៃ​ ហើយ​ការ​សាងសង់​នោះ​ធ្វើ​ឡើង​ដោយ​កងកម្លាំង​ភូមិន្ទ​ថៃ​ ។​ ប៉ុន្តែ​វា​បាន​ហ៊ុម​ព័ទ្ធ​ដោយ​រឿងអាស្រូវ​ និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​គម្រោង​សាងសង់​សួនឧទ្យាន​នេះ​ និង​ក្លាយជា​ចំណុចរសើប​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ ។​

​គម្រោង​សំណង់​ឧទ្យាន​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ឧត្តមសេនីយ៍​ Udomdej​ Sitabutr​ អតីត​ជា​មេទ័ព​ដែល​មាន​ឥទ្ធិពល​មួយ​រូប​ និង​ជា​ឧ​ប​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​របស់​រដ្ឋាភិបាលយោធា​ថៃ​ ។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ ក៏​ដូច​ក្រុមប្រឆាំង​ផង​ដែរ​បាន​បរិហារ​រិះគន់​ពាក់ព័ន្ធ​អំពើ​រលួយ​ក្នុង​ទំហំ​ធំធេង​សម្រាប់​ជា​កិច្ចសន្យា​ដើម្បី​បាន​គម្រោង​សាងសង់​នោះ​ ។​

​នៅ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ Sirawith​ Seritiwat​ មេដឹកនាំ​ក្រុម​និស្សិត​បាន​បញ្ជាក់​ថា​ ក្រុម​និស្សិត​បាន​អះអាង​ថា​ ពួក​គេ​អាច​ទៅ​កាន់​ទីនោះ​(​សួនឧទ្យាន​)​ដើម្បី​ប្រឆាំង​អំពើ​ពុក​រលួយ​ ហើយ​នៅ​មិនយូរ​ប៉ុន្មាន​ម៉ោង​ក្រោយមក​ លោក​ Sirawith​ Seritiwat​ ក៏​បាន​ប្រកាស​អំពី​ការ​ឃុំខ្លួន​ក្រុម​និស្សិត​ទាំងនោះ​ផង​ដែរ​ ។​

​នៅ​ក្នុង​រយៈពេល​នេះ​ គឺជា​ពេលវេលា​ដែល​ប្រជាជន​ថៃ​ឈប់​សម្រាក​ដើម្បី​ប្រារព្ធ​ព្រះរាជ​ពិធី​ខួបកំណើត​ ថ្វាយ​ព្រះមហាក្សត្រ​ថៃ​ ហើយ​នៅ​សួនឧទ្យាន​ Rachapakti​ នោះ​តែ​ម្តង​គឺ​មាន​មនុស្ស​ម្នា​ជា​ច្រើន​ណាស់​ទៅ​កាន់​ទីនោះ​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ នៅ​ក្នុងឆ្នាំនេះ​ ត្រូវ​គេ​បិត​មិន​ឲ្យ​មានការ​ចូល​ទៅ​កាន់​ទីនោះ​ឡើយ​ ។​

​ក្រុម​និស្សិត​មួយ​ចំនួន​ត្រូវ​យោធា​ចាប់​ដាក់​ក្នុង​រថយន្ត​ផង​ដែរ​នៅ​អំឡុង​ពេល​ពាក់កណ្តាល​ថ្ងៃ​ កាលពី​ថ្ងៃ​ចន្ទ​ ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៥​នោះ​ ។​ គេ​មិន​បានដឹង​ឡើយ​ថា​ តើ​ក្រុម​និស្សិត​ទាំងនោះ​ត្រូវ​គេ​ចាប់ខ្លួន​មក​ពី​ខាង​ណា​ឡើយ​ ។​

​អ្នកនាំពាក្យ​របស់​កងកម្លាំង​យោធា​ថៃ​ បាន​អះអាង​ថា​ យើង​មិន​ចង់​ប្រឈម​មុខ​ដាក់​គ្នា​ឡើយ​ ដោយ​លោក​អះអាង​ថា​ ក្រុម​មួយ​ផ្សេង​ទៀត​មិន​ពេញចិត្ត​ចំពោះ​ក្រុម​និស្សិត​ដែល​ធ្វើ​បាតុកម្ម​នេះ​ឡើយ​ ហើយ​ទំនងជា​មានការ​ប្រមូលផ្តុំ​តវ៉ា​តបត​ចំពោះ​ក្រុម​និស្សិត​ទាំងនោះ​វិញ​ ។​

​កាលពី​ស​ប្តា​ហ៍​កន្លង​មកនេះ​ មេដឹកនាំ​ក្រុមប្រឆាំង​រដ្ឋាភិបាលយោធា​ថៃ​២​នាក់​ត្រូវ​យោធា​ចាប់ខ្លួន​ បន្ទាប់​ពី​ប៉ុនប៉ង​ចូល​ទៅ​កាន់​សួនឧទ្យាន​ដែល​មាន​រួប​សំណាក់​ព្រះមហាក្សត្រ​ដ៏​ល្បីល្បាញ​បំផុត​ចំនួន​៧​អង្គ​នោះ​ ។​

​កម្លាំងយោធា​ថៃ​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស្របច្បាប់​ថៃ​កាលពី​ឆ្នាំ​មុន​ ដោយ​គោលដៅ​គឺ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ ក៏​ដូច​ជា​ការ​ការពារ​ដល់​គ្រួសារ​រាជវង្សានុវង្ស​ថៃ​ផង​ដែរ​ ។​

​មេដឹកនាំ​រដ្ឋាភិបាលយោធា​ថៃ​ ក្នុង​នោះ​មាន​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​ ចាន់​អូ​ចា​ ផង​ដែរ​ បាន​អះអាង​ថា​ គ្មាន​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​នៅ​ក្នុង​គម្រោង​សាងសង់​សួនឧទ្យាន​នោះ​ឡើយ​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ក្រុម​អ្នក​តវ៉ា​នៅ​តែ​ទទូច​អះអាង​ជា​និច្ច​ ហើយ​ជា​និច្ចកាល​រង​ការ​បង្ក្រាប​ បំ​បិត​មាត់​ពី​កម្លាំងយោធា​ថៃ​ ។​

​ដោយ​ទទួល​រង​សម្ពាធ​ខ្ពស់​នោះ​ ក្រសួងការពារជាតិ​ថៃ​បាន​ប្រកាស​ថា​ ខ្លួន​នឹង​ស៊ើបអង្កេត​ទៅ​លើ​ករណី​ចោទប្រកាន់​នេះ​ ប៉ុន្តែ​ទោះបីជា​បែប​នេះ​ក៏​ដោយ​ ក៏​វា​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​ពី​ប្អូនប្រុស​របស់​លោក​ប្រា​យុទ្ធ​ ចាន់​អូ​ចា​ ដែល​ជា​មេទ័ព​មួយ​រូប​ផង​ដែរ​នោះ​ ៕​

rachapakti-park

thailand-s-junta-data


ចែករំលែក៖