ព័ត៌មានទាន់ហេតុការណ៍៖

មន្ដ្រីក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា២រូបរងការចោទ ប្រកាន់ពីបទ“ជំនួញ ឥទ្ធិពលអកម្ម”លើទឹកប្រាក់៧ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ មន្ដ្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ២រូបត្រូវបានជនរងគ្រោះប្ដឹងទៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ភ្នំពេញពីបទ “ជំនួញឥទ្ធិពលអកម្ម”ប្រព្រឹត្ដ នៅរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០១៣ លើទឹកប្រាក់ចំនួន ៧ម៉ឺនដុល្លារពាក់ព័ន្ធទៅ នឹងសេវារត់ការទទួលមកវិញ នូវឯកសារចំណារឧបនាយករដ្ឋមន្ដ្រី ប្រចាំការយល់ព្រម និង ឯកភាពលើ គម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែ រតនា ហាយតិច ។

មន្ដ្រីក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាទាំង២រូបដែលរងនូវ បណ្ដឹងជនរងគ្រោះមាន ឈ្មោះ ១-រស់ សារឹម ភេទប្រុស អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកោះផុសដី ឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដ កណ្ដាល និង២-ឈ្មោះ វ៉ាន ប៊ុនធឿន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិព្រែកសង្កែលិច ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម ។

នៅក្នុងពាក្យបណ្ដឹងរបស់ឈ្មោះអ៊ុន ពីឌិច ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅ បច្ចុប្បន្នផ្ទះលេខ២០E1 ផ្លូវលេខ២១៥ ភូមិ១០ សង្កាត់មិត្ដភាព ខណ្ឌ៧មករា ដាក់ទៅព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញបានបញ្ជាក់ថា កាលពី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ ខ្លួនបាន ប្រគល់ប្រាក់ចំនួន៣ម៉ឺនដុល្លារទៅឱ្យ ឈ្មោះវ៉ាន ប៊ុនធឿន និងចំនួន៤ម៉ឺនដុល្លារ ទៀតបានប្រគល់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ក្នុងនោះមានលិខិតស្នាម បញ្ជាក់ត្រឹមត្រូវ (លិខិតប្រគល់-ទទួល ប្រាក់ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ និងលិខិតមួយទៀតថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ) ។

ជនរងគ្រោះបានបន្ដទៀតថា កាលប្រគល់ប្រាក់ទាំងនេះ គឺជាលក្ខខណ្ឌនៃការ សន្យារបស់ឈ្មោះវ៉ាន ប៊ុនធឿន និង ឈ្មោះរស់ សារឹម ជាមួយខ្លួន ដើម្បីទទួល បានមកវិញនូវឯកសារ ចំណារឧបនាយក រដ្ឋមន្ដ្រីប្រចាំការ យល់ព្រម និងឯកភាពលើគម្រោង វិនិយោគតំបន់សេដ្ឋកិច្ច ពិសេសនិងកំពង់ផែរតនា ហាយតិច ក្នុងរយៈពេលកំណត់ ត្រឹមថ្ងៃ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ។ ប៉ុន្ដែបន្ទាប់ពីបានទទួល ប្រាក់សរុប៧ម៉ឺនដុល្លាររួច ឈ្មោះវ៉ាន ប៊ុន ធឿន និង ឈ្មោះ រស់ សារឹម ពុំបាន យកប្រាក់ទៅប្រើប្រាស់តាមការសន្យា ទេ ទើបមិនអាចប្រគល់ឯកសារទាំងនោះ មកខ្លួនវិញបាន ។ មិនតែប៉ុណ្ណោះអ្នក ទាំង២បានព្យាយាមគេចវេះមិនព្រម ប្រគល់ប្រាក់មកវិញ ដែលទង្វើនេះធ្វើឱ្យ ខ្លួនខូចខាត និងបាត់បង់ទ្រព្យសម្បត្ដិធ្ងន់ ធ្ងរបន្ថែមទៀត ។

បើតាមការអះអាង ពីមន្ដ្រីនៅក្នុង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា មន្ដ្រីរងនូវបណ្ដឹងនេះ ត្រូវបានចូល ខ្លួន ឆ្លើយបំភ្លឺហើយ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ ក្រោមការសាកសួរពីលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលា ដំបូងរាជធានីភ្នំពេញ ។

នគរវត្ដមិនអាចទាក់ទងបានទេពីលោក វ៉ាន ប៊ុនធឿន និងឈ្មោះ រស់ សារឹម កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្ដែមន្ដ្រីជា ច្រើនបានរិះគន់ថា ទង្វើរបស់អ្នកទាំង២ បានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុង បទល្មើសព្រហ្មទណ្ឌ ព្រមទាំងធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរមកលើអង្គភាព ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ខណៈមានមន្ដ្រីខិលខូច ឆ្លៀតឱកាស ប្រើប្រាស់តួនាទីរបស់ខ្លួន ដើម្បីជំនួញសេវារត់ការ សុទ្ធតែលក្ខណៈ បំពានច្បាប់ ។

ពាក់ព័ន្ធនឹងបណ្ដឹងនេះផងដែរ ជនរង គ្រោះបានសំណូមពរឱ្យព្រះរាជអាជ្ញាអម សាលាដំបូងរាជធានីភ្នំពេញសម្រេច ចោទប្រកាន់ឈ្មោះវ៉ាន់ ប៊ុនធឿន និង ឈ្មោះរស់ សារឹម ដើម្បីចាត់ការតាម នីតិវិធី និងទាមទារសុំឱ្យតុលាការបង្គាប់ ឱ្យអ្នកទាំង២សងប្រាក់ចំនួន៧ម៉ឺនដុល្លារ មកវិញ និងសំណងជំងឺចិត្ដជាទឹកប្រាក់ ចំនួន១ម៉ឺនដុល្លារ ។

គួររំលឹកថា មន្ដ្រីក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាទាំង២រូបខាងលើដែលរងនូវបណ្ដឹង ពីបទ “ជំនួញឥទ្ធិពលអកម្ម” យោងតាម មាត្រា៥៩៥,និង៥៩៦នៃក្រមព្រហ្មទណ្ឌ អាចប្រឈមនិងការផ្ដន្ទាទោសដាក់ពន្ធ នាគារក្នុងរយៈពេល៥ទៅ១០ឆ្នាំ ប្រសិន បើតុលាការរកឃើញថា អ្នកទាំង២ មានពិរុទ្ធភាពដូចការចោទប្រកាន់ពីជន រងគ្រោះខាងលើនេះ ។

កន្លងទៅបញ្ហាអំពើពុករលួយ រឿង រត់ការឯកសារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាតែងមានជាហូរហែ សុទ្ធតែធ្វើឱ្យ ការគ្រប់គ្រងបែបនេះ គ្មានតម្លាភាព ចំពោះអ្នកវិនិយោគទុន ។ ដូច្នេះថ្នាក់ លើគួរតែពិនិត្យបច្ច័យឱ្យបានគ្រប់ជ្រុង ជ្រោយ ចៀសវាងទង្វើដ៏អាក្រក់នេះត្រូវ បានជះឥទ្ធិពលមកដល់ថ្នាក់លើដែល កំពុងយកចិត្ដទុកដាក់កំណែទម្រង់គ្រប់ បែបយ៉ាងនោះ ៕ សុខ ខេមរា


ចែករំលែក៖