ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ត​លឿន ​ជ្រុល​បុក​អ្នក​ជិះ​ម៉ូតូ​ពីក្រោយស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់​ (មានវីដេអូ)

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ និង​បុរស​ម្នាក់​ទៀត​រង​របួសធ្ងន់​ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ខណៈ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ត្រូវ​រថយន្ត​បុក​ពីក្រោយ​ពេញទំហឹង​ អូស​ជាង​១០​ម៉ែត្រ​ រួច​ម្ចាស់​រថយន្ត​បង្ក​បាន​ចុះ​គេចខ្លួន​បាត់​ស្រមោល​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២៥​នាទី​យប់​ ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥២៨​ កែង​ផ្លូវ​២៨៧​ មុខ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​ ក្នុង​សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ ។​ បុរស​រង​គ្រោះ​ឈ្មោះ​ ម៉ែ​ន​ កុសល​ អាយុ​២៩​ឆ្នាំ​ រង​របួសធ្ងន់​ និង​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ អ្នក​ទាំង​២​ជិះ​ម៉ូតូឌុប​គ្នា​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CQ-1183​។​ ចំណែក​រថយន្ត​បង្ក​ម៉ាក​ព្រូស​ គ្មាន​ស្លាក​លេខ​ ខូចខាត​ផ្នែក​ខាង​មុខ​ និង​អ្នកបើកបរ​បាន​គេចខ្លួន​បាត់​ ។​

អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​បង្ក​បើក​ក្នុង​ល្បឿន​មក​ពីក្រោយ​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​អូស​ជាង​១០​ម៉ែត្រ​បណ្តាល​ឲ្យ​ស្លាប់​និង​របួស​តែ​ម្តង​ ។​ ភ្លាមៗ​អ្នក​បើករថយន្ត​បង្ក​ព្យាយាម​បើក​គេច​ប្រហែល​៣០​ម៉ែត្រ​ទៅ​មុខ​លែង​រួច​ ក៏​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគមន៍​វាស់វែង​ និង​ហៅ​រថយន្ត​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ រីឯ​សព​ជន​រង​គ្រោះ​ម្នាក់​ទៀត​សមត្ថកិច្ច​បាន​ទំនាក់ទំនង​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​ ។​ ចំណែក​រថយន្ត​និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ​ ៕​ ស​ រស្មី​

vzo0t7k0

xe5wlsqy

hjmqoo09

nr9mzcih


ចែករំលែក៖